អ្វីទៅជា”Visa Bond Pilot Program”? តើកម្ពុជាគួរធ្វើអ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ខាងផ្នែកសេដ្ឋកិច្ច និង ទំនាក់ទំនងការទូត?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការកែលម្អទំនាក់ទំនងជាមួយ
សហរដ្ឋអាមេរិក តាមរយៈសកម្មភាពជាច្រើន រួមមានការបង្ហាញការគាំទ្រនយោបាយអន្តរជាតិ ការចូលរួមក្នុងវេទិកាសន្តិភាព (Board of peace) និងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ក៏បានបង្ហាញនូវការគោរព និងការទទួលស្គាល់តួនាទីលោកប្រធានាធិបតី ដូណាល់ ត្រាំនៅលើឆាកអន្តរជាតិ ដោយស្នើឱ្យពិចារណាផ្តល់ពានរង្វាន់សន្តិភាពពិភពលោកជូនលោកផងដែរ។

ទោះបីជាយ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ កម្ពុជាត្រូវបាន សហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីជាមួយបណ្តាប្រទេសជាច្រើនទៀត ដែលប្រឈមមុខនឹងលក្ខខណ្ឌ “Visa Bond” ដែល ពលរដ្ឋខ្មែរតម្រូវអោយបង់ប្រាក់ដម្កល់ចន្លោះ ៥០០០ ដុល្លារ រហូតដល់- ១៥០០០ ដុល្លារ នៅពេលទទួលបានប្រភេទទិដ្ឋការ B1/ សម្រាប់ធុរកិច្ចជន និង B2 សម្រាប់ភ្ញៀវទេសចរ ទៅកាន់សហរដ្ឋអាមេរិក។ នេះគឺជាវិធានការពង្រឹងច្បាប់អន្តោរប្រវេសន៍ របស់នាយដ្ឋានសន្តិសុខជាតិ ក្រោមរដ្ឋបាលលោក ប្រធានាធិបតី ដូ ណាល់ត្រាំ ដើម្បីធានាថា អ្នកកាន់ទិដ្ឋការ B1/ B2 ត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ ឬបើពុំដូច្នោះទេ ប្រាក់ដម្កល់ ឬ Visa Bond នេះគឺនឹងត្រូវបង្កកជាមោឃៈ។ ប្រាក់ដម្កល់ ឬ Visa Bond នេះត្រូវបានបង្កើតឡើងដំបូងកាលពីអាណត្តិ លោក ប្រធានាធិបតី ដូណាល់ត្រាំងអំឡុងឆ្នាំ ២០២០ តែត្រូវបានផ្អាកទៅវិញក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូរបាយ ឌិន ដែលបានជាប់ឆ្នោតបន្ទាប់។

ការបង្កើត យន្តការឬ កម្មវិធីសាកល្បងដម្កល់ប្រាក់ធានាទិដ្ឋការ ឬ ភាសាអង់គ្លេសហៅថា Visa Bond Pilot Program គឺសម្រាប់បណ្តាប្រទេសដែលត្រូវបានវាយតម្លៃថាមានហានិភ័យខ្ពស់ក្នុងការស្នាក់នៅលើសកំណត់វីសា ឬទិដ្ឋការ ឬបំពានលក្ខខណ្ឌចូលស្នាក់នៅ ក្នុងទឹកដីសហរដ្ឋអាមេរិក។ គួរឱ្យកត់សម្គាល់ថា កម្ពុជា ជាប្រទេសតែមួយក្នុងតំបន់អាស៊ានដែលត្រូវបានអនុវត្តវិធានការនេះ។
ក្រលេកមក កាសែតថៃវិញ បានយកព័ត៍មាននេះ មកបំភ្លៃ វាយប្រហារ បែបប្រជាភិថុ ដោយយកនូវបញ្ហានេះ បំភាន់សាធារណៈជន អោយជឿថា នេះគឺជាច្បាប់ថ្មីស្រឡាង សម្រាប់តែកម្ពុជាប៉ុណ្ណោះ ដែលហេតុផលពិតនោះ គឺថា កម្មវិធីនេះ គឺគ្រាន់តែជា កម្មវិធី សាកល្បង ហើយប្រសិនបើចប់អាណត្តិលោក ដូលណាល់ត្រាំ កម្មវិធីនេះច្បាស់ជាត្រូវបានបក្ស ប្រជាធិបតេយ្យ វិចខ្ចប់ បោះចូលទៅធុងសម្រាមហើយ។

តាមការវិភាគរបស់អ្នកជំនាញ មូលហេតុសំខាន់ៗដែលអាចនាំឱ្យកម្ពុជារួមចូលក្នុងបញ្ជីបណ្តាប្រទេសទាំងនេះ វាអាចបណ្តាលមកពី អត្រាស្នាក់នៅលើសកំណត់វីសា(ទិដ្ឋការ)របស់ពលរដ្ឋខ្មែរ ការព្រួយបារម្ភអំពីចលនាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលជាបញ្ហាដ៏ក្តៅគគុក ការគ្រប់គ្រងឯកសារអត្តសញ្ញាណបុគ្គល និងកម្រិតសហប្រតិបត្តិការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកនៅមានកម្រិត។ លើសពីនេះ កត្តាភូមិសាស្ត្រនយោបាយ ដូចជាការទំនាក់ទំនងជិតស្និទ្ធជាមួយ ចិន ក៏អាចមានឥទ្ធិពលលើការសម្រេចចិត្តផងដែរ។

អ្នកវិភាគនយោបាយក្នុងស្រុកមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះក្រោមហេតុផលឯកជនភាព លោកបានយល់ឃើញថា ការដាក់កម្ពុជានៅក្នុងតារាងបណ្តាប្រទេសទាំងនេះ វាគឺជា យុទ្ធសាស្រ្តនយោបាយភូមិសាស្រ្ត ច្រើនជាង កត្តាផ្សេងៗដែលលើកឡើងខាងលើ។ នេះក៏ដោយសារ ការរឹតបន្តឹងច្បាប់ទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ ហើយពលរដ្ឋកម្ពុជាភាគច្រើនដែលទទួលបាន ប្រភេទ ទិដ្ឋការ(វិសារ)B1/B2 គឺជាបុគ្គលិកអង្គការ បុគ្គលិកស្ថានប័នរដ្ឋ ហើយពួកគាត់វិលត្រលប់មកមាតុភូមិ ជួបជុំគ្រួសារគាត់វិញ ដោយបានអនុវត្តគោលការណ៍ទិដ្ឋការនេះ បានយ៉ាងប្រសើរក្នុងរយះកាល ប្រមាណទសវត្សរ៍កន្លងមកនេះ ។ នៅពេលសួរថាតើអ្វីទៅដែលអាចធ្វើឱ្យកម្ពុជាអាចដកចេញពីបញ្ជីនេះបាន?អ្នកវិភាគនយោបាយដដែលបាន ផ្តល់នូវអនុសាសន៍ តាមរយៈការយល់ឃើញរបស់គាត់ ក្នុងនោះមានដូចជា កម្ពុជាត្រូវសហការ ជាយុទ្ធសាស្រ្ត ពង្រឹងប្រព័ន្ធតាមដានអ្នកធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ផ្តល់ទិន្នន័យ និងការអនុវត្តជាក់ស្តែង ដូចជា ការពង្រឹងប្រព័ន្ធគ្រប់គ្រងចំណាកស្រុក ការកែលម្អប្រព័ន្ធលិខិតឆ្លងដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ សហរដ្ឋអាមេរិក ក្នុងវិស័យច្បាប់ និងសន្តិសុខ។ ការចេញយុទ្ធនាការ បង្រ្កាបភ្នាក់ងារក្នុងស្រុកដែលផ្តល់សេវា ជ្រើសរើសបុគ្គលិកទៅធ្វើការ ឬទៅរស់នៅខុសច្បាប់ ការប្តេជ្ញាទទួលជនអន្តោប្រវេសន៍ខុសច្បាប់ ធ្វើមាតុភូមិនិវិត្តន៍ពួកត្រលប់មកស្រុកកំណើតវិញ។ល។

បើយោងតាម ទស្សនៈរបស់ លោក ថុង ម៉េងដាវីត(Mr.Thong Mengdavid) អនុប្រធានមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាននៃសាកល វិទ្យាល័យ ខេមថិក (CamTech) យល់ឃើញថាកម្មវិធីសាកល្បងដម្កល់ប្រាក់ធានាទិដ្ឋការ ឬ ភាសាអង់គ្លេសហៅថា Visa Bond Pilot Program មានផលប៉ះពាល់ មួយចំនួន។លោកមានប្រសាសន៍ថា “ស្ថានភាពនេះបានកំណត់សមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ជាពិសេសនៅពេលដែលអាជ្ញាធរអាមេរិកកំពុងរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ រួមទាំងការបញ្ជូនមនុស្សដែលពាក់ព័ន្ធនឹងសកម្មភាពអំពើឧក្រិដ្ឋត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ”។ចំនុចទីពីរនោះ លោកបានបង្ហាញពីផ្នែកទំនាក់ទំនងការទូត។ ទោះបីជាមានសញ្ញាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិកក៏ដោយ គោលនយោបាយទិដ្ឋាការតែងតែអភិវឌ្ឍយឺតៗ ហើយមិនត្រូវបានប៉ះពាល់ភ្លាមៗដោយការកែលម្អទំនាក់ទំនងទ្វេភាគីឡើយ។ ចំនុចទីបី លោក ថុង ម៉េងដាវីត លើកពីទស្សនៈយុទ្ធសាស្ត្រនៃបរិយាកាសគោលនយោបាយក្រុងវ៉ាស៊ីនតោនដែលនាំអោយ យន្តការទិដ្ឋាការមួយនេះបង្កើតឡើង។ លោកយល់ឃើញថា សមាជិកមួយចំនួននៃសភាអាមេរិក ដែលអាចមានឥទ្ធិពលដោយសកម្មភាពឡប់ប៊ី (Lobby) ចេញពីក្រុមប្រឆាំងកម្ពុជានៅក្រៅប្រទេស ដោយលើកឡើងពី កង្វល់ចំពោះបញ្ហាមួយចំនួន ដូចជា ការលួចបន្លំ បោកប្រាស់តាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងការរឹតត្បិតសកម្មភាពនយោបាយ។ កង្វល់ទាំងនេះអាចនាំឱ្យមានការត្រួតពិនិត្យតឹងរឹងមកលើកម្ពុជា និងជំរុញឱ្យមានវិធានការទិដ្ឋាការដែលតឹងរឹងជាងមុន។ ជាផលវិបាក លោក ដាវីត ប្រាប់ថា ការរឹតបន្តឹងទាំងនេះក៏នាំឱ្យអ្នករៀបចំគោលនយោបាយអាមេរិកមើលឃើញ នូវ ហានិភ័យ រហូត អនុវត្ត “ការធានាទិដ្ឋាការ (visa bonds)” ។

សរុបជារួមមក បើទោះបីជាកម្ពុជាបានបង្ហាញចេតនាល្អ ក្នុងការកែលម្អទំនាក់ទំនង សហប្រតិបត្តិ ជាមួយសហរដ្ឋអាមេរិក ទាំងថ្នាក់ជាតិ និង អន្តរជាតិក៏ដោយ ការផ្លាស់ប្តូរនយោបាយរបស់សហរដ្ឋអាមេរិកខ្លួនឯង នៅក្នុងជម្លោះសាកល ការប្រទាញប្រទង់ អំណាចអឌ្ឍគោល ជាពិសេស ក្រោម អាណត្តិដឹកនាំ ដោយគណៈបក្សសាធារណៈរដ្ឋ ដែលមានប្រធានាធិបតី ដឹកនាំប្រទេស លោក ដូណាល់ត្រាំ ដើរតួរនាទីយ៉ាងសំខាន់ដើម្បីរក្សាទំនាក់ទំនង សេដ្ឋកិច្ច ទំនាក់ការទូតជាមួយបណ្តាប្រទេសនានា ទាំងនៅក្នុងតំបន់ និង សាកលលោកទាំងមូល។

វង សេរីវឌ្ឍនៈ នាយកអង្គការក្នុងស្រុក និង ជាអ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ ( អតីតបេក្ខជនជ័យលាភី ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងឧបត្ថម ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក – YSEALI ) និងជាបញ្ញវន្តបញ្ចប់ ការសិក្សារអន្តរជាតិ នៅ IFL។

Leave a Reply

Your email address will not be published. Required fields are marked *

nineteen + 18 =

This site uses Akismet to reduce spam. Learn how your comment data is processed.