តើកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអ៊ីរ៉ាក់ទីពីរដែរឬទេជុំវិញបញ្ហាមូលដ្ឋានសមុទ្ររាម?

បញ្ហាចម្រូងចម្រាសជុំវិញការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកមកលើកម្ពុជាថាកំពុងធ្វើវឌ្ឍនភាពតំបន់មូលដ្ឋានសមុទ្ររាមដើម្បីអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធចិនប្រើប្រាស់ជាមូលដ្ឋានយោធាបាននឹងកំពុងក្លាយជាបញ្ហារសើបខ្លាំងក្រោយទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman។ ការបញ្ចេញឥរិយាបថព្រួយបារម្ភលើបញ្ហានេះរបស់សហរដ្ឋអាមេរិកត្រូវបានបដិសេដទាំងស្រុងពីភាគីរដ្ឋាភិបាលកម្ពុជាថាកម្ពុជាមិនអនុញ្ញាតឱ្យវត្តមានយោធាបរទេសណាមួយឈរជើងប្រចាំនៅលើទឹកដីរបស់ខ្លួនឡើយ ដោយអនុលោមតាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។ លើសពីនេះទៀតភាគីកម្ពុជាក៏បានបញ្ជាក់បន្ថែមទៀតដែរថានឹងគ្មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញណាមួយកើតឡើងដើម្បីអនុញ្ញាតឱ្យយោធាបរទេសមានវត្តមាននៅកម្ពុជាឡើយ។ ទោះជាយ៉ាងណា មន្ទិលសង្ស័យឈានដល់ការចោទប្រកាន់មកលើកម្ពុជាពីសំណាក់ភាគីសហរដ្ឋអាមេរិកបានលេចចេញជារូបរាងឡើងកាន់តែច្បាស់បន្តិចម្ដងៗ ចាប់តាំងពីឆ្នាំ២០១៨មកតើអ្វីជាកត្តាជំរុញឱ្យសហរដ្ឋអាមេរិកនៅតែបន្តធ្វើការចោទប្រកាន់មកលើកម្ពុជាជុំវិញបញ្ហាមូលដ្ឋានសមុទ្ររាម?ហើយតើកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអ៊ីរ៉ាក់ទីពីរដែរឬទេជុំវិញបញ្ហាមូលដ្ឋានសមុទ្ររាម?

អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា

មូលហេតុមួយដែលពិបាកប្រកែកបាននោះគឺសហរដ្ឋអាមេរិកកំពុងអនុវត្តនយោបាយអនុត្តរភាពរបស់ខ្លួនដើម្បីធ្វើការខ្ទប់ឥទ្ធិពលរបស់ចិនដែលកំពុងមានមហិទ្ធានុភាពសេដ្ឋកិច្ចនិងទំនាក់ទំនងការទូតល្អប្រសើគួរកត់សំគាល់ខ្លាំងជាមួយបណ្ដាប្រទេសដែលស្ថិតក្នុងគម្រោងការផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ហើយកម្ពុជាក៏ជាប្រទេសដែលស្ថិតក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ែកអាស៊ីអាគ្នេយ៍របស់ចិនផងដែរ។ ឧទាហរណ៍ សហរដ្ឋអាមេរិកបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគីយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកបើកចំហនិងដោយសេរីដែលបានផ្ដួចផ្ដើមដោយប្រទេសជប៉ុននៅឆ្នាំ២០០៧ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងនយោបាយការបរទេសនិងពាណិជ្ជកម្មអន្តរជាតិរវាងបណ្ដាប្រទេសដែលស្ថិតនៅជុំវិញមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលយុទ្ធសាស្ត្រមួយនេះមិនមានប្រទេសចិនចូលរួមជាសហភាគីនោះទេ។ ម៉្យាងវិញទៀត កិច្ចប្រជុំក្រុមប្រទេសទាំង៧ G7 ជាមួយសហគមន៍អឺរ៉ុបនៅដើមខែមិថុនាថ្មីៗនេះក៏បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបក្នុងការដាក់សម្ពាធទៅលើប្រទេសចិនក្រោមហេតុផលរំលោភសិទ្ធិមនុស្សនៅក្នុងខេត្តស៊ិនជាង និងបញ្ហាស្វ័យភាពរបស់កោះតៃវ៉ាន់និងរដ្ឋបាលហុងកុង។ បណ្ដុំប្រទេសទាំង៥ក្នុងតំបន់ឥណ្ឌូចិនរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ាក៏ស្ថិតក្នុងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកក្នុងការប្រើយុទ្ធសាស្រ្តរារាំងឥទ្ធិពលនិងមហិច្ឆតារបស់ប្រទេសចិនពីការក្លាយជាមហាអំណាចពិភពលោក។

ក្នុងទំនាក់ទំនងអន្តរជាតិរវាងកម្ពុជា–អាមេរិកប៉ុន្មានឆ្នាំចុងក្រោយនេះការអនុវត្តគោលនយោបាយការបរទេសរបស់អាមេរិកចំពោះកម្ពុជាបានបង្ហាញតាមរយៈរូបភាពនយោបាយដំបងជាជាងនយោបាយការ៉ុតឧទាហរណ៍តាំងពីឆ្នាំ២០១៨មកអាមេរិកបានបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់កម្ពុជាមិនតិចជាង១០រូបនោះទេដោយចោទពីបទផ្សេងៗក្នុងនោះរួមមាន ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ អំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ដោយឡែក ស្ថិតក្រោមរដ្ឋការលោក ដូណាល់ ត្រាំ នៅឆ្នាំ២០១៨ លោក Mike Pence ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានសរសេរលិខិតផ្ញើជូននាយករដ្ឋមន្ត្រីហ៊ុនសែនបង្ហាញអំពីកង្វល់ទាក់ទងជាមួយនឹងការមានវត្តមានមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅពេលខាងមុខនៅកម្ពុជា។ រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩ ការសែត The Wall Street Journal បានចេញផ្សាយចោទប្រកាន់កម្ពុជាជាផ្លូវការថាកម្ពុជា-ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយដែលអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអាមេរិកនៅភ្នំពេញបានចេញសេចក្តីថ្លែងការណ៍ ស្តីពីការបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល ហើយបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋានវិញ។ ទង្វើទាំងអស់នេះបានបង្ហាញអំពីការមិនទុកចិត្តពីសំណាក់សហរដ្ឋអាមេរិកមកលើជំហរអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធរបស់នយោបាយកម្ពុជា និងអភិបាលកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។

ជាមេរៀនប្រវត្តិសាស្រ្តដែលសហរដ្ឋអាមេរិកគួរចងចាំទុកនោះគឺការសម្រេចចិត្តខុសទាំងមិនមានភាពច្បាស់លាស់មួយក្នុងការចូលវាយប្រហារឈ្លានពានប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣។ ក្រោមរដ្ឋការអតីតប្រធានធិបតីអាមេរិកលោក George W. Bush សហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ប្រទេសអ៊ីរ៉ាក់ថាបានផលិតអាវុធនៃការបំផ្លាញទ្រង់ទ្រាយធំ (Weapons of mass destruction) ការំលោភសិទ្ធិមនុស្សយ៉ាងសាហាវព្រៃផ្សៃ និងការប្រឆាំងនឹងការទាមទាយុត្តិធម៌របស់អង្គការសហប្រជាជាតិ។ ជាលទ្ធផលក្រោយបញ្ចប់សង្គ្រាមរដ្ឋបាលអាមេរិកមិនអាចបង្ហាញនូវភស្ដុតាងច្បាស់លាស់ណាមួយអំពីអ្វីដែលខ្លួនបានធ្វើការចោទប្រកាន់ទៅលើប្រទេសអ៊ីរ៉ាក់ថាបានផលិតអាវុធនៃការបំផ្លាញទ្រង់ទ្រាយធំនោះទេ។ សំណួរមួយដែលយើងអាច ចោទសួរបាននោះគឺ បើប្រទេសអ៊ីរ៉ាក់មានការលបលួចផលិតអាវុធនុយក្លេអ៊ែរពិតមែន ទើបបណ្ដាលឱ្យសហរដ្ឋអាមេរិកសម្រេចចិត្តចូលឈ្លានពាន ចុះចំណែកឯប្រទេសកូរ៉េខាងជើងដែលកំពុងផលិតវិញ ហេតុអ្វីសហរដ្ឋអាមេរិកមិនចោទប្រកាន់ដើម្បីវាយឈ្លានពានដូចប្រទេសអ៊ីរ៉ាក់ទៅវិញ? តើកម្ពុជាអាចនឹងក្លាយទៅជាប្រទេសអ៊ីរ៉ាក់ទីពីរដែរឬទេជុំវិញបញ្ហាមូលដ្ឋានសមុទ្ររាម? សង្ឃឹមថាអត់ទេ! ប៉ុន្តែប្រាកដមែនគឺសហរដ្ឋអាមេរិកអាចនឹងប្រើមូលហេតុមួយនេះបន្ថែមលើការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការរីកដុះដាលនៃអំពើពុករលួយ ដែលជាលេសបបួលសហគមន៍អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មមកលើកម្ពុជាបន្ថែម ដើម្បីកុំឱ្យប្រទេសប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យដ៏តូចមួយនេះមានគោលនយោបាយការបទេស និងគោលជំហរគាំទ្រគូបដិបក្ខរបស់ខ្លួននោះគឺប្រទេសចិន។

ទោះជាយ៉ាងណាសម្រាប់ភាគីចិនវិញមិនបានបញ្ជាក់ពីគោលបំណងរបស់ខ្លួនជាក់លាក់ណាមួយជុំវិញបញ្ហាអនាគតនៃវត្តមានយោធាចិននៅមូលដ្ឋានសមុទ្ររាមក្នុងខេត្តព្រះសីហនុនោះទេ នេះបើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ឹនពិន កាលពីខែកញ្ញា ឆ្នាំ២០២០។ ដូច្នេះហើយ យើងអាចធ្វើការចោទជាសំណួរថាតើអនាគតនៃទឹកដីក្រុងព្រះសីហនុអាចនឹងទទួលរងនូវហានិភ័យនិងអសន្តិសុខសង្គមដោយសារតែអនាគតដែលពិបាកព្យាករណ៍ដឹងថាតើអាចនឹងមានវត្តមានយោធាចិននៅកម្ពុជានិងការកើនឡើងនៃវត្តមានប្រជាជនចិនយ៉ាងសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ផងដែរនោះដែរឬទេ? ឬក៏ តើខេត្តមួយនេះអាចនឹងទទួលបាននៅលាភសក្ការដ៏ប្រសើរក្រៃលែងពីអនាគតស្រមៃមិនទាន់ឃើញនៃវត្តមានមូលដ្ឋានកងយោធាចិន និងគម្រោងវិនិយោគរបស់បណ្ដាក្រុមហ៊ុនចិនដែលមានទំហំជាទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកដែរឬទេ? ម៉្យាងទៀត ការបង្កើតព្រលានយន្តហោះអន្តរជាតិតារាសាគរ ក៏ជាកង្វល់មួយរបស់ពលរដ្ឋខ្មែរមួយចំនួនផងដែរ ដែលប្រទេសចិនអាចនឹងប្រើប្រាស់ព្រលានយន្តហោះមួយនេះក្នុងប្រតិបត្តិការកងទ័ពអាកាស ឬ សម្រាប់ដឹកជញ្ជូនគ្រឿងសព្វាវុធ ប៉ុន្តែ ក្រុមហ៊ុនចិនឈ្មោះថា Union Development Group Co.,Ltd ដែលកំពុងសាងសង់ព្រលានយន្តហោះមួយនេះបានបដិសេធលើការព្រួយបារម្ភមួយនេះថាខ្លួនមានតែគោលដៅធ្វើពាណិជ្ជកម្មប៉ុណ្ណោះ។

ប្រាកដណាស់ ចិនអាចនឹងត្រេកអរយ៉ាងក្រៃលែង បើសិនជាភាគីកម្ពុជាអនុញ្ញាតឱ្យភាគីចិនកសាងមូលដ្ឋានយោធានៅសមុទ្ររាម។ មូលហេតុទីមួយនោះគឺ ចិនអាចពង្រីកឥទ្ធិពលវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងឡើងៗ ក្នុងកាលទេសៈដែលស្របទៅតាមមហិច្ឆតារបស់ខ្លួនដើម្បីក្លាយជាមហាអំណាចទី១លើពិភពលោក។ ទីពីរ ចិនអាចនឹងប្រើប្រាស់មូលដ្ឋានយោធាមួយនេះដើម្បីយកប្រៀបលើគូរប្រកួតរបស់ខ្លួនក្នុងគ្រាអាសន្នណាមួយដែលជម្លោះអាចឈានដល់ការប្រយុទ្ធកើតមានឡើងជាមួយបណ្ដាប្រទេសដែលមានជម្លោះដែនសមុទ្រចិនខាងត្បូងរួមមានប្រទេសព្រុយណេម៉ាឡេស៊ីហ្វីលីពីនតៃវ៉ាន់និងដែលមានហានិភ័យជាងគេនោះគឺប្រទេសវៀតណាមដែលមានព្រំប្រទល់ជាប់កម្ពុជា។ ដោយឡែក ផលប្រយោជន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចក៏ជាកត្តារួមផ្សំមួយផងដែរ ប្រសិនបើកម្ពុជាអនុញ្ញាតឱ្យភាគីចិនកសាងមូលដ្ឋានយោធានៅសមុទ្ររាម ព្រោះរដ្ឋបាលទីក្រុងប៉េកាំងអាចដឹងយ៉ាងច្បាស់ថា ខ្លួនមានទាំងព្រលានយន្តហោះមានទាំងកំពង់ផែមានទាំងចំនួនប្រជាជនចិនរស់នៅច្រើនមានទាំងមូលដ្ឋានយោធាថែមទៀត ប្រាកដណាស់ក្រុងព្រះសីហនុនឹងក្លាយទៅជាទីតាំងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដ៏មានតម្លៃរបស់ចិនដើម្បីដើរឆ្ពោះទៅរកភាពជោគជ័យនៃការអនុវត្តយុទ្ធសាស្រ្តការផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន។

មូលដ្ឋានកងទ័ពអាមេរិកនៅទូទាំងពិភពលោក

រហូតមកដល់សព្វថ្ងៃនេះ មូលដ្ឋានយោធាចិនដែលមានវត្តមាននៅលើទឹកដីបរទេសមានតែមួយប៉ុណ្ណោះគឺនៅប្រទេស Djibouti ដែលស្ថិតនៅឆ្នេរសមុទ្រភាគឦសាននៃទ្វីបអាហ្រិក បើធៀបទៅនឹងមូលដ្ឋានយោធាអាមេរិកដែលមានវត្តមាននៅលើទឹកដីបរទេសវិញ មានសរុបរហូតដល់ទៅប្រមាណ ៧៥០ មូលដ្ឋាន។កត្តានេះអាចធ្វើឱ្យចិនត្រូវគិតគូរពីការចាប់ផ្ដើមពង្រីកឥទ្ធិពលវិស័យយោធារបស់ខ្លួនក្រៅពីការអភិវឌ្ឍវិស័យសេដ្ឋកិច្ចតាមរយៈការបង្កើតមូលដ្ឋានយោធានៅបរទស។ ជាក់ស្ដែង ប្រទេសចិនបាននឹងកំពុងអភិវឌ្ឍកន្លែងឈរជើងកងពលជាបណ្ដើរៗ ដូចជាគម្រោងបង្កើនវត្តមានយោធានៅលើកោះថ្មតូចៗចំនួនបីក្នុងសមុទ្រចិនខាងត្បូងរួមមាន Fiery Cross Reef, Woody Island និង Subi Reef ជាដើម។ ភាពមិនអាចបកស្រាយបានពីបំណងជាក់លាក់របស់ចិននៅក្នុងការកសាងមូលដ្ឋានយោធានៅថ្ងៃអនាគតនៅលើទឹកដីកម្ពុជា និងដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងទៅនឹងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាឆ្នាំ១៩៩៣ ផងដែរនោះ បានធ្វើឱ្យយើងជាប្រជាពលរដ្ឋខ្មែរមានសង្ឃឹមថានឹងគ្មានទេវត្តមានយោធាបរទេសប្រចាំនៅកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ លោក ហ្សង់-ហ្វ្រង់ស័រតាន់ ដែលជាអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិដ៏មានឥទ្ធិពលម្នាក់នៅកម្ពុជាក៏បានលើកឡើងដែរថា លោកជាមនុស្សប្រាកដនិយម លោកមិនជឿទេថាមានមូលដ្ឋានយោធាចិននៅសមុទ្ររាម ដរាបណាមិនទាន់មានភស្ដុតាងច្បាស់លាស់។

សរុបសេចក្ដីមកកម្ពុជាជាប្រទេសតូចមួយដែលស្ថិតនៅកៀកនឹងមហាអំណាចចិនដែលទីតាំងភូមិសាស្រ្តមួយនេះងាយនឹងទទួលរងនូវឥទ្ធិពលពីការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ច យោធា និងនយោបាយការបរទេសរវាងមហាអំណាចចិន និងមហាអំណាចអាមេរិក។កម្ពុជាគួរធ្វើតុល្យភាពគោលជំហរនយោបាយការបរទេសរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុតរវាងមហាអំណាចទាំងពីរ និងដោយផ្ដោតលើផលប្រយោជន៍ជាតិខ្លួនជាធំ។ កម្ពុជាគួរទទួលយកទាំងការរិះគន់បែបស្ថាបនា និងការរិះគន់បែបជាន់ពន្លិចពីគ្រប់មជ្ឍដ្ឋានបរទេស ដើម្បីត្រឡប់មកធ្វើការកែប្រែគោលនយោបាយរបស់ខ្លួនឱ្យកាន់តែប្រសើរ ស្ងាត់ៗតែដើរទៅមុខជានិច្ច។ ប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគួរត្រូវបានកែទម្រង់ឡើងវិញ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីចាស់ ជម្រុះមន្ត្រីអសកម្ម បើកឱកាសដល់អ្នកមានសម្ថភាពពិតប្រាកដចូលបម្រើការងាររដ្ឋ អនុវត្តច្បាប់ប្រឆាំងអំពើពុករលួយយ៉ាងតឹងរឹងបំផុត និងលើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយឱ្យចូលរួមក្នុងវិស័យនយោបាយ។ អ្នកនយោបាយកម្ពុជាទាំងជំនាន់ចាស់ និងជំនាន់ថ្មីគួររួមគ្នាផ្ដោតលើការជជែក ស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជាជាងស្វែងរកចំណុចខ្សោយគូរប្រកួតដើម្បីវាយប្រហារគ្នាទៅវិញទៅមក។ ប្រសិនបើសាមគ្គីភាពនៃប្រព័ន្ធនយោបាយផ្ទៃក្នុងកម្ពុជារឹងមាំហើយ នោះក្ដីសង្ឃឹមនៅតែមានសម្រាប់ប្រទេសដ៏តូចមួយនេះ បើទោះបីជាយើងទទួលរងនូវឥទ្ធិពលពីភូមិសាស្ត្រនយោបាយអន្តរជាតិរវាងមហាអំណាចទាំងពីរក៏ដោយ។

សរសេរដោយ៖Thea Sokna

Bun

Leave a Reply

Your email address will not be published. Required fields are marked *

5 + 12 =

This site uses Akismet to reduce spam. Learn how your comment data is processed.