ជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំង កើនឡើងនៅប្រទេសជាច្រើន តើអាចនឹងក្លាយជាជំងឺរាតត្បាតសកលថ្មីដែរឬទេ?

គិតចាប់ពីខែមករា ឆ្នាំ២០២២មក ករណីជំងឺរលាកថ្លើមលើកុមារ បានហក់ឡើងគួរឱ្យកត់​សម្គាល់ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។ ស្របគ្នានេះ អង្គការសុខភាពពិភពលោក (WHO) និងអាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងបន្តស៊ើបអង្កេតអំពីការផ្ទុះឡើងនៃជំងឺរលាកថ្លើមកុមារដ៏ធ្ងន់ធ្ងរ និងអាថ៌កំបាំង ខណៈករណីប្រហែល៤៥០ ដែលក្នុងនោះកុមារនៅអឺរ៉ុបមានចំនួនច្រើនជាងគេ ហើយរួមទាំងកុមារ​នៅអាម៉េរិក តំបន់ប៉ាស៊ីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍ នេះបើ​តាមការអះអាងរបស់​អង្គការសុខភាពពិភពលោក (WHO)។

បច្ចុប្បន្ន មន្ត្រីសុខាភិបាល​អង់គ្លេស និង មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ​អាម៉េរិក (CDC) កំពុងស៊ើបអង្កេតលើ​ករណីផ្ទុះជំងឺធ្ងន់ធ្ងរបែបនេះលើកុមារដ៏ច្រើន ដោយមិនដឹងពីដើមហេតុដំបូង។ ជំងឺរលាកថ្លើមភាគច្រើនកើតឡើងពីការឆ្លងវីរុសចូលទៅក្នុងថ្លើម។ ជាទូទៅ វីរុសបង្កជំងឺ​រលាកថ្លើមមាន ៥ប្រភេទ គឺវីរុសរលាកថ្លើមប្រភេទ A, B, C, D, និង E។​ ជំងឺរលាកថ្លើមឬ Hepatitis គឺបណ្តាលមកពីការឆ្លងមេរោគ ហើយជាទូទៅកម្រកើតមានចំពោះកុមារដែលមានសុខភាពល្អណាស់។

​ករណីមិនធម្មតានេះ បានបង្កឲ្យមានការយកចិត្តទុកដាក់ទូទាំងពិភពលោក ជាលើកដំបូងក្នុងខែមេសា នៅពេលដែលអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រាយការណ៍អំពីការរកឃើញជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំងក្នុងអត្រាមិននឹកស្មានដល់។ វេជ្ជបណ្ឌិត Winita Hardikar អ្នកជំនាញខាងក្រពះពោះវៀននៅទីក្រុង Melbourne បានឲ្យដឹងថា ករណីបែបនេះកម្រកើតមានណាស់។

ថ្វីបើកុមារភាគច្រើនបានជាសះស្បើយពីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះក៏ដោយ ប៉ុន្តែភាពធ្ងន់ធ្ងរនៃករណីថ្មីៗ ដែលភាគច្រើនកើតឡើងចំពោះកុមារអាយុក្រោម៥ឆ្នាំ បានធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំង។ កុមារភាគច្រើនបានរាយការណ៍អំពីរោគសញ្ញាក្រពះពោះវៀន រួមទាំងឈឺពោះ រាគ និងក្អួត ផងដែរ មុនពេលវិវត្តទៅជាជំងឺខាន់លឿង។
ប្រហែល១០ភាគរយ​នៃ​ករណីទាំងអស់, កុមារ​ត្រូវ​ការ​ប្តូរ​ថ្លើម ហើយ​យោង​តាម​មជ្ឈមណ្ឌល​ការពារ​និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប, កុមារចំនួន១១នាក់​បាន​ស្លាប់។ ករណីត្រូវបានរកឃើញនៅក្នុងប្រទេសជាង ២០ រួមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល ឥណ្ឌូណេស៊ី និងជប៉ុនផងដែរ។

យ៉ាងណាមិញ ចំពោះករណីរលាកថ្លើមកុមារទាំងនេះ អ្នកជំនាញ មិនបានរកឃើញថាបង្កដោយប្រភេទវីរុស​ទាំងនោះ​ឡើយ។ ជំងឺរលាកថ្លើមអាចបង្កដោយកត្តារួមផ្សំផ្សេងទៀតដូចជា ការទទួលទាន​ស្រា ជាតិពុល និងការប្រើឱសថច្រើនពេកជាដើម។ ប៉ុន្តែកុមារដែលកើតជំងឺរលាកថ្លើមមិន​មានទាក់ទងនឹង​កត្តាទាំងនេះឡើយ។ ដោយការមិនទាន់ដឹងពីមូលហេតុច្បាស់បែបនេះ មន្ត្រី​សុខាភិបាល​អង់គ្លេស ​និងមជ្ឈមណ្ឌល​គ្រប់គ្រងនិងបង្ការជំងឺ​អាម៉េរិក (CDC) ក៏បានស៊ើប​អង្កេតស្វែងរក​ដើមហេតុបង្កឱ្យបានឆាប់​បំផុត។

នៅក្នុងការស្រាវជ្រាវ អ្នកជំនាញបានផ្តោតទៅលើវីរុស (Adenovirus) បង្កជំងឺផ្ដាសាយតូច​ចំពោះកុមារ ថាតើវាមានទំនាក់ទំនងនឹងការបង្កជំងឺរលាកថ្លើមឬទេ។ លើសពីនេះ អ្នក​ជំនាញបានអង្កេតពីទំនាក់ទំនងរវាងជំងឺរលាកថ្លើម និងជំងឺកូវីដ-១៩ ផងដែរ ព្រោះស្រប​ពេលករណី​ជំងឺកូវីដ-១៩ លើកុមារកើនឡើងនោះករណីនៃជំងឺកុមារផ្សេងៗទៀត ដូចជាជំងឺ​ផ្ដាសាយជាដើមក៏មានអត្រាកើនឡើង។

ជាក់ស្ដែង កុមារដែលបានរកឃើញថាមានជំងឺ​រលាកថ្លើម ត្រូវបានឱ្យដឹងថាពួកគេទើបតែ​កើតជំងឺកូវីដ-១៩ ប៉ុន្តែវាមិនទាន់បានអះអាងជាក់លាក់ទេថាជំងឺទាំងពីនេះមានទំនាក់ទំនង​នឹងគ្នា។ ក្រៅពីនេះ អ្នកជំនាញក៏បានសិក្សាលើផលប៉ះពាល់ពីបរិស្ថានមកលើការរលាកថ្លើម​ដែរ។
កាលពីពេលថ្មីៗនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ បានធ្វើក្នុបទសម្ភាសន៍ជាមួយទូរទស្សន៍បាយ័ន BTV លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងពី “ការផ្ទុះចេញនូវជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មី កើតឡើងលើកុមារ ដែលមិនទាន់រកមូលហេតុឃើញ”។
តាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រហូតមកដល់ពេលនេះ ករណីជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មី បានកើតឡើង នៅតាមបណ្តាប្រទេសចំនួន ២០ នៅលើសាកលលោក។ តែកម្ពុជាមិនទាន់មានករណីបែបនេះ កើតឡើងនៅឡើយទេ ប៉ុន្តែលោកជំទាវក៏បានបញ្ជាក់ថា មាតាបិតាគ្រប់រូបក៏គួរតែយកចិត្តទុកដាក់ ចំពោះសុខភាពរបស់កូនពួកគេផងដែរ។

គួរជម្រាបថា សព្វថ្ងៃនេះអត្រានៃការបង្កកំណើតរបស់ប្រជាជនកម្ពុជាក៏មានការធ្លាក់ចុះ និងអត្រាប្រជាជនកំណើនប្រជាជនក៏ដូចគ្នាផងដែរ ប្រសិនជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំងមានវត្តមាននៅក្នុងប្រទេសកម្ពុជា វាប្រាកដជាមានផងប៉ះពាល់យ៉ាងខ្លាំងចំពោះកុមារកម្ពុជាយើង ដូច្នេះយើងគួរតែមានការប្រុងប្រយ័ត្នទាំងអស់គ្នា និងតាមដានសុខភាពកូនៗរបស់អ្នកឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា កុមារដែលកើតជំងឺរលាកថ្លើមអាចមានអាការៈមួយចំនួនដូចជា ផ្នែកសនៃគ្រាប់​ភ្នែកប្រែជាពណ៌លឿង មានស្បែកពណ៌លឿង ទឹកនោមពណ៌លឿងចាស់ មានទឹកមុខស្លេក​ស្លាំង ឈឺសន្លាក់ និងសាច់ដុំ ក្ដៅខ្លួនខ្លាំង ឆាប់ហត់ និងមិនសូវឃ្លានអាហារជាដើម៕

អ្នកនិពន្ធ៖ Chim Ratha

Leave a Reply

Your email address will not be published. Required fields are marked *

two × two =

This site uses Akismet to reduce spam. Learn how your comment data is processed.