ដើមហេតុនៃសង្គ្រាម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាមួយនឹងការចូលរួមរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ

ឬសគល់នៃទំនាស់រវាង ជនជាតិជ្វីហ្វនៅអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន វាជាទំនាស់មួយចាស់ជាងគេបង្អស់មួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ ស្ថានការណ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្តឡើងកម្តៅជាថ្មីម្តងទៀត ហើយរឿងនេះវាមិនមែនជារឿងថ្មីនោះទេ វាជារឿងដដែលមកហើយ ។

មែនទែនទៅ នៅតំបន់ភូមិភាគ ដើមបូព៌ាមួយនេះ ពោល គឺចាប់ផ្តើមឡើងតាំងពី ឆ្នាំ១៩៤៨ មកម្ល៉េះ គឺមួយថ្ងៃក្រោយនៃការបង្កើតរដ្ឋអ៊ីស្រាអែល។ ពួកអារ៉ាប់នៅជុំវិញអ៊ីស្រាអែល មិនដែលបំភ្លេចគំនិតណាមួយ ក្នុងការកំទេច និងលប់បំបាត់ប្រទេសជ្វីហ្វមួយនេះ ចេញពីផែនទីពិភពលោកនោះទេ ប៉ុន្តែអ្វីដែលបណ្តាពួកអារ៉ាប់ទំាងនោះ ទទួលបានគឺការបរាជ័យម្តងហើយម្តងទៀត ពីសំណាក់អ៊ីស្រាអែល។

ជាការពិតណាស់ ព្រឹត្តិការណ៍សង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះវាពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកចង់ដឹង ចង់ឮខ្លំាងណាស់ អ្នកខ្លះក៏បានធ្លោយពាក្យផងដែរ ជម្លោះនោះមិនអាចនិងធ្វើការផ្សះផ្សាបានទេ ប្រសិនបើចង់បញ្ចប់ជម្លោះនោះ ទាល់មានភាគីម្ខាងរលាយបាត់ អ៊ីស្រាអែល? ឬ ប៉ាឡេស្ទីន?

ជុំវិញនិងព្រឹត្តិការនេះដែរអ្នកជំនាញជឿជាក់ថា មានអ្នកខ្លះបានដឹង ហើយក៏មានអ្នកខ្លះទៀតមិនដឹងផងដែរ អំពីដើមហេតុ នៃប្រវត្តិសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ។ វាពិតជាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ការកងសាងសន្តិភាពមួយនៅតំបន់ដើមបូព៌ា ជាពិសេស គឺបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលមានជាយូណាស់មកហើយ។ ទោះបីជាអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចុះកិច្ចព្រមព្រៀងអូស្លូ ក៏ដោយ ប៉ុន្តែក្នុងការអនុវត្តជាក់ ស្តែង ខាងអ៊ីស្រាអែល ពួកជ្រុលនិយម មិនយល់ព្រមឲ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ការកាន់កាប់ដែនដីប៉ាឡេស្ទីន ហើយពួកជ្រុលនិយមក៏មិនយល់ព្រមដកខ្លួន ចេញពីដែនដីប៉ាឡេស្ទីន ដែលខ្លួន បានកាន់កាប់នោះទេ ឯខាងប៉ាឡេស្ទីនវិញ ពួកជ្រុលនិយមហាម៉ាស់ និងជីហាត អ៊ីស្លាមីត ដែលមិនព្រមទទួលស្គាល់កិច្ចព្រមព្រៀងអូស្លូនោះ បានបន្តប្តេជ្ញាតាំងចិត្តថា និងធ្វើការ កំទេចអ៊ីស្រាអែលឲ្យទៅជា ផេះជាក់ជាមិនខាន។ ទំាងអស់នេះ សុទ្ធសឹងជាបុព្វហេតុ ដែលធ្វើឲ្យពួកជ្រុលនិយមហាម៉ាស់ បន្តភេរវកម្មអត្តឃាតមកលើភាគីអ៊ីស្រាអែល ជាការឆ្លើយតបអ៊ីស្រាអែល បានវាយប្រហារវិញដោយប្រើយន្តហោះចម្បាំង, រថក្រោះ និងកំាភ្លើងធំ បង្ក្រាបទៅលើប្រជាជនប៉ាឡេស្ទីនដោយមិនរើសមុខ មកដល់និងពេលបច្ចុប្បន្ននេះ។

ចំពោះការវាយប្រហារយ៉ាងភ្ញាក់ផ្អើលដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅជាងពាក់កណ្តាលឆ្នាំ ២០២៣ ដោយដំបូងឡើយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បានបើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលបំផុត លើអ៊ីស្រាអែល ដោយក្រុមយុទ្ធជនរបស់ខ្លួន បានសម្រុកចូលទៅក្នុងសហគមន៍ក្បែរតំបន់ហ្គាហ្សាស្ទ្រីប រួចសម្លាប់អ្នកស្រុក និងចាប់មនុស្សជាចំណាប់ខ្មាំង។ មានមនុស្សជាច្រើន ដែលភ្ញាក់ផ្អើលចំពោះការវាយប្រហារនេះ ហើយចង់ដឹងថា មានរឿងរ៉ាវអ្វីខ្លះពាក់ព័ន្ធនឹងរឿងហេតុនេះ។ ហាម៉ាស់ គឺជាក្រុមសកម្មប្រយុទ្ធឥស្លាមនិយមប៉ាឡេស្ទីន ដែលគ្រប់គ្រងជ្រោយហ្គាហ្សា។ ក្រុមហាម៉ាស់ បានសច្ចាថាបំផ្លិចបំផ្លាញអ៊ីស្រាអែលឲ្យបាន។ ក្រុមនេះបានធ្វើសង្គ្រាមជាច្រើនជាមួយអ៊ីស្រាអែល ចាប់តាំងពីខ្លួនចូលកាន់អំណាចនៅតំបន់ហ្គាហ្សា ក្នុងឆ្នាំ២០០៧។ ក្នុងសង្រ្គាមទាំងនោះ ក្រុមហាម៉ាស់ បានបាញ់ ឬអនុញ្ញាតឲ្យក្រុមផ្សេងទៀត បាញ់រ៉ុកកែតរាប់ពាន់គ្រាប់ដាក់អ៊ីស្រាអែល និងធ្វើការវាយប្រហារសាហាវៗផ្សេងទៀត។ រីឯអ៊ីស្រាអែលវិញ ក៏បានសងសឹកម្តងហើយម្តងទៀតលើក្រុមហាម៉ាស់ ជាមួយនឹងការវាយប្រហារតាមអាកាស ហើយសហការជាមួយអេហ្ស៊ីប ដើម្បីបិទច្រកហ្គាហ្សា ចាប់តាំងពីឆ្នាំ២០០៧មក។ ក្រុមហាម៉ាស់​ ត្រូវបានអ៊ីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏ដូចជាមហាអំណាចផ្សេងទៀត ចាត់ទុកថាជា ក្រុមភេរវកម្ម។

មកដល់ត្រង់ចំណុចនេះមានសំណួរមួយបានលើកឡើងថា តើសហរដ្ឋអាម៉េរិក ឬក៏មហាអំណាចណាមួយផ្សេងទៀត អាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាជម្លោះ ដ៏រំារ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីកសាងសន្តិភាពជូនប្រជាជនទំាងពីរបានទេ?….

ជាការពិតណាស់ ក្នុង​នាម​ជា​សម្ព័ន្ធមិត្តជា​​ប្រវត្តិសាស្ត្រ​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ការ​គាំទ្រ​យោធាយ៉ាង​លឿន​រហ័ស​​ដល់​អ៊ីស្រាអែល​ដែល ​រង​ការ​វាយប្រហារ​ពី​សំណាក់ចលនា​ហាម៉ាស។​ ក្រោយ​ការ​វាយប្រហារ​របស់​ចលនា​ហាម៉ាស​លើ​អ៊ីស្រាអែល​ ​អ្នក​ទទួល​ខុស​ត្រូវ​​គ្រប់​និន្នាការ​នយោបាយ​បានគាំទ្រ​នយោបាយ​អាមេរិកជួយ​ការពារ​​អ៊ីស្រាអែល។​ ​ជំនួយ​យោធា​អាមេរិក​នេះ ជា​ចំណែក​មួយ​នៃ​ការ​ឈ្លានពាន​មក​លើ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន។ នេះ​បើ​តាម​ប្រតិកម្ម​របស់​ចលនា​ហាម៉ាស​ដែល​កាន់​អំណាច​នៅ​តំបន់​ហ្កាហ្សា។ ប្រមុខ​ការ​បរទេស​អាមេរិក​លោក​អង់តូនី​ប្លីងកិន បាន​ពន្យល់​ថា រដ្ឋបាល​អាមេរិក​បាន​ទាក់​ទង​ទៅ​គ្រប់​​ប្រទេស​ដើម្បី​ផ្តល់​​ការគាំទ្រ​ដល់​អ៊ីស្រាអែល​​ដោយ​ប្រើ​អស់​គ្រប់​លទ្ធភាព មធ្យោបាយ​និង​ឥទ្ធិពល​របស់​ខ្លួន​ និង​ធានា​ថា​ជម្លោះ​នេះ​នឹងពុំ​បែក​ខ្ចាយ​ទៅ​ដល់​តំបន់​ផ្សេង។

ត្រង់ចំនុចនេះ តើអាមេរិក​​គាំទ្រ​អ៊ីស្រាអែល​គឺ​ជា​ផលប្រយោជន៍​របស់​ខ្លួនដែរឬយ៉ាងណា?

បើតាមអ្នកជំនាញបានឲ្យដឹងថា កត្តាមួយចំនួនដែលនាំឲ្យអាមេរិកនៅតែគាំទ្រអ៊ីស្រាអែលក្នុងការវាយកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស​ ដោយមិនខ្វល់ថាក្នុងនោះត្រូវមានប្រជាពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត គឺដោយសារតែអាមេរិកផ្ទាល់ មានទំនាក់ទំនងសេដ្ឋកិច្ច និងទទួលបានផលចំណេញពី អ៊ីស្រាអែល ពិសេសនោះគឺជាតំណក់ប្រេងតែម្ដង។ ដោយដំបូងឡើយ អ៊ីស្រាអែលបានចូលរួមជាមួយនឹងសហរដ្ឋអាមេរិកប្រឆាំងទៅនឹងឥទ្ធិពលអតីតរបស់សូវៀត ក្រោយអាមេរិកបានជួយអ៊ីស្រាអែល​ទាំងលើវិស័យយោធានិងថវិកាកាន់តែខ្លាំងដោយផ្អែកលើការយល់ឃើញថា អ៊ីស្រាអែលពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ខ្លួន។ អ្វីដែលជាការកត់សម្គាល់នោះ អាមេរិកមិនបានស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះរវាងអ៊ីស្រា អែលនិងប៉ាឡេស្ទីនត្រឹមត្រូវនោះទេ មិនថាមូលហេតុគឺអ្វីក៏ដោយ ប៉ុន្តែកាយវិកាថ្មីៗបំផុតរបស់វ៉ាស៊ីនតោនបាន បណ្ដាលអោយភាពតានតឹងជាមួយប៉ាឡេស្ទីនក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ បន្តកើនឡើង ក្រោយពីសកម្មភាពគួរអោយភ្ញាក់ផ្អើលជាច្រើនមុននោះដូចជា ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល បន្លាស់ស្ថានទូតអាមេរិកពី Tel Aviv ទៅកាន់ទីក្រុងនេះ ហើយទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រា អែលចំពោះខ្ពង់រាប Golan ដែលគេទន្ទ្រានកាន់កាប់ពីស៊ីរី។

ជាការពិតណាស់ នៅក្នុងអាណត្តិរបស់ប្រធានាធិបតីលោក Joe Biden ទោះបីជាគណៈបក្ស ប្រជាធិបតេយ្យ ឬគណៈបក្សសាធារណៈរដ្ឋឡើងកាន់អំណាចក៏ដោយ ប៉ុន្តែ អាមេរិកតែងតែចេញសេចក្ដីប្រកាសឬមានកាយវិកាដាក់សម្ពាធ និងគ្មានភាពសមស្របសម្រាប់ប៉ាលីស្ទីននោះទេ។ ពិសេសនោះ គួររំលឹកថា​ អាណត្តិរបស់លោក Trump អ្វីគ្រប់បែបយ៉ាងបានដើរបញ្ច្រាសទាំងស្រុង។ ការសម្រេច ចិត្តទាំងអស់របស់លោក Trump សុទ្ធតែបណ្ដាលអោយដំណើរការសន្តិភាពនៅ មជ្ឈឹមបូព៌ាកាន់តែស្មុគស្មាញជាងមុន ក៏ដូចជាបណ្ដាលអោយអរិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ហេតុដូច្នេះ បានជា សាធារណៈមតិអន្តរជាតិចាត់ទុកថា លោក Trump មិនធ្លាប់គោរពការ ស្វែងរកដំណោះស្រាយនយោបាយប្រកបដោយសន្តិភាពសម្រាប់ជម្លោះរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីននោះឡើយ ព្រមទាំងបញ្ចុះតួនាទីរបស់អាមេរិកផ្ទាល់ ខ្លួនក្នុងការដោះស្រាយបញ្ហាសន្តិសុខមួយក្នុងចំណោមបញ្ហាសន្តិសុខដ៏ក្ដៅគគុកបំផុតលើពិភពលោក។

សរុបមក ភាពតានតឹងបានកើនឡើងទៅក្នុងជម្លោះនិកាយដោយចំហរវាងជនជាតិជ្វីហ្វ និងអារ៉ាប់។ ផែនការបែងចែករបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីនឆ្នាំ ១៩៤៧ មិនត្រូវបានអនុវត្ត និងបង្កឱ្យមានសង្គ្រាមប៉ាឡេស្ទីនឆ្នាំ ១៩៤៧-១៩៤៩ ។ ស្ថានភាពបច្ចុប្បន្នរបស់អ៊ីស្រាអែល-ប៉ាឡេស្ទីន បានចាប់ផ្តើមបន្ទាប់ពីការកាន់កាប់របស់យោធាអ៊ីស្រាអែលនៃតំបន់ West Bank និង Gaza នៅក្នុងសង្រ្គាមប្រាំមួយថ្ងៃឆ្នាំ ១៩៦៧ ដែលត្រូវបានគេស្គាល់ថាជាទឹកដីប៉ាឡេស្ទីន។

វឌ្ឍនភាពត្រូវបានធ្វើឡើងឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរជាមួយនឹងកិច្ចព្រមព្រៀង Oslo ឆ្នាំ ១៩៩៣-១៩៩៥ ។ បញ្ហាស្ថានភាពចុងក្រោយរួមមានស្ថានភាពក្រុងយេរូសាឡឹម ការតាំងទីលំនៅរបស់អ៊ីស្រាអែល ព្រំដែន សន្តិសុខ និងសិទ្ធិទឹក ក៏ដូចជាសេរីភាពនៃចលនារបស់ប៉ាឡេស្ទីន និងសិទ្ធិត្រឡប់មកវិញរបស់ប៉ាឡេស្ទីន។ អំពើហឹង្សានៃជម្លោះនៅក្នុងតំបន់ដែលសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនាទូទាំងពិភពលោក—គឺជាប្រធានបទនៃសន្និសីទអន្តរជាតិជាច្រើនដែលទាក់ទងនឹងសិទ្ធិជាប្រវត្តិសាស្ត្រ បញ្ហាសន្តិសុខ និងសិទ្ធិមនុស្ស និងជាកត្តារារាំងដល់វិស័យទេសចរណ៍ និងការចូលទៅកាន់តំបន់នានាដែលមានការប្រកួតប្រជែងយ៉ាងក្តៅគគុក។

សូមជម្រាបថា វិវាទកម្ម អ៊ីស្រាអែល-ប៉ាឡេស្ទីន បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងពង្រីកការវាយលុកតាមផ្លូវគោក ទៅលើជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅភាគកណ្តាលហ្គាហ្សាស្ទ្រីប ខណៈដែលមានការព្រមានថា សង្រ្គាមជាមួយក្រុមហាម៉ាសនឹងបន្តអូសបន្លាយជាច្រើនខែទៅមុខ។ ​ហើយសង្រ្គាមមួយនេះគឺជាទំនាស់ប្រចាំសហស្សវត្សរ៍ មានការពាក់ព័ន្ធ ទៅដល់ភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត សាសនា ពូជសាសន៍ ឧត្តមភាពរបស់ពួកមហាអំណាច និងតំណក់ប្រេងកាតផង! ដែលបច្ច័យទាំងអស់នេះ បានគ្របដណ្ដប់មកលើជីវភាពនយោបាយនៅមជ្ឈឹមបូព៌ាក្នុងរាប់សិបឆ្នាំ ដែលគ្មាននរណាម្នាក់អាចដឹងថាវានឹងបញ្ចប់នៅពេលណា៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

12 − 9 =

This site uses Akismet to reduce spam. Learn how your comment data is processed.