ការនាំជនបរទេសចូលមកចូលរួមកិច្ចការផ្ទៃក្នុងនៃប្រទេសមិនមែនជាសញ្ញាវិជ្ជមាននោះឡើយ

នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាសក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេសសហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពីព័ត៌មានអ្វីបន្ថែមទៀតនោះឡើយដូចជាគោលបំណងនៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។ ទោះបីជាយ៉ាងណាក្ដីលោក
សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានដាក់ការសង្ស័យថា អតីតប្រធានគណបក្សសង្រ្គោះជាតិទៅសហរដ្ឋអាមេរិកក្នុងគោលបំណងជួបជា
មួយមន្រ្តីជាន់ខ្ពស់របស់អាមេរិកដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ។ ជាងនេះទៅទៀតអ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជាបានបន្ថែមទៀតថា “ការដែលក្រុមឧទ្ទាមក្រៅច្បាប់ដែលសម្ដៅដល់ លោក សម រង្ស៊ី ទៅរកជួបមន្ត្រីអាមេរិកជាភស្តុតាងបញ្ជាក់ពីគំនិតអាក្រក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែ
ចង់បំផ្លាញខ្មែរ” តាមរយៈតេឡេក្រាមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ។ ប៉ុន្តែយើងមិនទាន់ដឹងទេថាតើការដាក់ការសង្ស័យនេះជាការពិតឬយ៉ាងណា?

លោក សម រង្សុី បានមកដល់សហរដ្ឋអាមេរិក ថ្ងៃ ១៨ សីហា

ស្របពេលជាមួយគ្នានេះដែរ យើងអាចក្រឡេកទៅមើលប្រត្តិសាស្រ្តមួយចំនួនទាក់ទងទៅនឹងការដឹកដៃជនបរទេសចូលមកផ្ទៃក្នុងរបស់ខ្លួនដើម្បីតែអំណាច។
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែលលោកសានាប្រមុខលន់ ណលដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយសហរដ្ឋអាមេរិកបានធ្វើរដ្ឋប្រហារទម្លាក់
ព្រះបាទ នរោត្ដម សីហនុ ហើយសកម្មភាពទាំងអស់នោះមិនអាចប្រព្រឹត្តទៅបានដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកនោះឡើយរួមទាំងសម្ភារៈ សព្វាវុធ និងថវិកា ប៉ុន្តែជំនួយនេះមិនបានស្ថិតស្ថេររហូតនោះឡើយដោយប្រមាណ ៥ ឆ្នាំក្រោយមកសហរដ្ឋអាមេរិកបានផ្ដាច់ជំនួយទាំងស្រុងជាហេតុឈានទៅ
ដល់ការដួររលំរដ្ឋាភិបាលរបស់សេនាប្រមុខលន់ ណល និងនាំឱ្យពួកខ្មែរក្រហមមានលទ្ធភាពគ្រប់គ្រងប្រទេសទាំងស្រុង
ហើយប្រជាជនកម្ពុជាបានរស់នៅយ៉ាងវេទនាអស់រយៈពេលប្រមាណជិត ៤ ឆ្នាំ និងបាត់បងជីវិតប្រមាណ ១ លាន ៥ សែនទៅ ២ លាននាក់។

រូបភាពនេះគឺជាពេលដែលប្រជាជនកម្ពុជាត្រូវបានពួកខ្មែរក្រហមប្រាប់ឱ្យចាកចេញពីទីក្រុងក្នុងគោលបំណងដើម្បីកុំឱ្យត្រូវគ្រាប់បែករបស់អាមេរិក (ការដួលរលំនៃរបបលន់នល់)

ស្រដៀងទៅនឹងបញ្ហានៅក្នុងប្រទេសកម្ពុជានេះដែរអតីតប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោក Boris Yeltsin ដែលជាប្រធានាធិបតីដំបូងនៃប្រទេសរុស្សីក្រោយការដួររលំនៃសហភាសូវៀតដែលដឹកនាំដោយលោក Mikhail Sergeyevich Gorbachev កាលពីឆ្នាំ១៩៩១ ដែលជាវេលានៃការបញ្ចប់សង្រ្គាមត្រជាក់រវាងអាមេរិក និងសហភាពសូវៀត ផងដែរ។ លោក Boris Yeltsin ជាប្រធានាធិបតីដែលមានទំនាក់ទំនងល្អជាមួយ
នឹងរដ្ឋបាលលោក Bill Clinton ដែលជាហេតុនាំឱ្យមានការលើកឡើងថាការជាប់ឆ្នោត និងទទួលបានការគាំទ្ររបស់លោក Yeltsin នៅក្នុងប្រទេសមានការគាំទ្រពីក្រោយខ្នងរបស់សហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះផងដែរ គឺមានមតិវិជ្ជមាននិងអវិជ្ជមានទៅលើការដឹកនាំរបស់លោក Yeltsin។ ចំពោះមតិវិជ្ជមាននោះត្រូវបានគេជឿថាលោក គឺជាមនុស្សដំបូងដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យមកកាន់ប្រទេសរុស្ស៊ី ប៉ុន្តែផ្ទុយទៅវិញមានមនុស្សមួយក្រុមទៀតជឿថាកត្តាដែលបណ្ដាលឱ្យឈានទៅដល់ការដួររលំនៃសហភាពសូវៀត គឺបណ្ដាលមកពីវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់សភាពសូវៀតដែលនាំមកដោយលោក Yeltsin។ វត្តមានរបស់សហរដ្ឋអាមេរិកត្រូវបានគេជឿថា គឺមិនមែនត្រឹមតែមកក្នុងនាមជួយស្ដារសហភាពសូវៀតនិងស្ថេរភាពក្នុងប្រទេសដោយស្មោះត្រង់នោះទេ ប៉ុន្តែគោលបំណងរបស់គេគឺត្រូវប្រាកដក្នុងចិត្តថាសហភាពសូវៀតដែលជាគូរប្រជែងដ៏ធំរបស់ខ្លួនក្នុងសង្រ្គាមត្រជាក់មិនអាចងើបមក និងក្លាយជាការកម្រាមកំហែងដល់ខ្លួនម្ដងទៀតនោះឡើយ។ យើងមិនអាចដឹងពីហេតុផលពិប្រាកដអំពីគោលបំណងរបស់គេនោះឡើយ ប៉ុន្តែយើងអាចពិចារណាទៅលើបញ្ហានេះផងដែរថា តើសហរដ្ឋអាមេរិកពិតជាមានបំណងជួយគូរប្រជែងរបស់ខ្លួនឱ្យងើបឡើងមកវិញដើម្បីប្រកួតប្រជែងគ្នាម្ដងទៀតឬ?

១-កិច្ចប្រជុំកំពូលលើកដំបូងរវាងលោកBill Clintonនិងលោក Boris Yeltsin នាទីក្រុង Vancouver ថ្ងៃទី ៣-៤ ខែមេសាឆ្នាំ ១៩៩៣
២-បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតលោក Boris Yeltsin បានក្លាយជាប្រធានាធិបតីរុស្ស៊ី
៣-ការដួលរលំនៃជញ្ជាំងប៊ែរឡាំង ជាថ្ងៃបញ្ចប់នៃសង្រ្គាមត្រជាក់

សូមទាញការចាប់អារម្មណ៍ជុំវិញបញ្ហាដែលទើបតែកើតឡើងនាពេលថ្មីៗនេះផងដែរព្រោះពួកយើង បានឃើញនិងជាសាក្សីចំពោះបញ្ហានេះ។ កាលពីប៉ុន្មានថ្ងៃមុននេះសហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនស្ទើរតែទាំងស្រុងពីប្រទេសអាហ្វហ្កានីស្ថាន ដែលបានបន្សល់នូវភាពរ៉ាំរ៉ៃ និងទុក្ខវេទនា
ដល់ប្រជាជនក្នុងស្រុក។ បើយើងក្រឡេកទៅមើលកាលពីអតីតកាលបន្ទាប់ពីអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក George W. Bush ចុះហត្ថលេខាលើច្បាប់សេចក្តីសម្រេចរួមមួយដែលអនុញ្ញាតឱ្យប្រើកម្លាំងប្រឆាំងនឹងអ្នកទទួលខុសត្រូវវាយប្រហារសហរដ្ឋអាមេរិកនៅថ្ងៃទី៩ ខែវិច្ឆកា រួចមកសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមធ្វើការវាយប្រហារទៅលើក្រុមតាលីបង់ដោយបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ដែលមានការគាំទ្រពីសមាជិកអង្គការ NATA ផងដែរ ក្នុងរយៈពេលដ៏ខ្លីរបបតាលីបង់ក៏ត្រូវបានដួររលំប៉ុន្តែវាមិនមែនជាការបញ្ចប់នៃសង្រ្គាមដ៏រ៉ាំរ៉ៃនេះឡើយ។ រហូតមកដល់ឆ្នាំ២០០៤ ការបោះឆ្នោតជាតិជាប្រវត្តិសាស្ត្រជាលើកដំបូងបានប្រព្រឹត្តឡើងក្នុងប្រទេសអាហ្វហ្កានីស្ថាន ជាលទ្ធផលលោក Hamid Karzai បានក្លាយជាប្រមុខរដ្ឋប្រជាធិបតេយ្យដែលជាប់ឆ្នោតដំបូងគេនៅអាហ្វហ្កានីស្ថាន។ ខណៈពេលនោះដែរ Osama bin Laden និយាយថាក្នុងកញ្ចក់ទូរទស្សន៍មួយថា“ យើងចង់ស្តារសេរីភាពជូនជាតិយើងដូចអ្នកបំផ្លាញជាតិយើងដែរ”នាប្រមាណថ្ងៃមុននឹងការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក។ ចាប់តាំងពីពេលនោះមកសង្រ្គាមបានអូសបន្លាយរហូតមកនៅក្នុងប្រទេសមួយនេះ។ រហូតដល់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ មេដឹកនាំអាល់កៃដា
លោក Osama bin Laden ដែលទទួលខុសត្រូវចំពោះការវាយប្រហារ ៩/១១ នៅញូវយ៉ក និងវ៉ាស៊ីនតោនត្រូវបានសម្លាប់ដោយកងកម្លាំងអាមេរិកនៅ
ក្នុងប្រទេសប៉ាគីស្ថាន។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្លាប់លើមេដឹកនាំរបស់ អាល់កៃដាមិនបាននាំឱ្យស្ថានភាពប្រសើរ
ឡើងនោះឡើយទោះបីជាសហរដ្ឋអាមេរិកបានព្យាយាមរៀបចំការបោះឆ្នោះតាមបែបប្រជាធិបតេយ្យដើម្បីជ្រើសរើសមេដឹកនាំក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយមកទល់ពេលនេះក្រុមតាលីបង់បានដណ្ដើមអំណាចបានមកវិញទាំងស្រុងបន្ទាប់ពីការប្រកាសដកទ័ពរបស់សហរដ្ឋអាមេរិកនាប៉ុន្មានខែមុននេះ
ចំណែកឯលោក Ashraf Ghani ដែលជាប្រមុខរដ្ឋាភិបាលនៃប្រទេសហើយមានការគាំទ្រដោយសហរដ្ឋអាមេរិកនោះ បានរត់គេចខ្លួនដោយយកប្រាក់ជាច្រើន
ទៅតាមខ្លួន នេះបើយោងតាមការចុះផ្សាយរបស់កាសែតមួយរបស់ប្រទេសរុស្ស៊ី។ តើការបោះឆ្នោតដោយមានការគាំទ្រដោយពីសហរដ្ឋអាមេរិកពិតជាមានប្រសិទ្ធភាពក្នុងការជ្រើសរើសមេដឹកនាំល្អនិងគ្មានអំពើពុករលួយពិតប្រាកដមែនឬ? ហេតុអ្វីបានជារដ្ឋាភិបាលនៃប្រទេសអាហ្វហ្កានីស្ថានមិនក្រោកឈរប្រឆាំងនឹងក្រុមតាលីបង់? ផ្ទុយទៅវិញអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺថ្នាក់ដឹកនាំបានដឹកលុយគេចចេញពីប្រទេសយករួចខ្លួនទៅវិញ។

១-ក្រុមយុទ្ធជនតាលីបង់បានកាន់កាប់វិមានប្រធានាធិបតីអាហ្វហ្កានីស្ថានបន្ទាប់ពីប្រធានាធិបតីអាស្ហាហ្វហ្គានីបានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃទី ១៥ ខែសីហា
២-ប្រជាជនអាហ្វហ្គានីស្ថានបានព្យាយាមចាកចេញពីប្រទេសបន្ទាប់ពីក្រុមតាលីបង់បានចូលកាន់កាប់
៣-ភាពវឹកវរនៅអាហ្វហ្គានីស្ថាន

សរុបមកការនាំបរទេសចូលមកជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួនមែនមែនជាជម្រើសដ៏ល្អនោះឡើយ ការរួបរួមសាមគ្គី ផ្សះផ្សា អភិវឌ្ឍន៍ជាតិជាជម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជា និងប្រទេសដ៏ទៃទៀតទូទាំងសកលលោក ដូចបុរាណតែងពោលថា “ចង្កឹះមួយបាច់គេកាច់មិនបាក និង សាមគ្គីរស់បែកបាក់សាមគ្គីស្លាប់” វាពិតជាឆ្លុះបញ្ជាំងអំពីទិដ្ឋភាពសង្គមពិតប្រាកដមែន។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

three + 5 =

This site uses Akismet to reduce spam. Learn how your comment data is processed.