សារផ្ដាំប្រាប់ពិភពលោក!កម្ពុជាកំពុងឈឺចាប់ដោយសារគ្រាប់បែកចង្កោមដូច្នេះមិនចង់ឱ្យប្រទេសដទៃរងគ្រោះទៀតទេ

ភ្លាមៗក្រោយមានព័ត៌មានថា អ៊ុយក្រែននឹងទទួលបានគ្រាប់បែកចង្កោមរាប់ម៉ឺនគ្រាប់ក្នុងកញ្ចប់ជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនផ្ដល់ឱ្យ សម្ដេចតេជោ ហ៊ុន សែន បានចេញការអំពាវនាវដល់សមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្ដសហរដ្ឋអាមេរិក សូមជួយទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមនេះនៅក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យសោះ។

តាមរយៈបណ្ដាញសង្គមធ្វីតទ័រនៅថ្ងៃទី១០កក្កដា សម្ដេច ហ៊ុន សែន បានស្នើឱ្យមានការហាមឃាត់លើការប្រើប្រាស់គ្រាប់បែកចង្កោមពីរង្វង់សម្ព័ន្ធមិត្ដអាមេរិក ពិសេសរដ្ឋជាសមាជិករបស់អង្គការណាតូផ្ទាល់តែម្ដង ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដាជាដើម ដែលសុទ្ធសឹងជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម ឱ្យមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបានកុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។

មួយថ្ងៃមុនចេញសារអំពាវនាវតាមបណ្ដាញធ្វីតទ័រ ពោលគឺនៅថ្ងៃទី៩កក្កដា សម្ដេច ហ៊ុន សែន ក៏បានចេញសារតាមតេឡេក្រាមផងដែរ ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចដឹងច្បាស់ប្រទេសកម្ពុជាជាប្រទេសតូច ហើយទន់ខ្សោយ សំឡេងគ្មានទម្ងន់ តែដោយក្ដីអាណិតចំពោះប្រជាជនអ៊ុយក្រែន សម្ដេចសូមអំពាវនាវឱ្យប្រធានាធិបតីអាមេរិកដែលជាអ្នកផ្ដល់ និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួល សូមមេត្ដាកុំប្រើគ្រាប់បែកចង្កោមក្នុងសង្គ្រាម។ ការលើកឡើងដូច្នេះ សម្ដេចថាអ្នករងគ្រោះពិតប្រាកដគឺជាប្រជាជន ពិសេសគឺប្រជាជនអ៊ុយក្រែនតែម្ដង។

សម្ដេចក៏បានបង្ហាញការព្រួយបារម្ភ និងចាត់ទុកថាបើសិនរឿងនេះជាការពិតមែន វានឹងក្លាយជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ ការប្រកាសផ្ដល់ជំនួយជាគ្រាប់បែកចង្កោម ក៏ធ្វើឱ្យសម្ដេចនឹកឃើញដល់បទពិសោធន៍ដ៏សែនឈឺចាប់របស់កម្ពុជា ដែលទទួលរងនូវការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទសវត្សឆ្នាំ១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយផង។

ជាការពិត គ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់លើទឹកដីកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ បើតាមការបញ្ជាក់របស់លោក លី ធុច អនុប្រធានទី១អាជ្ញាធរមីន កម្ពុជានៅសល់ផ្ទៃដីមានគ្រាប់បែកចង្កោមប្រមាណជា៧៣០គីឡូម៉ែត្រក្រឡា ស្មើនឹង២,៥១៤ចម្ការគ្រាប់ ស្ថិតក្នុងរាជធានីខេត្តចំនួន១៨ ដែលមិនទាន់បានបំផ្លាញចោល។ គ្រាប់បែកចង្កោមដែលនៅសេសសល់នេះ គឺជាផែនការអាទិភាពទី២ បន្ទាប់ពីដោះស្រាយបញ្ហាមីនឱ្យអស់នៅឆ្នាំ២០២៥។ កម្ពុជាបានប្រើពេលជាង៣០ឆ្នាំដើម្បីកម្ទេចចោលនូវគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះរួមទាំងគ្រាប់បែកចង្កោមផងដែរ ដែលការណ៍នេះសបញ្ជាក់ថាការប្រើប្រាស់គឺតែមួយពព្រិចភ្នែក ប៉ុន្ដែផលប៉ះពាល់មានរហូតដល់រាប់សិបឆ្នាំឆ្លងជំនាន់ក៏មាន។

ក្នុងនាមជាប្រទេសស្រឡាញ់សន្ដិភាព បានឆ្លងកាត់ និងមើលឃើញពីមហន្ដរាយដ៏សម្បើមនេះ ថ្វីដ្បិតកម្ពុជាមិនទាន់បានក្លាយជារដ្ឋសមាជិកនៃអនុសញ្ញាគ្រាប់បែកចង្កោមក៏ដោយ ប៉ុន្ដែកម្ពុជាគឺជារដ្ឋអង្កេតការណ៍ដែលសកម្មជាងគេក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់ នៅក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម និងបោសសម្អាតទំហំផ្ទៃដីច្រើនជាងគេផងដែរ។ ទន្ទឹមគ្នា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ដ្រជាតិសកម្មភាពមីន២០១៨-២០២៥។ ដូច្នេះ ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន គឺជាសារនយោបាយប្រាប់ពិភពលោកថា កម្ពុជាកំពុងតែឈឺចាប់ និងរងគ្រោះ ហើយមិនចង់ឱ្យប្រទេសដទៃទៀតរងគ្រោះដូចកម្ពុជានោះទេ និងស្នើឱ្យអន្តរជាតិពិចារណាជាមួយគ្នាទៅលើបញ្ហានេះ។

មែនទែនទៅ សូម្បីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ប្រឆាំងនឹងប្រធានាធិបតីអាមេរិកលោក ចូ បាយដិន ចំពោះការសម្រេចចិត្ដបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនផងដែរ។ លោក ត្រាំ បានទាំងនិយាយថា លោក បាយដិន កំពុងអូសអាមេរិកទម្លាក់ក្នុងសង្គ្រាមលោកលើកទី៣ តាមរយៈការសម្រេចចិត្ដដ៏ចម្រូងចម្រាសនេះ។

លោក ត្រាំ លើកឡើងដូច្នេះថា “ចូ បាយដិន មិនគួរទាញយើងឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ ដោយបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនទេ ពោលគឺគាត់គួរតែព្យាយាមបញ្ចប់សង្គ្រាម បញ្ឈប់ការស្លាប់ និងការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់ដែលបណ្ដាលមកពីរដ្ឋបាលអសមត្ថភាព។

គ្រាប់បែកចង្កោមដែលមិនផ្ទុះអាចនឹងសម្លាប់ និងបំផ្លាញមនុស្សទាំងប្រុស ទាំងស្រី រួមទាំងកុមារ នៅរយៈពេលរាប់ទសវត្សខាងមុខទៀតបន្ទាប់ពីសង្គ្រាម។” ការបញ្ជាក់របស់លោក ត្រាំ ក៏ដូចនឹងអ្វីដែលសម្ដេច ហ៊ុន សែន បានរៀបរាប់ខាងលើផងដែរ ពីផលប៉ះពាល់នៃគ្រាប់បែកចង្កោម។

លោក ដូណាល់ ត្រាំ រំលេចបន្ថែមទៀតថា “អ្វីដែលលោក បាយដិន បានធ្វើកំពុងក្លាយជាសុបិនអាក្រក់ហួសពីការស្មាន យើងត្រូវតែបញ្ឈប់ភាពឆ្កួតលីលានេះ បញ្ចប់ការបង្ហូរឈាមភ្លាមៗនៅអ៊ុយក្រែន ហើយត្រឡប់ផ្ដោតលើផលប្រយោជន៍សំខាន់ៗរបស់អាមេរិកវិញ។” ដោយឡែក សមាជិកសភាមកពីគណបក្សរបស់លោក បាយដិន ផ្ទាល់ក៏ប្រឆាំងនឹងការផ្ដល់គ្រាប់បែកចង្កោមទៅអ៊ុយក្រែន រួមទាំងច្បាប់អាមេរិកដែលហាមឃាត់ការផលិត និងនាំចេញគ្រាប់បែកចង្កោម ព្រោះថាអត្រាមិនផ្ទុះរបស់វាមានច្រើនជាង១ភាគរយឯណោះ។

គួរជម្រាបថា មានប្រទេសជាង១០០បានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ២០០៨ ស្ដីពីគ្រាប់បែកចង្កោម ដើម្បីហាមឃាត់ការប្រើប្រាស់របស់ពួកគេ រួមទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្ដសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាបារាំង និងចក្រភពអង់គ្លេស។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)ក៏បានរិះគន់យ៉ាងខ្លាំង ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមអ៊ុយក្រែន៕

អ្នកនិពន្ធ៖ Penh Pheng

Leave a Reply

Your email address will not be published. Required fields are marked *

2 × four =

This site uses Akismet to reduce spam. Learn how your comment data is processed.