ល្បែងនយោបាយរបស់គណបក្សប្រឆាំងថ្មីមួយទៀត

កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានធ្វើសន្និសីទព័ត៌មានបង្ហាញថាខ្លួនកំពុងមានគម្រោងចងសម្ព័ន្ធភាពជាមួយគណៈបក្សប្រឆាំងដទៃទៀតនៅក្នុងឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា មានដូចជា ១-គណបក្សភ្លើងទៀន ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្សកែទម្រង់កម្ពុជា ៤-គណបក្សខ្មែរស្រលាញ់ជាតិ ហើយតាមរយៈសារដដែរនោះក៏បានបញ្ជាក់ដែរថា គ ប ម នឹងបន្តទាក់ទងទៅគណបក្សកម្ពុជានិយមបន្ថែមទៀតផងដែរ។ ការណ៍នេះបានធ្វើឱ្យសាធារណជនមានការស្រវាក់ស្រវាន់ជាខ្លាំងអំពីទង្វើ និងសកម្មភាពក្រោយវាំងននរបស់ថ្នាក់ដឹកនាំរបស់បក្សប្រឆាំងទាំងអស់នោះ។

សារតាមរយៈគេហទំព័រផ្លូវការរបស់ គ ប ម

តើអ្វីទៅជាគោលបំណងរបស់ការចងសម្ព័ន្ធភាពនេះ?
ទាក់ទងទៅនឹងគោលបំណងពិតប្រាកដនៃការចងសម្ព័ន្ធនយោបាយ គឺពួកយើងមិនអាចដឹងបាននោះឡើយ ប៉ុន្តែបើយោងទៅតាមសន្និសីទសាព័ត៌មានរបស់ គ ប​ ធ គឺដើម្បីរួមគ្នាប្រជែងយកអាសនៈពីគណបក្សកាន់អំណាចដោយយោងទៅតាមបទពិសោធន៍កាលពីមុនមកបានជួយពួកគេទទួលបានអាសនៈច្រើនជាងពេលដែលខ្លួននៅតែឯង និងកាត់បន្ថយអំណាចរបស់គណបក្សប្រជាជនកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ គ ប​ ធ មិនទាន់បានបញ្ជាក់ថាតើពួកគេចងសម្ព័ន្ធភាពនេះតាមរយៈវិធី ឬក្នុងរូបភាពបែបណានោះឡើយ​ ពោលសហការណ៍គ្នាមុនពេលបោះឆ្នោត ឬក្រោយពេលបោះឆ្នោតរួចរាល់។ ស្របពេលជាមួយគ្នានេះដែរ យោងទៅតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មានដដែរនោះពួកគេនៅមិនទាន់ដឹងអំពីគោលបំណង ឬគោលនយោបាយរួមណាមួយនោះឡើយ។ ដូច្នេះហើយយើងអាចទាញយកសេចក្ដីសន្និដ្ឋានបានថាពួកគេស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ និងមិនទាន់មានខ្សែបន្ទាប់ស្របរួមណាមួយនោះឡើយ។ មេដឹកនាំគណបក្សនយោបាយថ្មី ដែលជាអតីតមន្រ្តីបក្សប្រឆាំងលើកឡើងថា ការរួបរួមគ្នានៃអ្នកប្រជាធិបតេយ្យជារឿងល្អ ប៉ុន្តែអ្នកនយោបាយទាំងនោះនៅស្ទាក់ស្ទើពីការចងសម្ព័ន្ធភាពគ្នានេះ ដោយទាមទារពេលវេលាយូរថែមទៀត។

សន្និសីទព័ត៌មានរបស់គណបក្ស គ ប ម ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២

ល្បែងបានបញ្ចប់មុនពេលចាប់ផ្ដើម៖

ខណៈពេលដែល គ ប ធ បានប្រកាសពីគោលចំហរបស់ខ្លួនស្ដីពីការចងសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំងដទៃទៀត ក្នុងនោះមានគណបក្សភ្លើងទានផងដែរ បានទទួលការរិះគន់មិនសំចៃមាត់ និងបង្ហាញពីការមិនពេញចិត្តអំពីគោលបំណងខាងលើនេះ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មួយថ្ងៃបន្ទាប់ពីសន្និសីទព័ត៌មានរបស់ គ ប ធ រួចមក អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សាត ឬហៅថា ស៊ិន រ៉ូហ្សេត បានចេញមកសម្ដែងនូវការមិនពេញចិត្ត និងបានវាយប្រហារទៅលើចំហរនៃការចងសម្ព័ន្ធភាពនេះដោយបានលើកឡើងថា «កាលៈទេសៈបែបនេះ គ្មានភាពចាំបាច់ណាមួយដែលយើងភ្លើងទៀន ត្រូវចូលរួមជាមួយបក្សណាឡើយព្រោះយើងមិនឆោតទៅចងសម្ព័ន្ធភាពជាមួយអ្នកគ្មានភាពស្មោះត្រង់។ យើងមិនល្ងង់ទៅបូកជាមួយអ្នកដែលវាយប្រហារមេយើង។ សំណើគ្មានយុទ្ធសាស្រ្ត រូបមន្តសេះហោះ គ្មានយុទ្ធសាស្រ្ត។ យើងមិនល្ងង់ទៅចងសម្ព័ន្ធភាពឡើយ»។ ការលើកឡើងខាងលើនេះមិនត្រឹមតែវាយប្រហារដល់ គ ប ធ នោះឡើយ ប៉ុន្តែក៏បានប៉ះពាល់លោកសុន ឆ័យ ដែលជាអ្នកមានឥទ្ធិពលមួយរូបក្នុងការដឹកនាំការបង្កើតនូវសម្ព័ន្ធភាពមួយនេះ។ ជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកឈ្មោះ រាជនី ឆ្នើម ដែលគេជឿជាក់ថាមកពីគណបក្សភ្លើងទានដែរនោះបានលើកឡើងផងដែរថា «ពេលអស់ប្រយោជន៍នាំគ្នារត់ទៅបង្កើតបក្សថ្មី ថែមទាំងវ៉ៃប្រហារគ្មានឈប់គ្មានឈរ ទាំងខ្លួនឯងកើតចេញពីកន្លែងដែលអ្នករត់ចោលរហូតមកដល់ពេលនេះឃើញមានផ្លែមានផ្កា លាស់មែកមកវិញតាំងធ្វើខ្លួនជាបញ្ញើរក្អែកសុំជ្រកខ្លួនមកវិញ សួរថាធ្វើចឹងដើម្បីអ្វី? អ្នកឯងស្រលាញ់ជាតិ ប្រទេស ឬក៏ដើម្បីតែប្រយោជន៍ ឋានៈ? គ្មានអ្វីត្រូវរួមបញ្ចូលគ្នានោះទេ […]។ ការណ៍នេះបានសរបញ្ជាក់ឱ្យឃើញថាមានសកម្មជនរបស់គណបក្សភ្លើងមួយចំនួនមិនពេញចិត្តនឹងសកម្មភាពរបស់ថ្នាក់ដឹកនាំខ្លួននោះឡើយ ដែលជាហេតុអាចនឹងបណ្ដាលឱ្យមានទំនាស់ផ្ទៃក្នុងជាក់ជាមិនខាន។ សូម្បីតែផ្ទៃក្នុងរបស់ខ្លួនមិនអាចគ្រប់គ្រង និងមិនអាចស្វែងរកភាពស្របគ្នាបានផងនោះទម្រាំតែច្របាច់បញ្ចូលគ្នា ៤ ទៅ ៥ បក្សទៀតតើពួកគេអាចគ្រប់គ្រងនិងរួមគ្នាតាមវិធីណា? ឬអាចមានបញ្ហា​ ដណ្ដើមគ្នាគ្រប់គ្រងអំណាចទៀតផង ប្រសិនបើដូចការលើកឡើងរបស់ការចែករំលែករបស់​គណនីហ្វេសប៊ុក រាជនី ឆ្នើម ខាងលើ។

បញ្ហាខាងលើនេះបានសរបញ្ជាក់ឱ្យឃើញថា សម្ព័នភាពមិនទាន់បានចងផង ប៉ុន្តែបញ្ហាសោះកក្រោះជាច្រើនបានលេចចេញបណ្ដើរៗមកហើយ ដោយយើងមិនបានដឹងអំពីបញ្ហាផ្សេងៗទៀតនៅខាងក្រោយវាំងននផង។ បើតាមពាក្យដែលយើងនិយាយសាមញ្ញនោះ គឺល្បែងមិនទាន់បានចាប់ផ្ដើមផង ប៉ុន្តែបានរកឃើញនូវផ្លូវបរាជ័យបាត់ទៅហើយ។

ការចែករំលែកសាររបស់ ស៊ិន រ៉ូហ្សេត
រាជនី ឆ្នើម តាមរយៈហ្វេសប៊ុករបស់ខ្លួន

តើគណបក្សប្រជាជនកម្ពុជាមានការឆ្លើយតបបែបណា?

ខណៈពេលដែលគណបក្សប្រឆាំងបានព្យាយាមពួតដៃគ្នាដើម្បីប្រជែងនឹងគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា «មិនអាចឈ្នះបានទេ» និងបន្តថា «សម្ព័ន្ធភាពគណបក្សចាញ់ឆ្នោត មិនអាចយកឈ្នះបានទេ ព្រោះសមាសភាពបក្សដែលចងសម្ព័ន្ធភាព សុទ្ធតែអ្នកគ្មានគុណសម្បត្តិ និងជាអ្នកចាញ់»។ លោកបន្ថែមថា «ពួកគេយល់ឃើញថា មានសង្ឃឹមនិងឈ្នះ ទើបរួមគ្នាបង្កើតសម្ព័ន្ធភាព តែសំឡេងឆ្នោតអាស្រ័យលើឆន្ទៈប្រជាជន និងគុណសម្បត្តិរបស់សម្ព័ន្ធភាពនោះ មិនស្ថិតលើក្តីសង្ឃឹមទេ»។

សរុបមកការចងសម្ព័ន្ធភាពរវាងគណបក្សប្រឆាំងទាំងអស់នោះអាចនឹងជារឿងល្អផង និងអាក្រក់ផង។ រឿងអាក្រក់នោះពួកគេអាចនឹងមានជម្លោះផ្ទៃក្នុងរហូតដល់បែកបាក់សារជាថ្មីម្ដងទៀត ចំណែកឯរឿងល្អនោះប្រសិនបើពួកគេអាចរួមបញ្ចូលគ្នាបានជោគជ័យនោះ ពួកគេអាចនឹងបានសម្លេងច្រើនជាងមុនដើម្បីរាប់សន្លឹកឆ្នោត ប៉ុន្តែពួកគេនៅតែមិនទាន់ជាគូរប្រជែងរបស់គណបក្សកាន់អំណាចនៅឡើយទេ យោងទៅតាមស្នាដៃ គោលនយោបាយ ធនធាន និងប្រជាប្រិយភាពរបស់គណបក្សនីមួយៗ។

អ្នកនិពន្ធ៖SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

seventeen − 13 =

This site uses Akismet to reduce spam. Learn how your comment data is processed.