តើសង្រ្គាមរុស្សី និងអ៊ុយក្រែនអាចឈានទៅដល់ជាសង្រ្គាមលោកលើទី៣ឬទេ?

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រកាសបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីលោកពូទីនបានប្រកាសទទួលស្គាល់ជាផ្លូវការនូវឯករាជភាពតំបន់អប្បគមចំនួនពីរនៅប៉ែកខាងកើតអ៊ុយក្រែន គឺដូនែតស្ក៍ និងលូហ្កាន់ស្ក៍កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។ ស្របពេលជាមួយគ្នានេះសហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងចាស់ដៃលើទង្វើរបស់លោកពូទីន និងរៀបចំទណ្ឌកម្មថ្មីៗទៀតដើម្បីប្រឆាំងរុស្ស៊ី។

ការធ្វើប្រតិបត្តិការនេះ យើងអាចនិយាយបានថាមិនមែនជាជម្លោះរវាងរុស្សី និងអ៊ុយក្រែនតែប៉ុណ្ណោះទេ ប្រសិនបើយើងមើលឱ្យកាន់តែស៊ីជម្រៅ វាគឺជាជម្លោះរវាងរុស្សី និងសមាជិកនៃអង្គការណាតូ (NATO) ដែលមានប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកជាសមាជិក។ មូលហេតុចម្បងនៃបញ្ហានេះទាក់ទងទៅនឹងការពង្រីកខ្លួនរបស់អង្គការ NATO ឆ្ពោះទៅភាគខាងកើត។ ជាក់ស្ដែងលោក ពូទីន បានបដិសេធជាច្រើនខែមកហើយថា លោកគ្មានគម្រោងណាមួយក្នុងការចូលឈ្លានពានប្រទេសអ៊ុយក្រែននោះឡើយ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ពូទីន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកបានបញ្ជាឱ្យធ្វើ «ប្រតិបត្តិការយោធាពិសេស» ចូលឈ្លានបានអ៊ុយក្រែន ដើម្បីការពារពលរដ្ឋរុស្ស៊ីដែលបានទទួលរងនូវការកម្រាមកំហែងពី «អាវុធប្រល័យពូជសាសន៍» នៅអ៊ុយក្រែនដែលបនប្រទេសនេះនៅតែមានបំណងចូលជាសមាជិកអង្គការណាតូ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើជាអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូពេញសិទ្ធិ នោះគេនឹងមានលទ្ធភាពអនុញ្ញាត្តឱ្យអង្គការណាតូចល័តទ័ព ក៏ដូចជាសព្វាវុធផ្សេងៗនៅក្នុងប្រទេសដែលបង្កការកម្រាមកំហែងជាខ្លាំងដល់ប្រទេសរុស្សីទាក់ទងទៅនឹងផ្នែកសន្តិសុខផ្ទាល់តែម្ដង។

លោកពូទីនក្នុងសុន្ទរកថាតាមទូរទស្សន៍
រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិជាពិសេសប្រទេសនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកបានរួមដៃគ្នាស្វែងរកគ្រប់មធ្យោបាយជាពិសេសការទណ្ឌកម្មលើសេដ្ឋកិច្ចរបស់រុស្សីដើម្បីធានាបានថារុស្សីបានរងភាពអវិជ្ជមានអំពីបញ្ហានេះដូចជាការអនុម៍តដោយអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស កាណាដា អ៊ីតាលី និងសហភាពអឺរុបក្នុងការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធប្រតិបត្តិការធនាគារ Swift ជាដើម។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកក៏បានប្រកាសផ្ដល់នូវជំនួយផ្នែកយោធាដែលគិតជាប្រាក់ប្រហែលប៉ុន្មាន ៣៥០ លានដុល្លាដល់ប្រទេសអ៊ុយក្រែនផងដែរ។ សហភាពអឺរ៉ុបក៏មិនខុសពីសហរដ្ឋអាមរិកនោះដែរ អាលឺម៉ង់ បារាំង ហូឡង់ និងប្រទេសមួយចំនួនទៀតបានប្រកាសផ្ដល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនបន្ទាប់ពីទទួលការឈ្លានពានពីប្រទេសរុស្សី។ ការដាក់ទ័ណ្ឌកម្មលើប្រទេសរុស្សី គឺមិនមែនជាដំណោះស្រាយល្អនោះទេ ទោះបីជាវាបានបង្កភាពអវិជ្ជមានជាច្រើនទៅលើប្រទេសរុស្សីក្ដី។ រុស្សីខ្លួនឯងផ្ទាល់ក៏បានគណនា និងផ្ទៀងផ្ទាត់អំពីបញ្ហានេះមុនរួចទៅហើយមុននឹងបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ហើយទ័ណ្ឌកម្មដែលបានដាក់នេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចរុស្សីនោះទេ ប៉ុន្តែសកលលោកទាំងមូល ជាពិសេសប្រទេសនៅក្នុងតំបន់អឺរ៉ុបផ្ទាល់តែម្ដងតួយ៉ាងសហភាពអឺរ៉ុបបានពឹងផ្អែកលើការនាំចូលឧស្ម័នពីរុស្សីប្រមាណជាង ៤០ ភាគរយ ដូច្នេះហើយវានឹងធ្វើឱ្យមានការប៉ះពាល់ដល់តម្លៃ និងស្ថេរភាពនៃសេដ្ឋកិច្ចរបស់ពួកគេផងដែរ។ ការផ្ដល់នូវជំនួយជាសព្វាវុធផ្សេងៗទៀតទៅកាន់ប្រទេសអ៊ុយក្រែន គឺជាការចាក់សាំងបន្ថែមដែលបង្ហាញពីការគាំទ្ររបស់អ្នកឧបត្ថមទាំងនោះក្នុងការពង្រីកវិសាលភាពនៃសង្រ្គាមជាជាងការចរចាដោយសន្តិវិធី។ ការណ៍នេះអាចនឹងបង្កឱ្យមានការរីករាលដាលនៃសង្រ្គាម ជាពិសេសប្រសិនបើរុស្សីអស់ជម្រើសដូលលោកពូទីនលើកឡើងថា «អ្វីដែលគាត់និយាយស្ដីពីការបាញ់មីស៊ីលមិនមែនជាការកម្រាមកំហែងនោះទេ វានឹងអាចកើតឡើងប្រសិនបើលោកអស់ជម្រើស»។

ក្រឡេកមកមើលលើតួនាទីរបស់ប្រទេសកម្ពុជា ជាពិសេសជាប្រធានប្ដូរវេណនៃកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាគប្បីឆ្លើយតបដោយមានការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តគាំទ្រភាគីទាំងពីរឱ្យចូលតុចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុតដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពដែលមិនមានអ្វីអាចប្ដូរបានឡើយ។ ដូចបានឃើញជាក់ស្ដែងកាលពីពេលថ្មីៗនេះក្នុងឱកាសមហាសន្និបាតមួយរបស់អង្គការសហប្រជាជាតិ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តទាមទារឱ្យរុស្ស៊ី «បញ្ចប់ភ្លាមៗការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ុយក្រែន»។ មេរៀនមួយនេះបានសរបញ្ជាក់ឱ្យយើងឃើញថាហេតុអ្វីបានជាប្រទេសកម្ពុជា ក៏ដូចជាប្រមុខដឹកនាំនៃប្រទេសបានឱ្យតម្លៃយ៉ាងខ្ពស់ទៅលើសន្តិភាព និងឯករាជ្យភាពព្រោះគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ការនាំយកនូវសន្តិភាពមកកាន់ប្រទេស និងប្រជាជនរបស់ខ្លួនជាអ្វីដែលមេដឹកនាំត្រូវធ្វើមុនគេ។ ការដាក់ប្រជាជនរបស់ខ្លួនជាថ្នូលដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ខ្លួនជាទង្វីមិនគប្បីរបស់មេដឹកនាំ។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

eleven + 19 =

This site uses Akismet to reduce spam. Learn how your comment data is processed.