អ្នកវិទ្យាសាស្ត្រព្រមានបិទមន្ទីរពិសោធន៍កងទ័ពជើងទឹក

ក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៖ បានគំរាមកំហែងបិទមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅទីនោះ។ អ្នកវិទ្យាសាស្ត្រលោកខាងលិចបានព្រមានថា សកម្មភាពទាំងនេះអាចនឹងបណ្ដាលឱ្យប៉ះពាល់ដល់ការស្វែងរកមេរោគដែលមានសភាពផ្លាស់ប្ដូរឆាប់រហ័ស ដែលមានលក្ខណៈអាចទប់ស្កាត់នឹងការរាតត្បាតនៃជំងឺគ្រុនផ្តាសាយពិភពលោកដទៃទៀតនាពេលខាងមុខ។

ប្រទេសឥណ្ឌូណេស៊ីបានផ្អាកការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញជោគវាសនានៃអង្គភាពស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តកងទ័ពជើងទឹកលេខ ២ កាលពីខែមុន។ ការណ៍នេះបានកើតឡើងបន្ទាប់ពីអ្នកនយោបាយជាន់ខ្ពស់មួយរូបបានលើកឡើងថា «អង្គភាពស្រាវជ្រាវមួយនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសឥណ្ឌូនេស៊ី និងអាចជាការបិទបាំងសម្រាប់អំពើចារកម្មទៀតផង»។

ស្ថានទូតអាមេរិកបានបដិសេធថា គ្រឿងបរិក្ខារទាំងអស់នោះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងប្រមូលព័ត៌មានសម្ងាត់អ្វីនោះទេ ហើយបានបន្ថែមទៀតថា បុគ្គលិកមន្ទីរពិសោធន៍មួយចំនួនធំ គឺជាជនជាតិឥណ្ឌូនេស៊ីដែលពួកគេបានជួយក្នុងការស្រាវជ្រាវដែលធ្វើឡើងដោយសហការជាមួយមន្ត្រីសុខាភិបាលក្នុងតំបន់។

យោងតាមរបាយការណ៍របស់ស្ថានទូត មន្ទីរពិសោធន៍ស្រាវជ្រាវជីវវេជ្ជសាស្ត្របានបើកដំណើរការនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ ១៩៧០ ហើយបានសិក្សាពីជំងឺត្រូពិច រួមទាំងជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺគ្រុនផ្តាសាយបក្សី។

មន្ទីពិសោធន៍នេះមានបុគ្គលិកប្រមាណ ១៧៥ នាក់ដែលជាអ្នកវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត ពេទ្យសត្វ និងអ្នកបច្ចេកទេស ប៉ុន្តែមានតែ ១៩ នាក់ប៉ុណ្ណោះជាជនជាតិអាមេរិក ក្រៅពីនេះគឺជាជនជាតិឥណ្ឌូនេស៊ី។

មន្ទីរពិសោធន៍ស្រាវជ្រាវរបស់កងទ័ពជើងទឹកនេះក៏មាននៅក្នុងប្រទេសផ្សេងៗទៀតផងដែរដូចជាប្រទេសអេហ្ស៊ីប កេនយ៉ា ប៉េរូ និងប្រទេសថៃផងដែរ។

រដ្ឋមន្ត្រីការពារជាតិលោក Juwono Sudarsono បានមានប្រសាសន៍កាលពីខែមុនថា «ក្រសួងរបស់លោកបានផ្តល់អនុសាសន៍ឱ្យបិទមន្ទីរពិសោធន៍ ដោយសារតែប្រតិបត្តិការរបស់មន្ទីពិសោធន៍នេះមានភាពសម្ងាត់ពេក ហើយមិនស៊ីចង្វាក់គ្នានឹងផលប្រយោជន៍សន្តិសុខរបស់ប្រទេសឥណ្ឌូនេស៊ី»។

វេជ្ជបណ្ឌិត Siti Fadilah Supari រដ្ឋមន្ត្រីសុខាភិបាលក៏បានលើកឡើងដែរថា «លោកស្រីបានផ្តល់អនុសាសន៍ដល់ប្រធានាធិបតី Susilo Bambang Yudhoyono ថាត្រូវតែបិទទ្វារ»។

លោកស្រី Supari បានបន្តទៀតថា “ខ្ញុំបានប្រាប់ប្រធានាធិបតីថា មន្ទីរពិសោធន៍នេះគ្មានប្រយោជន៍ កិច្ចសហប្រតិបត្តិការធ្វើឱ្យខូចដល់អធិបតេយ្យភាពរបស់យើង ហើយវាគួរតែត្រូវបានបិទទ្វា” ។ គាត់បានឆ្លើយតបមកខ្ញុំវិញថា «ឱ្យបិទចុះ ប្រសិនបើខ្ញុំគិតថាគ្មានប្រយោជន៍»។

ក្រសួងការបរទេសបានលើកឡើងថា ការចរចាលើមន្ទីរពិសោធន៍នឹងចាប់ផ្តើមឡើងវិញនៅដើមខែនេះ នៅពេលដែលប្រទេសនេះមាន “ជំហរឯកភាព” លើបញ្ហានេះ។

ប៉ុន្តែអ្នកនាំពាក្យស្ថានទូតអាមេរិក លោក Tristram Perry បាននិយាយថា លោកមិនបានដឹងអំពីកាលបរិច្ឆេទណាមួយសម្រាប់កិច្ចពិភាក្សាដើម្បីបន្តឡើយ។

មន្ត្រីអាមេរិកបាននិយាយជាលក្ខណៈឯកជនថាជម្លោះនេះ គឺជាផ្នែកមួយនៃការជជែកវែកញែកដ៏ធំពាក់ព័ន្ធនឹងការចែករំលែកគំរូមេរោគ រួមទាំងប្រភេទនៃជំងឺផ្តាសាយបក្សី ដែលអង្គការសុខភាពពិភពលោកព្រមានថាអាចកំណត់ការរាតត្បាតជាសកល។

មុនពេលប្រទេសឥណ្ឌូនេស៊ីបានប្រកាសក្នុងខែមករា ឆ្នាំ២០០៧ ថាខ្លួននឹងលែងចែករំលែកគំរូជាមួយប្រទេសផ្សេងៗទៀត មន្ទីរពិសោធន៍កងទ័ពជើងទឹកបានធ្វើការស្រាវជ្រាវលើមេរោគផ្តាសាយធម្មតាពីការផ្ទុះឡើងតាមរដូវ ក៏ដូចជាករណីជំងឺផ្តាសាយបក្សីដែលត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យឥណ្ឌូនេស៊ីផងដែរ។

អ្នកវិទ្យាសាស្ត្រលោកខាងលិចដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃការចរចាជាមួយឥណ្ឌូនេស៊ីបាននិយាយថា «ពេលខ្លះអ្នកធ្វើតេស្តមេរោគ ហើយអ្នកមិនដឹងថាវាជាជំងឺគ្រុនផ្តាសាយបក្សី ឬគ្រុនផ្តាសាយធម្មតា ឬខុសគ្នាទាំងស្រុងនោះទេ»។

អ្នកវិទ្យាសាស្ត្របានលើកឡើងថា ឥឡូវនេះមេរោគទាំងនោះហាក់ដូចជាមិនទៅណាទេសម្រាប់ការធ្វើតេស្ត ដោយបន្ថែមថាមន្ទីរពិសោធន៍ឥណ្ឌូនេស៊ីមិនអាចធ្វើការស្រាវជ្រាវដ៏ទំនើបដែលជនជាតិអាមេរិកអាចធ្វើបាននោះទេ។

នាងបានបន្ថែមទៀតថា «គ្មាននរណាដឹងថាពួកគេជាអ្វីទេ»។ «ប្រហែលជាអាចមានជំងឺរាតត្បាតពីប្រភេទថ្មីមួយទៀត»។

ក្នុងទម្រង់បច្ចុប្បន្នរបស់វា ជំងឺគ្រុនផ្តាសាយបក្សីឆ្លងពីសត្វស្លាប ដែលជាធម្មតាបក្សីឆ្លងទៅមនុស្ស ប៉ុន្តែអត្រាឆ្លងមានកម្រិតទាប។

ឥណ្ឌូណេស៊ីនាំមុខគេលើពិភពលោកដែលមានអត្រាអ្នកស្លាប់ដោយជំងឺផ្តាសាយបក្សីខ្ពស់ ដោយមានយ៉ាងហោចណាស់ ១១០ ករណីដែលត្រូវបានបញ្ជាក់ចាប់តាំងពីឆ្នាំ ២០០៥ នេះបើយោងតាមអង្គការសុខភាពពិភពលោក។

យោងតាមតួលេខរបស់ទីភ្នាក់ងារនេះ មេរោគនេះបានសម្លាប់ជនរងគ្រោះចំនួន ៨១ ភាគរយនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

អ្នកវិទ្យាសាស្ត្របស្ចិមប្រទេសទីពីរបានឡើកឡើងថា ឥណ្ឌូនេស៊ីមានមេរោគផ្តាសាយបក្សីជាច្រើនប្រភេទ ហើយបានបន្តទៀតថាបើគ្មានការស្រាវជ្រាវជាប់លាប់ទេ មេរោគផ្សេងៗដែលងាយឆ្លងទៅមនុស្សអាចនឹងដើរលឿនជាងអ្នកវិទ្យាសាស្រ្ត ហើយនឹងរីករាលដាលយ៉ាងឆាប់រហ័សមុនពេលវ៉ាក់សាំងរួចរាល់។

អ្នកវិទ្យាសាស្ត្រទីពីរនេះបានបន្ថែមថា «មានក្រុមជាច្រើនបានព្យាយាមនាំអ្នកវិទ្យាសាស្ត្រទៅធ្វើការនៅក្នុងមន្ទីរពិសោធន៍ [ឥណ្ឌូនេស៊ី] ហើយមានការតស៊ូនឹងជំងឺទាំងនោះ»។ «នៅទីនោះគឺមានស្មារតីជាតិនិយម»។

បន្ទាប់ពីបានប្រកាសពីការហាមប្រាមលើការចែករំលែកមេរោគ រដ្ឋមន្ត្រីសុខាភិបាល ដែលជាគ្រូពេទ្យឯកទេសជំងឺបេះដូង បានបោះពុម្ពសៀវភៅមួយក្បាល ដែលលោកស្រីបានព្រមានថា «មេរោគណាមួយដែលបានចែករំលែកជាមួយប្រទេសផ្សេងទៀតអាចប្រែទៅជាអាវុធជីវសាស្រ្ត»។

លោកស្រីក៏បានរៀបរាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវជាមួយលោក John E. Lange អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ជំងឺគ្រុនផ្តាសាយរាតត្បាតដែលក្នុងនោះលោកស្រីបានប្រាប់លោក John ថា «វាមិនអាចទៅរួចទេដែលថានឹងមានមនុស្សមួយក្រុមនៅក្នុងប្រទេសអភិវឌ្ឍន៍ដែលឆ្កួតគ្រប់គ្រាន់ដើម្បីរៀបចំមេរោគឡើងវិញ ហើយបង្កើតការផ្ទុះឡើងនៅក្នុងពិភពទីបី»។

សៀវភៅរបស់នាងដែលត្រូវបានលក់យ៉ាងទូលំទូលាយជាភាសាអង់គ្លេស និង Bahasa edition ក៏បានលើកឡើងថា សម្ពាធក្នុងការចែករំលែកមេរោគគឺជាឧទាហរណ៍នៃការកេងប្រវ័ញ្ចធនធានធម្មជាតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

រដ្ឋមន្ត្រីសុខាភិបាលបានសរសេរថា «ពួកគេក៏បានកេងប្រវ័ញ្ចផ្នែកនៃរាងកាយមនុស្សពីប្រជាជននៃប្រទេសដែលគ្មានអំណាច»។ «ពួកគេបានយកឈាមរបស់យើង ពួកគេយកកោសិការបស់យើង ពួកគេយកអង្គបដិប្រាណរបស់យើង»។

«ហើយប្រហែលជាវានឹងកាន់តែគ្រោះថ្នាក់ នៅពេលដែលឈានទៅដល់ទីបញ្ចប់ ពួកគេនឹងយកកោសិកាខួរក្បាលរបស់យើងផងដែរ ដើម្បីធ្វើវិស្វកម្មឡើងវិញដើម្បីបង្កើតទាសករជំនាន់ថ្មី»។

កាលពីខែមករា លោកស្រីបានទទូចថា ការផ្លាស់ប្តូរដើម្បីបញ្ឈប់ការចែករំលែកមេរោគគឺចាំបាច់ដើម្បីការពារប្រទេសក្រីក្រពីក្រុមហ៊ុនឱសថដែលរកប្រាក់ចំណេញ។ ឥណ្ឌូណេស៊ីបានបង្ហាញអំពីការព្រួយបារម្មណ៍របស់ខ្លួនថា វ៉ាក់សាំងដែលផលិតចេញពីមេរោគក្នុងស្រុកនឹងទៅដល់ជនបរទេសមុនគេ ដោយទុកឱ្យប្រជាជនឥណ្ឌូនេស៊ីគ្មានការការពារ ឬចំណេញ។

© រក្សាសិទ្ធិឆ្នាំ ២០០៨ ក្រុមហ៊ុនកាសែត Globe ។

អ្នកបកប្រែ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

ten + eleven =

This site uses Akismet to reduce spam. Learn how your comment data is processed.