អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បរាជ័យក្នុងការបំផ្លាញនយោបាយនៅកម្ពុជា

ជាការពិតណាស់មានការលើកឡើងជាច្រើនអំពីបញ្ហានៃ អង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព ខ្លះទៀតមិនមានសកម្មភាព និង​បង្កើតឡើងក្នុងគោលបំណងអ្វីពិតប្រាកដសម្រាប់កម្ពុជា ។ ទាក់ទិននឺងរឿងរ៉ាវទាំងអស់នេះអ្នកវិភាគនយោបាយនៅក្នុងស្រុកបានលើកឡើងយ៉ាងដូឆ្នេះថា បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយ​ចំនួនដើម្បីវាប្រហារនយោបាយនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ។ កត្តានេះអ្នកវិភាគនយោបាយក្នុងស្រុកជាច្រើនបានលើកយកមកជជែកយ៉ាងព្រោងព្រាត។ ដោយនៅក្នុងគេហទំព័រក្នុងស្រុកល្បីៗមួយចំនួន​បានចេញផ្សាយ ដូចជាគេហទំព័រ BTV News , Fresh news , Dep News ដែលគេដឹងថាមានភាពជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

គូរជម្រាបថាកាលពីថ្មីៗកន្លងទៅ គឺនៅថ្ងៃទី ១៧ ខែ ៥ ឆ្នាំ ២០២៣ គេហទំព័រ BTV News ​បានចេញផ្សាយនៅបទវិភាគមួយ ដោយបានដាក់ចំណងជើងយ៉ាងដូច្នេះថា “ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក កង សាវង្ស “។ ដោយបានពិពណ៌នាយ៉ាងដូច្នេះថា មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានមួយពីមនុស្សមួយក្រុមតូចដែលស្រេចឃ្លានអំណាច​អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ដោយតែងពោលថា ជាបុគ្គលដែលស្រលាញ់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន នោះគឺលោក កង សាវាង្ស ដែលជាបុគ្គលិក ​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ដែល​ជា​អង្គការ​មិនមែនរដ្ឋាភិបាល​ដ៏​ចំណាស់​មួយ​ ដែល​ធ្វើកិច្ច​ការងារពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​តាមរយៈ​ការ​បោះឆ្នោត ចាប់តាំង​ពី​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង​មកម្ល៉េះ និងបក្សពួករបស់លោក។

លោក កង សាវា ង្ស តែងប្រើប្រាស់វោហារសព្វ របស់ខ្លួនដើម្បីបោកប្រាស់ក្រុមមនុស្ស​ស្មោះត្រង់​ដោយតែងតែតាំងខ្លួនជាអ្នកចេះអ្នកដឹងហើយទៅបង្រៀនអ្នកឯទៀត។ ថ្មីៗនេះលោកបានពោលថា «អ្នកខ្លះ​គាត់​លើកឡើង​ថា ​មិនហ៊ាន​ចូល​រួមទេ ដោយសារ​មាន​អាជ្ញាធរ​ក្នុងកន្លែង​ខ្លះ​ បានប្រាប់​ថា ស្ថាប័ន [ខុមហ្វ្រែល] ហ្នឹង​ជា​ស្ថាប័ន​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬក៏​ជា​ស្ថាប័ន​ដែល​ឃុបឃិត​នឹង​បរទេស​អីអ៊ីចឹង។ នេះ​ជារឿង​មួយ​ដែល​មាន​ការ​លំបាក​ដែរ។ ចំណុច​ដែលជា​ឧបសគ្គ​ធំ​សម្រាប់​ស្ថាប័ន​ដែល​បាន​លើកឡើង​ហ្នឹង​ក្នុង​ការ​ផ្តល់​លទ្ធភាព​ជូន​ពលរដ្ឋ​ហ្នឹង​គឺ គាត់​បាន​សម្តែងអំពីការ​ព្រួយបារម្ភ​ក្នុង​ការ​ចូលរួម​ហ្នឹង​ ខ្លាច​ក្រែង​លោ​មាន​ការ​ចោទប្រកាន់​លើ​ពួកគាត់​អី​ជាដើម»។​

បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ លោក កង សាវាង្ស បានលើកឡើងថា «ច្បាប់បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ»។ តើការលើកឡើងរបស់លោកនេះសំអាងទៅលើអ្វីដែរទៅ ឬនិយាយដើម្បីតែបោកប្រាស់អ្នកមិនដឹងរឿង? យោងតាមការស្រាយបំភ្លឺរបស់​ក្រុមប្រតិកម្មព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គ.ជ.ប មិនបានកែប្រែនីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុងច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប។

ដូច្នេះ​ ដើម្បីកុំឱ្យមិនដឹង និងចេះតែនិយាយតទៅទៀត យើងគប្បីគូសរំលេចផងដែរថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ។

គ្រាន់តែយើងជាប្រជាជនធម្មតាទៅបញ្ជាក់អត្តសញ្ញាណប័ណ្ណ ឬសំបុត្រ​កំណើត យើងបានដឹងទៅហើយថា ច្បាប់ដើម ជាតម្រូវការចាំបាច់សម្រាប់បញ្ជាក់​លិខិត​សម្រាប់ការ​ប្រើប្រាស់ជាផ្លូវការណាមួយ ទម្រាំខ្លួនជាអ្នកឈរឈ្មោះបោះឆ្នោតដោយប្រជាលរដ្ឋ និងអ្នកដែលប្រកាស់ក្ដែងៗថា ខ្លួនមានសម្ថភាពបណ្ដុះបណ្ដាលគេនោះ មិនដឹងទេឬទាក់ទង​ទៅនឹងបញ្ហាបញ្ជាក់ផ្លូវការបែបនេះ ស្របពេលដែលមានសេចក្ដីណែនាំជាច្រើន​អមជាមួយ​ទៀត​នោះ បើមិនទាំងដឹងច្បាស់អំពីនីតិវិធីបែបនេះផង តើអាចឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត​ដោយរបៀបណាទៅ? ជាងនេះទៅទៀត ក្រសួងមហាផ្ទៃក៏បានចេញសេក្ដីណែនាំលិខិតលេខ ៨៩៥ សជណ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ត្រេទី១ និងត្រេទី២ ដែលបានគូសបញ្ជាក់ក្នុងការជួយ​សម្របសម្រួលដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណបក្ស​នយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ​សម្រាប់យកទៅប្រើប្រាស់​តាមការចាំបាច់ដោយមិនគិតកម្រៃនោះឡើយ។

បើតាមសេចក្ដីបំភ្លឺរបស់​ គ.ជ.ប លោក កង សាវាង្ស កន្លងមកតែងតែរិះគុណជាបន្ត​បន្ទាប់​មក​លើការរៀបចំ រហូតដល់មិនចូលរួមសង្កេតការណ៍ថ្នាក់ជាតិនៅឆ្នាំ២០១៨ ព្រោះមិនមានបក្សពួករបស់ខ្លួននៅទីនោះ ពោលគឺគណបក្សសង្រ្គោះជាតិត្រូវបានរំសាយចោលដោយដីការរបស់តុលាការ។ រហូតដល់ឆ្នាំ២០២៣ នេះ លោកក៏បានសម្រេចចិត្តចូលរួមសង្កេតការណ៍ឡើងវិញដោយយកហេតុផលថា ដោយសារឆន្ទៈប្រជាពលរដ្ឋ។ យើងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបានគ្រប់គ្នាផងដែរ មិនដូច្នោះទេ លោកអ្នកនឹងមានអាចបោះឆ្នោត​បានដូច​គណបក្សដែល​មិន​អាចចូលរួមបានអញ្ចឹងដែរ ព្រោះប្រទេសមានច្បាប់ដែលគ្រប់គ្នា​ត្រូវតែគោរព មិនមែនចេះតែនឹកឃើញហើយនិយាយនោះឡើយ។

គួររំលឹកថាកាលពីឆ្នាំ ២០២០ កន្លងទៅ អង្គការខុមហ្វ្រែល(Comfrel)​ក៏វាបានបរាជ័យក្នុងការស្ទង់មតិ​ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន។ ទន្ទឹមនឹងគ្នានោះផងដែរគេហទំព័រ Fresh news ​ក៏បានចេញផ្សាយនូវបទវិភាគមួយដោយបានដាក់ចំណងជើងថា “អង្គការខុមហ្វ្រែលវ៉ល់ៗនឹងលទ្ធផលនៃការស្ទង់មតិដែលខុសពីការរំពឹងទុកបែបអវិជ្ជមានរបស់ខ្លួន” ដែលរៀបរាងដោយ៖ ចៅចាក់ស្មុក កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយបានពិពណ៌នាយ៉ាងដូច្នេះថា​ លទ្ធផលនៃការស្ទង់មតិរយៈពេល៧ថ្ងៃ របស់អង្គការខុមហ្វ្រែលដឹកនាំដោយ គល់ បញ្ញា បានបិទបញ្ចប់ជាមួយលទ្ធផល ៧៩% នៃប្រជាពលរដ្ឋចូលរួមបោះឆ្នោតសម្តែងមតិចំនួន ១៣៦០០ គណនីហ្វេសប៊ុកឆ្លើយថា វិធានការ រាជរដ្ឋាភិបាលដោយចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន រ៉ុង ឈុន មិនខុសច្បាប់ និងមិនរំលោភសិទ្ធិមនុស្សឡើយ ខណៈអ្នកថាសកម្មភាពនេះជាការរំលោភច្បាប់និងសិទ្ធិមនុស្សមានត្រឹមតែ ២១% ប៉ុណ្ណោះ។

លទ្ធផលនេះធ្វើឱ្យអង្គការខុមហ្វ្រែលជាពិសេស គល់ បញ្ញា និងមន្ត្រីដទៃទៀតងងឹតមុខឈឹង និងដួលអុកគូថព្រោះលទ្ធផលដែលរំពឹងទុក គឺមានការខុសគ្នាស្រឡះដូចមេឃនិងដី។ ពួកគេបានរៀបចំផែនការរួចជាស្រេច ដើម្បីដុតកំហឹងប្រជាពលរដ្ឋលើករណី រ៉ុង ឈុន ដែលត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។

ប៉ុន្តែផែនការរបស់ពួកគេត្រូវបរាជ័យដោយសារតែប្រជាពលរដ្ឋលេងបណ្តាញហ្វេសប៊ុកចូលបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងគាំទ្រវិធានការរាជរដ្ឋា ភិបាលចាត់វិធានការលើក្រុមជ្រុលនិយមដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពប្រជាពលរដ្ឋ។

ក្រោយការស្ទង់មតិបានបញ្ចប់ អង្គការខុមហ្រ្វែល តាមរយៈលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិរបស់ខ្លួន ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានបង្ហាញការទទួលស្គាល់ការបញ្ចេញ មតិក្នុងការស្ទង់មតិនេះ ប៉ុន្តែនៅវ៉ល់ៗចំពោះលទ្ធផលដោយមិនហ៊ានទទួលស្គាល់ការពិត ហើយព្យាយាមបង្វែងដាន លើលទ្ធផលនេះដោយគ្រាន់តែនិយាយថានេះគឺគ្រាន់តែជាការ បញ្ចេញមតិរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ និងអះអាងថាខ្លួននឹងមិនសរសេររបាយការណ៍ ឬមិនធ្វើអត្ថាធិប្បាយលើលទ្ធផលឡើយ។ ក្រយ៉ៅពិតរបស់អង្គការខុមហ្វ្រែលក៏ដូចជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលមាននិន្នាការប្រឆាំងគឺមិនទទួល ស្គាល់ការពិតឡើយចំពោះអ្វីដែល ពួកគេបានធ្វើ។


ប៉ុន្តែទោះបីជាយ៉ាងណា លទ្ធផលនៃការស្ទង់មតិនេះត្រូវបាន ប្រជាពលរដ្ឋបានដឹងឮគ្រប់ជ្រុងជ្រោយ និងយល់ច្បាស់អស់ហើយ ទោះបីជាអង្គការខុមហ្វ្រែលព្យាយាមលាក់បាំងការពិត ហើយធ្វើហាក់គ្មានអ្វីកើតឡើងយ៉ាង ណាក៏ដោយ។ តាមពិតទៅ ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខ្លះដូចខុមហ្វ្រែលនេះបានលាក់ ពុតត្បុតអាក្រក់ ហើយប្រសិនបើលទ្ធផលនៃការស្ទង់មតិ ផ្តល់អាទិភាពឱ្យពួកគេឈ្នះនោះស្ថានភាពមិនមែនស្ថិតក្នុងដំណាក់កាល ស្ងប់ស្ងៀមឡើយ។ ភាពអាម៉ាស់របស់អង្គការខុមហ្វ្រែលដែល បានរៀបចំការស្ទង់មតិនេះ ហើយមិននឹកស្មានថាមានពលរដ្ឋចូលរួមបោះឆ្នោតបញ្ចេញមតិច្រើន។

ដូច្នេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវហ៊ានទទួលស្គាល់ការពិត មិនមែនចេះតែវាយប្រហារលើរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជាឡើយ គឺទទួលយកបំណងដ៏ពិសិដ្ឋ របស់ពលរដ្ឋដែលចង់បានគឺរស់ក្នុងសុខ សន្តិភាព និងការអភិវឌ្ឍ។ សូមសមាគមនិងអង្គការទាំងឡាយមិនគួរងប់ងុលពេកនឹងមនោគមន៍វិទ្យាដែលបរទេសបំពាក់បំប៉នដើម្បីបម្រើភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍បក្ខពួកខ្លួនឡើយ ។ ពួកគេមិនព្យាយាមរួមចំណែកជួយដោះស្រាយបញ្ហាដោយសុទ្ធចិត្តនោះទេ យុទ្ធសាស្ត្ររបស់គេគឺ «បង្កាត់ភ្លើង ចាក់សាំងបន្ថែម និងចិញ្ជឹមទំនាស់»។

កន្លងទៅ លោក កន សាវាង្ស ដែលគេស្គាល់ថាជាអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែលបានលើកឡើងថា ការសម្រេចចិត្តទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត គឺជា «សិទ្ធិ» មិនមែនជា «កាតព្វកិច្ច» នោះទេ ។ លោកបានបន្ថែមថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ អាចនឹងប៉ពាល់ដល់រដ្ឋធម្មនុញ្ញដែលកំណត់ពីសិទ្ធិ ក្នុងការចូលរួមនយោបាយទៅលើសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ បោះឆ្នោត។

ក៏ប៉ុន្តែជាមួយគ្នានោះ កាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បន្ទាប់ពីរដ្ឋសភាពអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឱ្យក្រុមប្រឆាំងដាច់ផ្ងារ​ អស់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។ សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមាជិករដ្ឋសភាទាំងមូល មានសមាសភាពចំនួន ១១១រូប បានលើកដៃអនុម័តទាំងអស់គ្នា ដោយគ្មានការកែប្រែ លើសេចក្តីព្រាងវិសោធន កម្មច្បាប់បោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ដោយសារក្រុមប្រឆាំង ធ្វើយុទ្ធនាការមិនទៅបោះឆ្នោត ហើយបំផុសចលនា មិនឲ្យទៅបោះឆ្នោត។ សម្ដេច គូសបញ្ជាក់ឱ្យដឹងថា «អរគុណណាស់ ម្សិលមិញ បានសភាអនុម័តច្បាប់ ហើយ កុំសួរថា ម៉េចបានសភាអនុម័តច្បាប់អញ្ចឹង សួរខ្លួនឯងទៅ។ ខ្លួនឯងធ្វើអីបានគេនាំទៅការចេញច្បាប់បែបនេះ។ (ក្រុមប្រឆាំងនិយាយថា) កុំទៅបោះឆ្នោតៗ សិទ្ធិរបស់ខ្ញុំ។ អើ! អញ្ចឹងដាក់ប៉ាច់ទៅ។ អាហ្នឹងមួយកញ្ចប់ដាច់ផ្ងារតែម្តង គឺចប់ ហើយមិនដឹងពេលណាឈ្នះ បានមកកែច្បាប់ហ្នឹងវិញ បើពេលបោះឆ្នោត អត់បានមកឈរឈ្មោះ»។ សម្ដេច បន្ដថា អ្នកមិនបានទៅបោះឆ្នោតសកល ២ដង គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០២៣ និងបោះឆ្នោតឃុំសង្កាត់ ២០២៧ នឹងមិនមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត នៅឆ្នាំ២០២៨ ឡើយ។

សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ពាក់ព័ន្ធបោះឆ្នោត បានកំណត់ជាពិសេស សម្រាប់បុគ្គល ដែលមានបំណង ឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវតែបានចូលរួមបោះឆ្នោត ក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួន ឈរឈ្មោះឱ្យគេបោះឆ្នោត និងបានកំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោត ៕

អ្នកនិពន្ធ៖ SK

Leave a Reply

Your email address will not be published. Required fields are marked *

four × 4 =

This site uses Akismet to reduce spam. Learn how your comment data is processed.