អនាគតនៃទំនាក់ទំនងរវាងសម រង្ស៊ី និង កឹម សុខា

អតីតធ្លាប់ជាគណបក្សមួយដែលតែងត្រូវបានគេហៅថាជា គណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ត្រូវបានរំលាយជាស្ថាពរដោយសាលដីកាតាងនាមប្រជារាស្រ្តខ្មែរត្រឹម៥៣ទំព័ររបស់តុលាការកំពូល ចុះថ្ងៃទី ១៦ វិច្ឆិកា ២០១៧ មុនការបោះឆ្នោតថ្នាក់ជាតិមកដល់ក្នុងឆ្នាំ២០១៨។ គណបក្សសង្គ្រោះជាតិ គឺជាគណបក្សដែលមានដើមកំណើតពីការរួមបញ្ចូលគ្នានៅឆ្នាំ២០១២ មុនការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ រវាងគណបក្សពីរ៖ គណបក្សសមរង្ស៊ី (២៦អសនៈ ២០០៨) ដែលមានលោក សម រង្ស៊ី ជាប្រធានបក្ស និង គណបក្សសិទ្ធិមនុស្ស (៣អសនៈ ២០០៨) ដែលមានលោក កឹម សុខា ជាប្រធានបក្ស។ បើយើងគណនាតាមបែបគណិតវិទ្យាក្នុងការសន្និដ្ឋានទុកជាមុន គណបក្សសង្គ្រោះជាតិគួរទទួលបានត្រឹមតែ២៩អសនៈប៉ុណ្ណោះក្នុងលទ្ធផលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិដណ្ដើមបានរហូតដល់ទៅ៥៥អសនៈដែលហួសពីការរំពឹងទុកចំនួន២៦អសនៈ ទល់នឹង គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច ៦៨អសនៈ។ ថ្វីត្បិតគណបក្សប្រជាជនកម្ពុជាបានយកឈ្នះក្នុងឆ្នាំ២០១៣ក៏ពិតមែន ប៉ុន្តែគណបក្សខ្លួនបានបាត់បង់ការគាំទ្ររហូតដល់ទៅ ២២អសនៈ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ ទទួលបាន៩០អសនៈ។

លទ្ធផលនៃការបាត់បង់ ២២អសនៈ របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ បានអង្រួនបេះដូងនិងស្មារតីក្រុមមេដឹកនាំគណបក្សកាន់អំណាចមិនស្ទើរនោះទេ។ ការធ្លាក់ចុះកម្លាំងគាំទ្រយ៉ាងកំហុកត្រឹមមួយអាណត្តិបែបនេះអាចបណ្ដាលមកពីកត្តាជាច្រើន ក្នុងនោះកត្តាជម្លោះដីធ្លីដែលកំពុងឡើងកំដៅខ្លាំងដូចជាករណីមួយចំនួនបានឈានដល់ការរំលោភបំពានដោយប្រើប្រាស់អំពើហិង្សាក៏ជាមូលហេតុធំមួយផងដែរ នេះបើយោងតាមរបាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅខែធ្នូ ២០១៣។ លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមធ្លាប់បានលើកឡើងថា ‍»ផ្កាដែលវារីកគង់មានថ្ងៃស្រពោន ដោយឡែក ប្រជាប្រិយភាពរបស់គណបក្សនីមួយៗក៏មិនអាចនៅស្ថិតស្ថេររហូតបានដែរ»។ ការប្រមើលមើលពីអនាគតមិនច្បាស់លាស់របស់គណបក្សកាន់អំណាចនៅអាណត្តិបន្ទាប់ វាហាក់បីដូចជាចលករចម្បងមួយដែលគណបក្សប្រឆាំងត្រូវបានរំលាយដោយតុលាការកំពូលក្រោមបទចោទប្រកាន់ពីការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងអនុលោមតាមមាត្រា៦ថ្មី មត្រា៧ និងមាត្រា៤៥ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។

វ័យ ៧២ឆ្នាំ និងជាឥស្សរជននយោបាយជើងចាស់មួយរូប លោក សម រង្ស៊ី បានប្រកាសលាលែងពីដំណែងជាប្រធានគណបក្សសង្គ្រោះជាតិនៅខែ កុម្ភៈ ២០១៧ ក្រោមហេតុផលផ្ទាល់ខ្លួន និងដើម្បីគណបក្ស។ មួយខែក្រោយមក ប្រធានស្ដីទីគណបក្សគឺ លោក កឹម សុខា ត្រូវបានតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិជំនួសលោក សម រង្ស៊ី។ កាន់ដំណែងជាប្រធានបក្សមិនបានមួយឆ្នាំផង លោក កឹម សុខា ក៏ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់នៅខែ កញ្ញា ២០១៧ ពីបទសន្ធិដ្ឋិភាពដោយឃុបឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយយោងតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ រំលងបានពីរខែ គណបក្សសង្គ្រោះជាតិក៏ត្រូវបានរំលាយដោយសាលដីកាសម្រេចរបស់តុលាការកំពូល រួមទាំងហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ ពេលនោះផងដែរ ញត្តិគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិពីស្ថាប័នរដ្ឋាភិបាលគ្រប់ក្រសួង និងស្ថាប័នបានចេញប្រកាសជាបន្តបន្ទាប់។ ដោយឡែក លោក សម រង្ស៊ី វិញត្រូវបាននិរទេសខ្លួនទៅរស់នៅក្នុងប្រទេសបារាំង ដោយអាចសន្និដ្ឋានបានថាបណ្ដាលមកពីមូលហេតុគេចវេសពីបទចោទប្រកាន់មួយចំនួនរួមមាន បទឧបឃាត និងរួមគំនិតក្បត់ បទប្រមាថអង្គព្រះមហាក្សត្រ បទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។

គណបក្សត្រូវបានរំលាយ ប្រធានបក្សទាំងពីររូបត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗ ក្រុមមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រោមឱវាទត្រូវបានហាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ចង់ឬមិនចង់ ប្រាកដណាស់ កម្លាំងគាំទ្រគណបក្សសង្គ្រោះជាតិនឹងមិនអាចស្ថិតស្ថេរនៅគង់វង្សដូចដើមឡើយ បើទោះបីជាអ្នកគាំទ្រគណបក្សមួយនេះនៅបន្តអះអាងថាស្មារតី មនសិការ និងឧត្ដមគតិរបស់ពួកគេមោះមុត ស្អិតរមួតមិនបែកបាក់ក៏ដោយ។ ផ្កាមិនអាចរីករហូត ជាពិសេសនៅពេលដែលឬសរបស់វាត្រូវបានកាត់ផ្ដាច់មិនអាចទ្រទ្រង់ដើមរបស់វាបាន។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ សមាជិកដែលជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយសមាជិកខ្លះបានថែមទាំងរៀបចំបង្កើតគណបក្សថ្មីដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ។ ដោយឡែក លោក សម រង្ស៊ី បាននឹងកំពុងបន្តស្វះស្វែងរកការអន្តរាគមន៍ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាជុំវិញរឿងរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយជាដើម ប៉ុន្តែការខិតខំប្រឹងប្រែងទាំងនោះហាក់មិនមានឥទ្ធិពលអ្វីជាដុំកំភួនមកលើគណបក្សកាន់អំណាចឡើយ។ អ្វីដែលកាន់តែអាក្រក់ទៅទៀតនោះ លោក កឹម សុខា ដែលកំពុងស្ថិតនៅក្រៅឃុំរហូតមកដល់ពេលនេះនៅមិនទាន់មានសិទ្ធិធ្វើនយោបាយនៅឡើយ ហើយក៏បានផ្ដាច់ការទាក់ទងជាមួយលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅស្រុកជាយូមកហើយដែរ។

ឃ្លាតកាយណាយចិត្ត ជាឃ្លាដែលខ្មែរយើងតែងនិយមប្រើក្នុងន័យទំនាក់ទំនងស្នេហា ឬមិត្តភាពដែលជិតស្និត ប៉ុន្តែត្រូវបានបាត់បង់បន្តិចម្ដងៗនៅពេលភាគីទាំងពីរត្រូវបានរស់នៅឃ្លាតឆ្ងាយពីគ្នា។ ទំនាក់ទំនងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ក៏មិនខុសគ្នាឆ្ងាយពីអត្ថន័យនៃឃ្លាដែលបានលើកឡើងដែរ។ ម៉្យាងវិញទៀត ការបង្កើតគណបក្សថ្មីនៃអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរួមមាន គណបក្សខ្មែរស្រលាញ់ជាតិរបស់លោក ជីវ កត្តា និងលោក កង គឹមហាក់ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ ម៉ូនីកា និងលោក គង់ គាំ និងគណបក្សខ្មែរអភិរក្សនិយមរបស់លោក រៀល ខេមរិន្ទ្រ គណបក្សបេះដូងជាត់របស់លោកសៀម ភ្លុក គណបក្សកែទម្រង់កម្ពុជារបស់លោកទិន សៃ គណបក្សកម្ពុជានិយមករបស់លោកអូក អ៊ី មក៏អាចជាសេណារីយ៉ូមួយដែលបង្ហាញថាការខិតខំ ប្ដូរផ្ដាច់ បង្រួបបង្រួម និងពង្រឹងសម្ព័ន្ធភាពផ្ទៃក្នុងបក្សកំពុងមានភាពផុយស្រួយ និងប្រេះស្រាំកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ ការវិលត្រឡប់មកវិញនៃអតីតគណបក្សសង្គ្រោះជាតិពិតជាពិបាកក្នុងការស្រមៃចេញជារូបរាងខ្លាំងណាស់។ មិនយូមិនឆាប់ ក្ដីអស់សង្ឃឹម ភាពគ្មានជំនឿ និងកម្លាំងដើរតស៊ូទៅមុខរបស់អ្នកគាំទ្រនឹងកាន់តែចុះខ្សោយ ព្រោះពួកគាត់គិតថាមេដឹកនាំទាំងពីរមិនអាចរើបម្រាសចេញពីសំណាញ់បទចោទប្រកាន់ពីតុលាការដោយងាយៗនោះទេ ជាឧទាហរណ៍ បើទោះបីជាលោកសម រង្ស៊ី ធ្លាប់បានព្យាយាមធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ ប៉ុន្តែបំណងនោះត្រូវបរាជ័យ ដោយសាររដ្ឋាភិបាលបានបញ្ជាឱ្យបិទគ្រប់ច្រកចេញចូលទាំងអស់ រួមទាំងផ្លូវទឹកនិងផ្លូវអាកាស។ យ៉ាងណាក៏ដោយ មេដឹកនាំពីរ តែយើងមានគោលដៅតែមួយ អ្នកណាថាយើងបែកបាក់ អ្នកនោះមានបំណងមិនល្អ ជាប្រយោគដែលតែងតែត្រូវបាននិយាយចេញពីមាត់របស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។

គណបក្សថ្មីនៃអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ

សមរភូមិប្រជាធិបតេយ្យនៅកម្ពុជាសម្រាប់ពីរអាណត្តិក្រោយទៀត គឺការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ និង ឆ្នាំ២០២៨ មានតែលោក កឹម សុខា និងលោកសម រង្ស៊ីមានឱកាសចាប់ដៃគ្នាតស៊ូប្រកួតប្រជែងជាមួយនឹងគណបក្សប្រជាជនកម្ពុជាម្ដងទៀតទេ ទើបអាចមានសង្ឃឹមក្នុងការយកជ័យជំនះបាន។ ប៉ុន្តែ ម្នាក់នៅក្នុងស្រុកតែគ្មានសិទ្ធិធ្វើនយោបាយ ហើយម្នាក់ទៀតនៅក្រៅស្រុកតែសំណុំរឿងបទចោទប្រកាន់រុំព័ទ្ធខ្លួន ម៉្យាងទៀត អ្វីៗហាក់បីដូចជាយឺតពេលទៅហើយ ព្រោះវ័យកាន់តែចាស់ មានតែពឹងលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន ផ្ទុយទៅវិញ បណ្ដូលថ្នាក់ដឹកនាំមួយចំនួនទាំងនោះបានបែកបាក់គ្នាទៅបង្កើតគណបក្សថ្មីរៀងៗខ្លួន។ ថ្វីត្បិតអតីតប្រធានគណបក្សទាំងពីរមិនបានឈ្លោះប្រកែក ទាស់ទែងខ្វែងគំនិត និងពាក្យសម្ដីនឹងគ្នាក៏ពិតមែន ប៉ុន្តែវាមិនបានន័យថាសម្ព័ន្ធភាពរវាងអ្នកទាំងពីរអាចកាន់ដៃគ្នាធ្វើដំណើរទៅមុខជាមួយគ្នាដូចមុននោះទេ ម៉្យាង បើទោះបីជានៅថ្ងៃអនាគតទំនាក់ទំនងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រឡប់មកដូចកាលមុនក៏ដោយ ក៏ត្រូវការចំណាយពេលយ៉ាងច្រើនក្នុងការស្ដារកម្លាំងគាំទ្ររបស់ខ្លួនឡើងវិញ។ ប៉ុន្តែ សច្ចធម៌ កើត ចាស់ ឈឺ ស្លាប់ ប្រហែលជាអាចជួយឱ្យស្ថានភាពនយោបាយកម្ពុជាយើងប្រសើរឡើងជាមុន ដោយហេតុថាប្រជាធិបតេយ្យកម្ពុជាចាស់ នឹងត្រូវជំនួសដោយប្រជាធិបតេយ្យកម្ពុជាថ្មី នោះគឺបណ្ដូលអ្នកដឹកនាំជំនាន់ក្រោយដែលកំពុងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាមេដឹកនាំដែលមានសមត្ថភាព ប្រកបដោយសីលធម៌និងគុណធម៌ មានទំនួលខុសត្រូវខ្ពស់ និង ស្នេហាជាតិមាតុភូមិនាពេលអនាគត។ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកម្លាំងបរទេសដែលគណបក្សប្រឆាំងពឹងផ្អែកខ្លាំងមែនទែន អាចនឹងមានស្ថានភាពខុសគ្នាទេដឹង?

Written by : Thea Sokna

Leave a Reply

Your email address will not be published. Required fields are marked *

eight − one =

This site uses Akismet to reduce spam. Learn how your comment data is processed.