តើឧបទ្ទវហេតុនៅលើកោះតាងកើតឡើងដោយសារអ្វី?

នៅថ្ងៃទី១២ ឧសភា ១៩៧៥ ដល់ថ្ងៃទី១៥ ឧសភា ១៩៧៥ មានឧបទ្ទវហេតុប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងរបស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នោះជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំលើកទី១បន្ទាប់ខ្មែរក្រហមបានឡើងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែ មេសា ១៩៧៥ ហើយនោះក៏ជាការធ្វើសង្គ្រាមលើកចុងក្រោយរបស់ទាហានសហរដ្ឋអាមេរិកនៅឥណ្ឌូចិនបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសង្គ្រាមវៀតណាមនៅក្នុងឆ្នាំ១៩៧៣។ មានមតិលើកឡើងខុសៗជាច្រើនទាក់ទងនឹងឧបទ្ទវហេតុនោះ។ សហរដ្ឋអាមេរិកក៏បានបង្កើតគណៈកម្មការស្រាវជ្រាវប្រវត្តិនៃជម្លោះនិងការខូចខាតបណ្តាលមកពីការប្រយុទ្ធគ្នានោះផងដែរ។
កម្មវិធីសូមលើកយកចំនុចមួយចំនួននៃការប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងជូនលោកអ្នកជ្រាបដូចតទៅនេះ៖

 

ទីតាំងភូមិសាស្ត្រកោះតាង
កោះតាងជាកោះមួយក្នុងចំណោមកោះ និងកូនកោះទាំង៦៤ ស្ថិតនៅក្នុងដែនទឹកសមុទ្រនៃប្រទេសកម្ពុជា។ កោះតាងស្ថិតនៅប៉ែកនិរតី និងមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងជាកោះមួយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ និងខេត្តព្រះសីហនុ។ កោះតាងមានទំហំប្រមាណ៥,៩ គីឡូម៉ែត្រការ៉េដោយមានបណ្តោយប្រវែង៦,៤ គីឡូម៉ែត្រ និងទទឹងចន្លោះពី០,១ដល់៣,២ គីឡូម៉ែត្រ។ កោះតាងជាកោះដ៏ស្រស់ស្អាតមួយ ដែលគ្របដណ្តប់ទៅដោយកូនភ្នំ និងព្រៃឈើប្រមាណ៩០ភាគរយ និងមានឆ្នេរខ្សាច់ស្អាត និងទឹកសមុទ្រថ្លា។ កោះនេះមានថ្មប៉ប្រះទឹក ផ្កាថ្ម និងជីវៈចម្រុះជាច្រើនរស់នៅក្រោមទឹកសមុទ្រ ប៉ុន្តែមិនធ្លាប់មានប្រជាជនស៊ីវិលរស់នៅលើកោះតាងតាំងពីមុនរហូតមកទល់នឹងបន្ចុប្បន្ននេះទេ។ កោះតាងជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានកងទ័ពជើងទឹកនៃប្រទេសកម្ពុជាដែលបានបោះទីតាំងការពារដែនកោះ និងដែនទឹកសមុទ្រកម្ពុជាចាប់ពីតាំងសម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងពេលបច្ចុប្បន្ននេះ។

កងទ័ពខ្មែរក្រហមចូលកាន់កាប់ដែនកោះបន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
កងពលទី៣របស់ទាហានខ្មែរក្រហមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយ តាម៉ុក ជាលេខាភូមិភាគនិរតី។ កងពលទី៣នេះបានចូលកាន់កាប់កោះនិងកូនកោះនៅក្នុងដែនទឹកសមុទ្រកម្ពុជាបន្ទាប់ពីការឡើងកាន់កាប់អំណាចរបស់របបកម្ពុជាប្រជាធិតេយ្យ ខ្មែរក្រហម។ ប្រធានកងពលទី៣មានឈ្មោះ មាស មុត ដែលជាកូនប្រសាប្រុសម្នាក់របស់ តាម៉ុក។ ភាគច្រើននៃទាហានក្នុងកងពលនេះធ្វើសកម្មភាពប្រយុទ្ធជាមួយទាហានរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់។ នៅឆ្នាំ១៩៧៥ ទាហានមួយចំនួននៃកងពលទី៣ត្រូវបានបញ្ជាអោយទៅឈរជើងនៅលើកោះទាំងអស់ដែលស្ថិតក្នុងដែនទឹកនៃប្រទេសកម្ពុជាដូចជា កោះពូលូវ៉ៃ កោះតាង និងកោះព្រីង ព្រមទាំងអតីតកោះរបស់កម្ពុជាមួយចំនួនទៀត ដែលគ្រប់គ្រងដោយប្រទេសវៀតណាម ។

ទ័ពខ្មែរក្រហមចាប់កប៉ាល់ម៉ាយ៉ាហ្គេស (S.S Mayaguez) របស់សហរដ្ឋអាមេរិក
ម៉ាយ៉ាហ្គេស (S.S. Mayaguez) ជាកប៉ាល់ដឹកទំនិញដ៏ចំណាស់មួយរបស់ក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិកដែលអាចដឹកទំនិញរហូតទៅដល់១០,៤៨៤តោន ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៥ កប៉ាល់ម៉ាយ៉ាហ្គេសដែលផ្ទុកទៅដោយដឹកទំនិញដែលជាសម្ភារៈរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងសៃហ្គនប្រទេសវៀតណាមខាងត្បូងនិងទំនិញផ្សេងៗទៀត បានធ្វើដំណើរចេញពីទីក្រុងហុងកុងឆ្លងកាត់តាមឈូងសមុទ្រថៃឡង់ដ៍ឆ្ពោះទៅកាន់កំពង់ផែ សាតតាហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ ។ នៅពេលដែលកប៉ាល់ម៉ាយ៉ាហ្គេសបានធ្វើដំណើរមកដល់ចំណុចស្របនឹង កោះពូលូវ៉ៃ របស់ប្រទេសកម្ពុជា មានទាហានខ្មែរក្រហមនៃកងពលទី៣ដែលឈរជើងនៅកោះពូលូវ៉ៃនិងជាទាហាដែលមិនមានជំនាញផ្នែកជើងទឹកសូម្បីតែបន្តិចនោះ បានបើកកប៉ាល់ប្រភេទតូចចំនួន២គ្រឿងនិងមានគ្នាប្រមាណជាង១០នាក់ប្រកបដោយអាវុធគ្រប់ដៃបានចេញដំណើរទៅស្ទាក់ចាប់កប៉ាល់ម៉ាយ៉ាហេ្គស(S.S. Mayaguez) ដែលស្ថិតនៅចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីកោះពូលូវ៉ៃ ។ ទាហានខ្មែរក្រហមបានបាញ់កាំភ្លើងជាសញ្ញាឲ្យកប៉ាលម៉ាយ៉ាហេ្គស(S.S. Mayaguez)ឈប់។ បន្ទាប់មក ទាហានខ្មែរក្រហមបានបញ្ជាឲ្យនាវិកបើកកប៉ាលម៉ាយ៉ាហ្គេសចូលមកកាន់កោះពូលូវ៉ៃ។ បន្ទាប់ពីឈប់សំចតនៅកោះពូលូវ៉ៃ មួយយប់គឺនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានបញ្ជូនកប៉ាល់ម៉ាយ៉ាហេ្គសពីកោះពូលូវ៉ៃមកកាន់កោះតាងនិងបញ្ជូនបន្តមកកំពង់សោមទៅតាមការបញ្ជាតាមវិទ្យុទាក់ទងរបស់បញ្ជាការដ្ឋានធំរបស់ពួកគេនៅកំពង់សោមឫក្រុងព្រះសីហនុ។


មកដល់កោះតាងបានរយៈពេលមួយយប់មួយថ្ងែ ស្ថានការណ៍បានប្រែប្រួលសម្រាប់កប៉ាល់ម៉ាយ៉ាហេ្គសនិងក្រុមនាវឹក។ បញ្ជាការធំនៅកំពង់សោមបានបញ្ជាអោយទាហានខ្មែរក្រហមទាំងអស់ចុះចេញពីលើកប៉ាល់ម៉ាយ៉ាហ្គេសទាំងអស់និងនាំយកក្រុមនាវឹកទាំងអស់ចេញពីកប៉ាល់។ ទាហានខ្មែរក្រហមបានយកទូកនេសាទថៃដែលពួកគេចាប់បានមុនពេលព្រឹត្តការណ៍ចាប់កប៉ាល់ម៉ាយ៉ាហេ្គសនេះសម្រាប់ដឹកក្រុមនាវឹកទាំងអស់ទៅកាន់កោះរ៉ុង។ ចំណែកកប៉ាល់ម៉ាយ៉ាហេ្គសត្រូវទុកនៅកោះតាងនិងមិនចាំបាច់បញ្ជូនមកកំពង់សោមឡើយ។ នៅពេលនោះ ទាហានខ្មែរក្រហមបានបញ្ជាឲ្យក្រុមនាវឹកទាំងអស់ចុះពីលើកប៉ាល់ម៉ាយ៉ាហ្គេសប៉ុន្តែនៅមានសល់នាវឹកម្នាក់លាក់ខ្លួនក្នុងកប៉ាល់ដែលកងទ័ពខ្មែរក្រហមរកមិនឃើញ។ នាវឹករូបនោះនោះប្រហែលជាអ្នកកាន់ខាងទូរលេខផងបានទាក់ទងទៅសហរដ្ឋអាមេរិក។ បន្ទាប់មក នាវឹកនោបានឡើងជិះអូប័របើកសំដៅទៅរកនាវាចម្បាំងសហរដ្ឋអាមេរិកបាត់ទៅ។

ការប៉ះទង្គិចរវាងទាហានសហរដ្ឋអាមេរិក និងកងទ័ពខ្មែរក្រហមនៅកោះតាង
បន្ទាប់ពីទាហានខ្មែរក្រហមចាប់កប៉ាល់ម៉ាយ៉ាហ្គេស វិទ្យុសំឡេងសហរដ្ឋអាមេរិកបានផ្សាយជាញឹកញាប់ឲ្យរដ្ឋាភិបាលខ្មែរក្រហមដែលចូលកាន់កាប់ទីក្រុងភ្នំពេញថ្មីៗដោះលែងកប៉ាល់ម៉ាយ៉ាហ្គេសនិងក្រុមនាវឹកឲ្យត្រឡប់ទៅវិញជាបន្ទាន់ បើមិនដូច្នេះទេ ទាហានសហរដ្ឋអាមេរិកនឹងមកកម្ទេចកោះតាងនិងក្រុងកំពង់សោមឲ្យក្លាយទៅជាផេះតែម្តង។ នៅវេលាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នំ១៩៧៥ ថ្នាក់ដឹកនាំខ្មែក្រហមក៏បានបញ្ជាឲ្យកងទ័ពខ្មែរក្រហមដោះលែងក្រុមនាវឹកដើម្បីធ្វើដំណើរទៅប្រទេសថៃវិញ ប៉ុន្តែនៅពេលកំពុងរៀបចំដោះលែងកប៉ាល់ម៉ាយ៉ាហ្គេសនិងក្រុមនារឹកត្រឡប់ទៅវិញនោះ ស្រាប់តែនៅព្រលឹមស្រាងៗថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥នោះ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះមកទម្លាក់គ្រាប់បែកជុំវិញកប៉ាល់ម៉ាយ៉ាហ្គេសនិងកោះតាង។ នៅពេលដំណាលគ្នានោះដែរ មានទាហានសហរដ្ឋអាមេរិកប្រមាណជិត២០០នាក់បានជិះឧទ្ធម្ភាគចក្រចំនួន៨គ្រឿងចេញពីមូលដ្ឋានទាហានជើងអាកាសរបស់សហរដ្ឋអាមេរិកនៅអូរតាប៉ាវប្រទេសថៃមកចុះនៅលើកោះតាង ។


ចំណែកនាវាចម្បាំង អូប័រ និងសម្ភារៈមួយចំនួនទៀតក៏ត្រូវបានយកមកដាក់នៅជិតកោះតាងក្នុងគោលបំណងវាយរំដោះយកកប៉ាល់ម៉ាយ៉ាហ្គេសនិងក្រុមនាវឹកយកត្រឡប់ទៅវិញ។ នៅព្រឹកថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះឲ្យទៅទម្លាក់គ្រាប់បែកនៅកំពង់ផែកំពង់សោម ធ្វើឲ្យមានការខូចខាតរោងចក្រប្រេងកាតនៅកំពង់សោម រោងចក្រទឹកដោះគោ និងមូលដ្ឋានកងទ័ពជើងទឹកខ្មែរក្រហមនៅរាមយ៉ាងដំណំ។
ចាប់ផ្តើមតាំងពីព្រលឹម ទាហានសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅលើកោះតាង បាញ់ផ្សែងពុលនិងបញ្ជាឲ្យឧទ្ធម្ភាគចក្របន្ទាបចុះដើម្បីឲ្យទាហានរបស់ខ្លួនចុះមកប្រយុទ្ធនៅលើដីផ្ទាល់ ដោយចាប់ផ្តើមពីឆ្នេរខាងលិចនៃកោះតាងនិងបន្តប្រយុទ្ធនៅឆ្នេរខាងកើត។ នៅក្នុងពេលកំពុងប្រយុទ្ធនោះទាហានសហរដ្ឋអាមេរិកបានបើកកប៉ាល់ម៉ាយ៉ាហ្គេសចាកចេញពីកោះតាងផងដែរ ។ ការប្រយុទ្ធបានចាប់ផ្តើមតាំងពីព្រលឹមរហូតដល់ពេលរសៀល កងទ័ពខ្មែរក្រហមដែលប្រចាំការនៅឆ្នេរភាគខាងលិចនិងឆ្នេរភាគខាងកើតបានអស់គ្រាប់កាំភ្លើងនិងបានបាក់ទ័ពរត់ភៀសខ្លួនចូលក្នុងព្រៃនិងឡើងលើភ្នំស្ទើរតែទាំងអស់។ ចំណែកទាហានសហរដ្ឋអាមេរិកក៏ចាប់ផ្តើមប្រមែប្រមូលទាហានដែលនៅសេសសល់និងសាកសពទាហានដើម្បីធ្វើដំណើរត្រឡប់ទៅមូលដ្ឋានកងទ័ពនៅអូរតាប៉ាវក្នុងប្រទេសថៃវិញនៅម៉ោងប្រហែលជា៨យប់ក្នុងថ្ងៃដដែល ។

ទ័ពខ្មែរក្រហម៣០០នាក់ប្រយុទ្ធជាមួយទាហានអាមេរិកជាង១០.០០០នាក់

ខ្មែរក្រហមរាយការណ៍ថាបានបញ្ជូនទាហានរបស់ខ្លួនប្រមាណ៣០០នាក់សម្រាប់ការពារគ្រប់ដែនកោះរបស់ខ្លួន ដោយសារតែអាមេរិកគ្មានព័ត៍មានអំពីចំនួនទាហនខ្មែរក្រហមពិតប្រាកដ ប្រភេទអាវុធ នៅលើកោះពូឡូវៃ កោះតាង កោះព្រីង និងកំពង់សោម ដូច្នេះកងទ័ពអាមេរិកមានតែប្រើប្រាស់មធ្យបាយការទូតដោយស្នើសុំភាគីចិន និង ខ្មែរក្រហមឲ្យដោះលែង នាវានិង នាវឹករបស់អាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែភាគីខ្មែរក្រហមមិនព្រម ដូច្នេះភាគីអាមេរិកសម្រេចរៀបចំប្រើប្រាស់កម្លាំងយោធាតាំងពីថ្ងៃទី១២ ឧសភា ឆ្នាំ១៩៧៥ រហូតដល់ព្រឹកព្រលឹមស្រាងៗថ្ងៃទី ១៥ ឧសភា ឆ្នាំ១៩៧៥ ទើបទាហានអាមេរិកបើកការវាយប្រហារមកលើទាហានខ្មែរក្រហម។ យន្តហោះស៊ើបការណ៍អាមេរិកមិនអាចមិនដឹងព័ត៍មានបានច្បាស់ព្រោះចូលកៀកជិតមិនបានដោយខ្លាចត្រូវទាហានខ្មែរក្រហមបាញ់ធ្លាក់។ នៅពេលយប់ យន្តហោះស៊ើបការណ៍អាចចូលកៀកបានប៉ុន្តែមើលមិនឃើញព្រោះមេឃងងឹតនិងចុះអាប់ខ្លាំង។ ដូច្នេះ ទាហានថៃនិងអាមេរិកអាចកំណត់បានថាទាហានខ្មែរក្រហមមានប្រមាណ១០០នាក់នៅលើកោះតាង។ ថ្ងៃដំបូង អាមេរិកបានបញ្ជូនទាហានជើងទឹក២០០នាក់តាមឧត្ថម្ភាចក្រដើម្បីរំដោះនាវាប៉ុន្តែត្រូវបរាជ័យព្រោះកប៉ាល់នោះផ្ទុក Container ជាច្រើនដែលធ្វើអោយឧទ្ធម្ភាចក្រយន្តហោះមិនអាចចុះពីលើបាន។ ផែនការណ៍នោះត្រូវរំសាយវិញ។ ក្រោយមកទាហានខ្មែរក្រហមដឹងសភាពការណ៍និងបានយកទាហានទៅដាក់នៅលើកប៉ាល់(Mayaguez) ដែលធ្វើឲ្យស្ថានការណ៍កាន់តែពិបាក។ ដូច្នេះ ភាគីអាមេរិកត្រូវសុំជំនួយពីកងទ័ពជើងអាកាសនិងធ្វើផែនការរំដោះនាវាឡើងវិញដែលផែនការទី២នេះជាផែនការធំនិងត្រូវប្រើទាហានដល់ទៅជាង១០,០០០ នាក់និងនាវាផ្ទុកយន្តហោះ ០២ គ្រឿងដោយចូលសំចត ចម្ងាយជាង ១០០ គម ពី កោះតាង និងវាយប្រហារជាកង់ៗទៅលើមូលដ្ឋាន កោះព្រីង កោះតាង កោះរុង រាម កំពង់សោម…ចំណែកទាហាន១ កងត្រូវចាកចេញពី ជប៉ុន ហោះកាត់វៀតណាម ចូលប្រទេសថៃដោយសហការជាមួយទាហាន ថៃ និង ១ កងទៀតចូលមកតាមជើងទឹក។ ក្រោយពេលប្រយុទ្ធគ្នា ខាងខ្មែរក្រហមបានផ្សាយថាមានទ័ពខ្លួនស្លាប់ ០៧ នាក់ប៉ុណ្ណោះ! ហេតុដូចម្តេចបានជាអាមេរិកប្រើកម្លាំងច្រើនម្លេះ? តាមរបាយការណ៍មួយចំនួនលើកឡើងថាទាហានខ្មែរក្រហមស្លាប់ប្រមាណជាង ៣០០ នាក់ ចំណែក វិទ្យុ រោងចក្រប្រេងកាត អាកាសយានដ្ឋានកងកេង មូលដ្ឋានកងទ័ពរាម និងទីតាំងសំខាន់ផ្សេងៗទៀតជុំវិញក្រុងកំពង់សោមត្រូវបានទាហានអាមេរិកកំទេចស្ទើរក្លាយជាផេះ ។ តាមការចុះផ្សាយខ្លះទៀតថាមានទាហានម៉ារីនអាមេរិកស្លាប់ ១៣ នាក់ ទាំងមិនទាន់បានចុះចតឧទ្ធម្ភាគចក្រផង ក្រោមការបាញ់ស្រោចដោយកាំភ្លើង AK និងបាញ់បេ ព្រមទាំងកាំភ្លើងផ្លោងធុនធ្ងន់។ ឧទ្ធម្ភាគចក្រដឹកទាហានអាមេរិក ៨ គ្រឿងទទួលរងការវាយប្រហារ ក្នុងនោះ ៣ គ្រឿង ត្រូវបានបំផ្លាញទាំងស្រុង និង ៤ គ្រឿងខូចខាតធ្ងន់ធ្ងរ មិនអាចប្រើប្រាស់បាន ។ គេហទំព័រ ខ្មែរស្តេច (khmer sdach) បានចុះផ្សាយថាទាហានអាមេរិក ៤១នាក់ និងទ័ពខ្មែរក្រហមប្រមាណ ៣០០ នាក់ ត្រូវបានស្លាប់។ ខ្មែរក្រហមប្រើទ័ពប្រមាណ ៣០០នាក់ ចំណែកអាមេរិកប្រើទ័ពជាង ១០,០០០នាក់ មានទាំងយន្តហោះចម្បាំង រាប់សិបគ្រឿងចូលទំលាក់គ្រាប់បែក និងមានឧទ្ធម្ភាចក្រ ៣៨ គ្រឿងចូលប្រយុទ្ធ ក្នុងនោះ ១៨ គ្រឿងត្រូវបានពួកខ្មែរក្រហមកំទេច គ្រាដែលរបាយការណ៍ពីមុនៗថា ខូចខាតតែ ០៨ គ្រឿង។
គួររំលឹកថាឧបទ្ទវហេតុនេះជាសង្គ្រាមមួយដែលមិនគួរឲ្យកើតមាន។ សង្គ្រាមនេះបង្កឡើងនៅពេលដែលទាហានខ្មែរក្រហមបានចេញទៅចាប់ កប៉ាល់ម៉ាយ៉ាហ្គេស(Mayaguez) ដែលជាកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រថៃឡង់ដ៍។ អតីតកងទ័ពខ្មែរក្រហមក៏បានទទួលស្គាល់ថាការចាប់កប៉ាលម៉ាយ៉ាហ្គេសនេះគឺខុសនឹងច្បាប់អន្តរជាតិពិតមែន។ ដោយសារចំណុចខ្លាំងផ្នែកនយោបាយនិងសឹកសង្រ្គាមទ័ពព្រៃរបស់ខ្មែរក្រហម ទាហានអាមេរិក ទាហានថៃ មិនទទួលបានស្នាដៃកិត្តិយសទេ ព្រោះថាការចំណាយក្នុងសង្គ្រាមមួយចំអិនកំពិសនេះមានសភាពធំធេងណាស់ ដែលត្រូវប្រើប្រាស់ចំនួនទាហានអាមេរិកជាង ១០,០០០ នាក់ ដើម្បីវាយទាហានខ្មែរក្រហមប្រមាណតែ៣០០នាក់ និងដើម្បីតែរំដោះកប៉ាល់ដឹកទំនិញមួយគ្រឿងនិងក្រុមនាវិកតែប៉ុន្មាននាក់ប៉ុណ្ណោះ៕
យើងក្រឡេកមើលទៅកាន់អតីតកាលដ៏ឈឺចាប់នាអំឡុងទសវត្សរ៍ ១៩៦០ និង១៩៧០ សកម្មភាពរបស់សហរដ្ឋអាមេរិកធ្វើមកលើប្រជាជនកម្ពុជាស្លូតត្រង់ដូចជាការទំលាក់គ្រាប់បែកនិងគ្រាប់បែកគីមីរាប់សិបលានតោនមកលើប្រទេសកម្ពុជាក្នុងអំឡុងសង្រ្គាមវៀតណាម។ តាមការស្រាវជ្រាវរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើកម្ពុជានៅចន្លោះ ខែតុលា ឆ្នាំ ១៩៦៥ ដល់ ខែឧសភា ឆ្នាំ ១៩៧៥ មានចំនួនប្រមាណ ២,៧៥៧,១០៧ តោន ដែលទីតាំងត្រូវបានទំលាក់មានចំនួន ១១៥,២៧៣កន្លែង និងបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ គ្រាប់បែកវាយប្រហារនីមួយៗអាចមានទម្ងន់ចាប់ពី 10 Ibs រហូតដល់រាប់ពាន់តោន ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះ បានសម្លាប់ពលរដ្ឋខ្មែរអស់រាប់សិបម៉ឺននាក់ ទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ទៅហើយក្តី ក៏ប៉ុន្តែភាពឈឺចាប់របស់ប្រជាជនកម្ពុជា ដោយការបាត់បង់គ្រួសារសាច់ញាតិនៅតែស្ថិតនូវក្នុងការចងចាំដ៏សែនឈឺចាប់ដែលមិនអាចហ្នឹងបំភ្លេចបាន និងបានបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះជាច្រើននៅក្នុងទឹកដីកម្ពុជា ដែលនៅតែបន្តឆក់យកអាយុជីវិត ឬធ្វើឲ្យពិការប្រជាជនកម្ពុជារហូតមកទល់នឹងសព្វថ្ងៃនេះ។ កន្លងទៅថ្មីៗនេះសហរដ្ឋអាមេរិកបានទារបំណុលដែលខ្លួនបានផ្តល់ប្រាក់កម្ចីជាង ២៧០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅដើមទសវត្សរ៍ ១៩៧០ ដើម្បីទិញស្បៀងនិងកសិផលផ្សេងៗរបស់សហរដ្ឋអាមេរិក។ បើសហរដ្ឋអាមេរិកទារបំណុលដែលកម្ពុជាបានពិតមែន នោះអាមេរិកត្រូវតែសង «បំណុលឈាម» មកប្រជាជនកម្ពុជាផងវិញផង ហើយសហរដ្ឋអាមេរិក ក៏បានជំពាក់ «បំណុលសីលធម៌» ចំពោះការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រទេសកម្ពុជា និងបានប្រកាសខ្លួនថាជាប្រទេសអព្យាក្រិត្យមួយក្នុងសម័យសង្គ្រាមនោះដែរ។

Video Link:https://www.facebook.com/watch/?v=1270029253511612&ref=sharing

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

2 + eleven =

This site uses Akismet to reduce spam. Learn how your comment data is processed.