តើការព្យាយាមស្វែងរកប្រភពនៃវីរុសកូវីដ-១៩ របស់សហរដ្ឋអាមេរិកដើម្បីអ្វី?

សហរដ្ឋអាមេរិកបានព្យាយាមម្ដងហើយ ម្ដងទៀតក្នុងការស្វែងរកប្រភពនៃវីរុសកូវីដ-១៩ ដោយផ្អែកទៅលើការសន្និដ្ឋានមួយ គឺវីរុសនេះបានលេចធ្លាយចេញពីមន្ទីពិសោធន៍នៃទីក្រុងវូហាន ប្រទេសចិន ទោះបីជាមានការជំទាស់និងបដិសេធពីប្រទេសចិនក្ដីទាក់ទងទៅនឹងការសន្និដ្ឋាន ឬទ្រឹស្ដីនៃការផ្ទុះចេញពីមន្ទីពិសោធន៍របស់ខ្លួន។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើសេចក្ដីថ្លែងការណ៍ស្ដីពីប្រភពនៃវីរុសនេះផងដែរថាភាគរយតិចតួចណាស់ដែលជំងឺនេះ គឺបង្កើតឡើងដោយមនុស្ស ប៉ុន្តែវាមានភាគរយខ្ពស់ក្នុងការឆ្លងពីសត្វច្រើនជាង។

នាពេលថ្មីៗនេះប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Joe Biden បានកំណត់ពេលវេលាជាថ្មីម្ដងទៀតសម្រាប់ក្រុមស្រាវជ្រាវរបស់ខ្លួន
ឱ្យសិក្សាស្រាវជ្រាវសារជាថ្មីម្ដងទៀតដោយតម្រូវឱ្យធ្វើសេចក្ដីរាយការណ៍ជូនលោកវិញក្នុងរយៈពេល ៩០ ថ្ងៃស្ដីពីប្រភពនៃវីរុសកូវីដ-១៩។ គួរឱ្យកត់សម្គាល់ផងដែលថា
បន្ទាប់ពីលោក Joe Biden បានចូលមកធ្វើជាប្រធានាធិបតីបន្ទាប់ពីយកឈ្នះដោយសម្លេងឆ្នោតទៅលើលោក Donald Trump គឺលោក
បានព្យាយាមសាកសួរអំពីបញ្ហានេះម្ដងរួចមកហើយ ប៉ុន្តែក្រុមស្រាវជ្រាវមិនអាចបង្ហាញភស្តុតាងណាមួយទាក់ទងទៅ
នឹងមន្ទីពិសោធន៍នៃប្រទេសចិននោះឡើយទោះបីជាខណៈពេលដែលលោក Donald Trump នៅជាប្រធានាធិបតីបានធ្វើការ
ចោទប្រកាន់ជាខ្លាំងទៅលើប្រទេសចិនព្រមទាំងទាមទារឱ្យប្រទេសចិនសងទៅផលប៉ះពាល់នៃជំងឺរាតត្បាតនេះទៀតផង។ ដូច្នេះហើយតើការ
ស្រាវជ្រាវបន្ថែមត្រឹមរយៈពេល ៩០ ថ្ងៃបន្ថែមនេះយើងអាចជឿជាក់បានដល់កម្រិតណា? តើសហរដ្ឋអារមេរិកកំពុងស្វែងរកការពិត ឬស្វែងរកមូលហេតុណាមួយដើម្បីបំពេញទ្រឹស្ដីរបស់ខ្លួនដែលចោទប្រកាន់ថាប្រភពនៃវីរុសនេះផ្ទុះចេញពីមន្ទីពិសោធន៍នាទីក្រុងវូហាន? សកម្មភាពទាំងនេះតើសហរដ្ឋអាមេរិកធ្វើដើម្បីសុខាមាលភាពពិភពលោក ឬដើម្បីគេងចំណេញនយោបាយរបស់ខ្លួន?

ស្របពេលជាមួយគ្នានេះដែរភាគីចិនក៏បានសម្ដែងនូវការមិនពេញចិត្តចំពោះទង្វើទាំងនេះ ហើយបានលើកឡើងអំពីការគាំទ្រទៅលើការត្រួតពិនិត្យ
ពេញលេញលើមូលដ្ឋានសម្ងាត់ និងមន្ទីពិសោធន៍ជីវសាស្រ្តនានាទូទាំងសកលលោករួមទាំងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ យោងតាមសេចក្ដីរាយការណ៍របស់ទីក្រុងប៉េកាំងគេបានសង្គត់ធ្ងន់ថាជំងឺរាតត្បាតកូវីដ-១៩ នេះអាចនឹងមានប្រភពចេញពីមន្ទីពិសោធន៍នៃសហរដ្ឋអាមេរិកផងក៏ថាបាន។ ទោះបីជាយ៉ាងណាក្ដីប្រភពនៃមេរោគពិតប្រាកដ គឺមិនទាន់ត្រូវបានរកឃើញនៅឡើយទេដោយមានត្រឹមតែការសន្និដ្ឋានប៉ុណ្ណោះ ចំពោះបញ្ហានេះដែរត្រូវបានអ្នកជំនាញជឿថាមិនងាយនឹងស្វែងរកការពិតនៃជំងឺនេះបានឡើយដរាបណាប្រទេសចិនមិនចូលរួមសហការណ៍ ហើយត្រូវបានគេជឿថាការចម្លងចេញពីមន្ទីពិសោធន៍នៃប្រទេសចិន គឺមិនទំនងនិងស្ទើរតែមិនអាចទៅរួចឡើយ។ សូមរំលឹកផងដែរថា កាលពីដើមឆ្នាំនេះអង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍មួយរួមជាមួយចិនស្ដីអំពីដើមកំណើតនៃជំងឺកូវីដ-១៩ ដែលបានលើកឡើងថាឱកាសនៃការចាប់ផ្តើមនៅក្នុងមន្ទីរពិសោធន៍គឺ“ មិនទំនងទាល់តែសោះ”។ លើសពីនេះទៅទៀតលោក Liang Wannian បានលើកឡើងថាជំងឺរាតត្បាតនេះទំនងនឹងកើតមានឡើងមុននឹងមានវត្តមាននៅទីក្រុងវូហានទៅទៀត។ អ្នកជំនាញនៃអង្គការសុខភាពពិភពលោក Peter Daszak បានមានប្រសាសន៍ថាការស្វែងរកនៃប្រភពនៃមេរោគអាចនឹងផ្ដោតទៅលើតំបន់ផ្សេងវិញដោយផ្ដោតសំខាន់ទៅលើខ្សែសង្វាក់ផលិតកម្ម។

ក្រុមមន្រ្តីអង្គការសុខភាពពិភពលោកក្នុងទីក្រុងវូហានកាលពីដើមឆ្នាំ២០២០

អ្នកវិទ្យាសាស្រ្តជាច្រើនបានធ្វើការបដិសេដ និងមិនគាំទ្រទៅលើទ្រឹស្ដីនៃការលេចធ្លាយវីរុសចេញពីមន្ទីពិសោធន៍នាទីក្រុងវូហាន ហើយថែមទាំងបានចោទថាការលើកឡើងបែបនេះដោយសហរដ្ឋអាមេរិក គឺមានពំនោលទាក់ទងទៅនឹងផលប្រយោជន៍នយោបាយជាជាងស្វែងរកការពិតដែលជាផលប្រយោជន៍របស់ពិភពលោក។ ជាក់ស្ដែងលោក Sir Jeremy Farrar ដែលជាប្រធាននៃ Wellcome Trust ជាមនុស្សម្នាក់ដែលមានមន្ទិលសង្ស័យទៅលើការលេចធ្លាយចេញនៃវីរុសនេះពីមន្ទីពិសោធន៍របស់ប្រទេសចិន ប៉ុន្តែក្រោយមកបន្ទាប់ពីលោកបានធ្វើការពិភាក្សា និងស្រាវជ្រាវជាមួយក្រុមស្រាវជ្រាវជាច្រើនលោកបានផ្លាស់ប្ដូរទស្សនៈរបស់លោកទាំងស្រុងដោយលោកជឿជាក់ថាវាជាបុព្វហេតុធម្មជាតិព្រមទាំងបានលើកឡើងក្នុងសៀវភៅថ្មីមួយរបស់លោកថា “ ដូចអ្វីដែលបច្ចុប្បន្នកំពុងឈរ ភស្តុតាងបានបង្ហាញយ៉ាងច្បាស់ថា ជំងឺកូវីដ-១៩ បានកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍លេចធ្លាយធម្មជាតិ” នេះបើយោងតាមគេហទំព័រ The Guardian។ គួរឱ្យចាប់អារម្មណ៍ផងដែរថា ការលើកឡើងរបស់លោកបានទទួលការគាំទ្រដោយសាស្រ្តាចារ្យ James Wood មកពីសាកលវិទ្យាល័យខេមប្រីដផងដែរ។

ខណៈពេលដែលអ្នកវិទ្យាសាស្រ្តជាច្រើនបានយល់ស្របគំនិតជារួមថាទស្សនៈដែលគិតថាប្រភពនៃមេរោគដែលកើតចេញពីមន្ទីពិសោធន៍ គឺមិនទំនងព្រមទាំងមិនលើកទឹកចិត្តឱ្យសិក្សាបន្តទៀត ផ្ទុយទៅវិញសហរដ្ឋអាមេរិកដែលបានបរាជ័យក្នុងការរកភស្តុតាងម្ដងហើយម្ដងទៀតនោះនៅតែព្យាយាមរកភស្ដុតាងបន្ថែមទៀតរាប់ចាប់តាំងពីរដ្ឋបាលលោក Donald Trump រហូតមកដល់រដ្ឋបាលប្រធានាធិបតីថ្មីលោក Joe Biden។ តើចេតនានៃការស្វែងរកនេះដើម្បីរកការពិត ឬដើម្បីយកមកបំពេញនូវចំណុចខ្វះខាតរបស់ខ្លួនក្នុងការបំពេញទ្រឹស្ដីដែលជាផលប្រយោជន៍នយោបាយ? ការព្យាករណ៍នេះ គឺមិនអាចទទួលយកបានឡើយបើមិនមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ជាពិសេសនោះគឺប្រទេសសាម៉ី។ ប្រសិនបើសហរដ្ឋអាមេរិកបន្តធ្វើសកម្មភាពដោយឯកតោភាគីបែបនេះបន្តទៀតគឺមិនបានបង្ហាញពីតម្លាភាព និងភាពចុះសម្រុងគ្នានោះឡើយដែលមិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរនោះឡើយ ផ្ទុយទៅវិញវានឹងនាំទៅឱ្យមានឱនភាពនៃពហុភាគីនិយមតែប៉ុណ្ណោះ។ នៅកាលៈទេសៈនេះការរួបរួមគ្នានៃសហគមន៍អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ គឺពិតជាសំខាន់ខ្លាំងណាស់ជាពិសេសនោះរវាងមហាអំណាចទាំងពីរ ហើយការយកនយោបាយមកលាយលំជាមួយបញ្ហានេះនេះពិតជាមិនអាចទទួលយកបាននោះឡើយ។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

one × 2 =

This site uses Akismet to reduce spam. Learn how your comment data is processed.