ប្រាំមួយឆ្នាំបន្ទាប់ពីការបាត់បង់ជីវិតរបស់លោក កែម ឡី

ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២២​ គឺជាថ្ងៃគម្រប់ខួប ៦ ឆ្នាំនៃការបាត់បង់ជីវិតរបស់លោកកែម ឡី។ រហូតមកទល់ពេលនេះ នៅតែមានក្រុមឆ្លៀតឱកាសមួយចំនួនបានយកឧប្បត្តិហេតុនេះវាយប្រហារលើប្រទេសកម្ពុជា។ ឧប្បត្តិហេតុ​ គឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ពិសេសក្រុមមនុស្សដែលស្រលាញ់ និងគាំទ្រលោកដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន នាវេលាម៉ោងប្រមាណ៩ព្រឹក កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវឱ្យជនទីបីឈ្លាតឱកាសនេះមកគេងយកផលចំណេញពីយើង​នោះឡើយ។

តើលោក កែម ឡី ជានរណា?

ដើម្បីដឹងច្បាស់ថាហេតុអ្វីបានជាលោកមានឥទ្ធិពលរហូតដល់មានអ្នកគាំទ្រជាច្រើន និងជាឱកាសសម្រាប់ក្រុមមនុស្សមួយចំនួនឆ្លៀតយកឱកាសនេះដើម្បីវាយប្រហារមកលើកម្ពុជានោះ យើងគប្បីដឹងថាតើលោក កែម ឡី គឺជានរណាជាមុនសិន។ លោក កែម ឡី កើតនៅក្នុងគ្រួសារមួយមានជីវភាពក្រីក្រ ក្នុងភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ បើទោះបីជាមានម្តាយជាលក់នំបញ្ចុក លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្រ រហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់ នៅឯបរទេស ទទួលបានសញ្ញាបត្រនៅសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ និង ទទួលបានសញ្ញាបត្រពី សាកលវិទ្យាល័យម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។ លោកបានបម្រើការងារនៅកន្លែងជាច្រើនដែលភាគច្រើនក្នុងនោះទាក់ទងទៅនឹងកិច្ចការសង្គម ប៉ុន្តែក្នុងរយៈពេលប្រមាណក្រោយមក ពោលមុននឹងហេតុការណ៍ដ៏អកុសលកើតមមានឡើងចំពោះលោក លោកបានសិក្សាស្រាវជ្រាវភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ លោក ជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ។ ក្នុងន័យនេះហើយទើបធ្វើឱ្យលោកមានប្រជាប្រិយភាព ពិសេសសម្រាប់បណ្ដាលប្រជាជនកម្ពុជាផ្ទាល់ដែលរាល់ការលើកឡើងទាក់ទងនឹងលោកតែងធ្វើឱ្យមានការចាប់អារម្មណ៍ និងឈឺឆ្អារពីពលរដ្ឋកម្ពុជា។

តើមានរឿងអ្វីកើតឡើងកាលពី ៦ ឆ្នាំមុន?

កាលពី ៦ ឆ្នាំ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក កែម ឡី ត្រូវបានធ្វើខ្មាន់កាំភ្លើងឈ្មោះជួប សំលាប់ បាញ់សម្លាប់ នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចជាប់ស្តុបបូកគោ ខណ្ឌចំការមន។ ការណ៍នោះឃាតករខាងលើបានសារភាពថាខ្លួនធ្វើបែបនេះដោយសារតែកំហឹង ពោលលោក កែម ឡី បានជំពាក់លុយខ្លួនមិនព្រមសងខ្ទង់ប្រហែល ១០០០ ដុល្លាសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយអ្នកគាំទ្ររបស់លោកបានសម្ដែងនូវការមិនពេញចិត្ត និងមិនទទួលយកការលើកឡើងខាងលើនេះឡើយ។

កាលពីពេលថ្មីៗនេះ ក្រុមយុវជនមួយចំនួនរួមទាំងមន្រ្តីសង្គមស៊ីវិលបានរៀបចំកម្រោងប្រមូលផ្ដុំគ្នាដើម្បីដាក់កម្រងផ្កាជាការរំលឹកខួបដល់ការបាត់បង់ជីវិតរបស់លោក នៅឯទីកន្លែងកើតហេតុផ្ទាល់កាលពីប៉ុន្មានឆ្នាំមុននោះ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ្ត បានលើកឡើងថា ទោះបីជាមិនមានការហាមឃាត់ការប្រារព្ធពិធីបែបនេះក៏ដោយ ក្រុមគ្រួសារ និងមិត្តភក្តិត្រូវតែស្វែងរកការអនុញ្ញាត ព្រោះទីកន្លែងដែលត្រូវបានជ្រើសរើសដើម្បីប្រារព្ធខួបមរណភាពនេះជាកន្លែងកម្មសិទ្ធិឯកជន។ លោកក៏បានបន្ថែមទៀតផងដែរថា «បើពួកគេមានបំណង​រៀបចំ​ខួប​លោក កែម ឡី ពួកគេត្រូវតែមានការ​សហការ​ជាមួយ​អាជ្ញាធរ និង​ម្ចាស់​កន្លែង។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ល្មើស​នឹង​ច្បាប់ យើង​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់»។ ការពិតណាស់ការប្រមូលផ្ដុំនៅកន្លែងសាធារណៈដោយមិនមានការជូនដំណឹងទៅកាន់ម្ចាស់អាជីវកម្ម និងមន្រ្តីអាជ្ញាធរជាមុននោះ នឹងបង្កឱ្យមានភាពចលាចលជាក់ជាមិនខាន គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ។ ជាងនេះទៅទៀតទង្វើទាំងអស់នេះនឹងធ្វើឱ្យប៉ះពាល់ដល់របររកស៊ីប្រចាំថ្ងៃរបស់ម្ចាស់អាជីវកម្ម និងសន្តិសុខនៅទីកន្លែងនោះទៀតផង។ ដូច្នេះហើយរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈគប្បីតែមានការជូនដំណឹងទៅអាជ្ញាធរមានសម្ថកិច្ច មិនមែនតែការប្រមូលផ្ដុំមួយនេះឡើយ។

ខណៈពេលនេះដែរ យើងឃើញថាមមានអ្នកកាសែត សារព័ត៌មានពីស្ថាប័ន និងបុគ្គលមួយចំនួនបានព្យាយាមលាបពណ៌ទៅលើបញ្ហានេះតួយ៉ាង RFA Khmer VOA Khmer និង COMFREL។ តើពួកគេបានធ្វើអ្វីខ្លះដើម្បីប្រទេសជាតិក្រៅពីយកផលចំណេញពីប្រជាប្រិយភាពរបស់មនុស្សដែលស្លាប់ទៅហើយ? ឬយ៉ាងអាចហៅម្យាងទៀតឱ្យអាក្រក់ស្ដាប់បានថា «ពួកតាមស៊ីពែរខ្មោចតាមរដូវកាល»។

យើងជឿជាក់ថាមានមនុស្សជាច្រើនបាននឹករលឹកដល់រូបលោក ពិសេសអ្នកគាំទ្ររបស់លោកផ្ទាល់តែម្ដង ប៉ុន្តែយើងត្រូវប្រាកដក្នុងចិត្តថាមិនមាននរណាម្នាក់ត្រូវបានធ្លាក់ទៅធ្វើជានុយរបស់អ្នកនយោបាយទុច្ចរិករូបណាមួយនោះឡើយ ដូចដែលបានលើកឡើងខាងដើម លោក កែម​ ឡី​​ ជាអ្នកវិភាគនយោបាយមួយរូបដ៏មានប្រជាប្រិយភាព ដូច្នេះហើយប្រាកដណាស់ថាក្រុមបក្សប្រឆាំង ក៏ដូចជាអ្នករង់ចាំគេងចំណេញនយោបាយផ្សេងៗទៀត នឹងឆ្លៀតយកឱកាសនេះដើម្បីទាក់ទាញចិត្តអ្នកគាំទ្រ និងលាបពណ៌មកលើបក្សកាន់អំណាច។ យើងត្រូវរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថេរភាពក្នុងប្រទេសរបស់យើងដោយមិនអនុញ្ញាតឱ្យជនណាមួយមកគេងចំណេញ និងបំផ្លាញសន្តិភាពដែលយើងទាំងអស់គ្នាបានខិតខំរក្សាទុកមកជាច្រើនឆ្នាំមកហើយនោះឡើយ។ លើសពីនេះទៅទៀត ច្បាស់ណាស់ក្នុងនាមយើងជាពលរដ្ឋខ្មែរមួយរូប ពិតជាចង់ឃើញនូវតម្លាភាព សុក្រឹតភាព និងភាពយុត្តិធម៌នៃប្រព័ន្ធតុលាការក្នុងស្រុក ដើម្បីសម្រេចគោលបំណងនោះបាន វាកើតចេញពីការគិត និងសកម្មភាពរបស់យើងម្នាក់ៗដោយរួបរួមគ្នាគោរព និងមិនរំលោភបំពានទៅលើច្បាប់ ពិសេសចេះគោរពសិទ្ធិអ្នកដទៃ។ ការរំលឹកខួបនេះ​ គឺអាចធ្វើទៅបាន ប៉ុន្តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃនោះឡើយ។ ការវាយប្រហារ និងលាបពណ៌ឱ្យគ្នាទៅវិញទៅមក គឺមិនមែនជាដំណោះស្រាយនោះឡើយ ដំណោះស្រាយដ៏ល្អបំផុតនោះ គឺការដោះស្រាយដោយសន្តិវិធី។ យើងទាំងអស់គ្នាគប្បីរស់ដើម្បីជាតិ មិនមែនស្លាប់ដើម្បីជាតិនោះឡើយ។

អ្នកនិពន្ធ៖SK

Leave a Reply

Your email address will not be published. Required fields are marked *

11 − 1 =

This site uses Akismet to reduce spam. Learn how your comment data is processed.