មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានមួយពីមនុស្សមួយក្រុមតូចដែលស្រេចឃ្លានអំណាចអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយដោយតែងពោលថាជាបុគ្គលដែលស្រលាញ់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន នោះគឺលោក កង សាវាង្ស ដែលជាបុគ្គលិក សម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) ដែលជាអង្គការមិនមែនរដ្ឋាភិបាលដ៏ចំណាស់មួយ ដែលធ្វើកិច្ចការងារពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការបោះឆ្នោត ចាប់តាំងពីកម្ពុជាបានរៀបចំការបោះឆ្នោតលើកដំបូងមកម្លេះ និងបក្សពួករបស់លោក។ លោក កង សាវាង្ស តែងប្រើប្រាស់វោហារសព្វ របស់ខ្លួនដើម្បីបោកប្រាស់ក្រុមមនុស្សស្មោះត្រង់ដោយតែងតែតាំងខ្លួនជាអ្នកចេះអ្នកដឹងហើយទៅបង្រៀនអ្នកឯទៀត។ ថ្មីៗនេះលោកបានពោលថា «អ្នកខ្លះគាត់លើកឡើងថា មិនហ៊ានចូលរួមទេ ដោយសារមានអាជ្ញាធរក្នុងកន្លែងខ្លះបានប្រាប់ថា ស្ថាប័ន [ខុមហ្វ្រែល] ហ្នឹងជាស្ថាប័នប្រឆាំងនឹងរដ្ឋាភិបាល ឬក៏ជាស្ថាប័នដែលឃុបឃិតនឹងបរទេសអីអ៊ីចឹង។ នេះជារឿងមួយដែលមានការលំបាកដែរ។ ចំណុចដែលជាឧបសគ្គធំសម្រាប់ស្ថាប័នដែលបានលើកឡើងហ្នឹងក្នុងការផ្តល់លទ្ធភាពជូនពលរដ្ឋហ្នឹងគឺ គាត់បានសម្តែងអំពីការព្រួយបារម្ភក្នុងការចូលរួមហ្នឹង ខ្លាចក្រែងលោមានការចោទប្រកាន់លើពួកគាត់អីជាដើម»។
បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ លោក កង សាវាង្ស បានលើកឡើងថា «ច្បាប់បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ»។ តើការលើកឡើងរបស់លោកនេះសំអាងទៅលើអ្វីដែលទៅ ឬនិយាយដើម្បីតែបោកប្រាស់អ្នកមិនដឹងរឿង? យោងតាមការស្រាយបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គ.ជ.ប មិនបានកែប្រែនីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុងច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប។
តើមានច្បាប់ និងការណែនាំណាខ្លះដែលបានបញ្ជាក់អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនេះ?
បើយើងសង្កេតមើលទៅលើច្បាប់ និងការណែនាំមួយចំនួនយើងនឹងអាចមើលឃើញថាការលើកឡើងខាងលើរបស់បុគ្គលិកអង្គការខុមហ្វ្រែល គឺមានចេតនាចោទប្រកាន់ និងញុះញង់ ដោយយោងទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងកថាខណ្ឌទី២ នៃមាត្រា ២៧ បានចែងថា «ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ (ចិតសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវឯកសារចំនួន ១០ប្រភេទ ដោយប្រភេទទី១ គឺសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហារផ្ទៃ ១ច្បាប់ តែម្ដង»។ ស្របពេលជាមួយគ្នានោះ សេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ និងសេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងខ្លឹមសារលិខិតដោយបានរំលេចថា «គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។ តើលោក កង សាវាង្ស មិនដឹង ឬធ្វើមិនដឹងអំពីអត្ថន័យនៃពាក្យ «សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលតម្រូវឱ្យមានការបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»? ដូច្នេះ ដើម្បីកុំឱ្យមិនដឹង និងចេះតែនិយាយតទៅទៀត យើងគប្បីគូសរំលេចផងដែរថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ។ គ្រាន់តែយើងជាប្រជាជនធម្មតាទៅបញ្ជាក់អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត យើងបានដឹងទៅហើយថាច្បាប់ដើម ជាតម្រូវការចាំបាច់សម្រាប់បញ្ជាក់លិខិតសម្រាប់ការប្រើប្រាស់ជាផ្លូវការណាមួយ ទម្រាំខ្លួនជាអ្នកឈរឈ្មោះបោះឆ្នោតដោយប្រជាលរដ្ឋ និងអ្នកដែលប្រកាស់ក្ដែងៗថាខ្លួនមានសម្ថភាពបណ្ដុះបណ្ដាលគេនោះ មិនដឹងទេឬទាក់ទងទៅនឹងបញ្ហាបញ្ជាក់ផ្លូវការបែបនេះ ស្របពេលដែលមានសេចក្ដីណែនាំជាច្រើនអមជាមួយទៀតនោះ បើមិនទាំងដឹងច្បាស់អំពីនីតិវិធីបែបនេះផង តើអាចឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតដោយរបៀបណាទៅ? ជាងនេះទៅទៀត ក្រសួងមហាផ្ទៃក៏បានចេញសេក្ដីណែនាំលិខិតលេខ ៨៩៥ សជណ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ត្រេទី១ និងត្រេទី២ ដែលបានគូសបញ្ជាក់ក្នុងការជួយសម្របសម្រួលដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ដោយមិនគិតកម្រៃនោះឡើយ។
សេចក្ដីបំភ្លឺរបស់ គ.ជ.ប
លោក កង សាវាង្ស កន្លងមកតែងតែរិះគុណជាបន្តបន្ទាប់មកលើការរៀបចំ រហូតដល់មិនចូលរួមសង្កេតការណ៍ថ្នាក់ជាតិនៅឆ្នាំ២០១៨ ព្រោះមិនមានបក្សពួករបស់ខ្លួននៅទីនោះ ពោលគឺគណបក្សសង្រ្គោះជាតិត្រូវបានរំសាយចោលដោយដីការរបស់តុលាការ។ រហូតដល់ឆ្នាំ២០២៣ នេះ លោកក៏បានសម្រេចចិត្តចូលរួមសង្កេតការណ៍ឡើងវិញដោយយកហេតុផលថាដោយសារឆន្ទៈប្រជាពលរដ្ឋ។ តើដោយសារឆន្ទៈប្រជាពលរដ្ឋ ឬបក្សពួកមួយក្ដាប់តូចរបស់ខ្លួន? នេះបើតាមសង្កេតមើលឱ្យជិតទៅ គឺជាមហិច្ឆតារបស់បក្សពួករបស់លោក ដោយយើងអាចនិយាយបានថាពួកគេដឹងអំពីលទ្ធផលរួចទៅហើយ ថាមិនអាចទៅរួច ដូច្នេះពួកគេប្រឹងប្រែងចូលដើម្បីរិះគុណ និងធ្វើឱ្យអាប់អោនដល់កិត្តិយសរបស់ស្ថាប័នជាតិទៀតផង។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លើកឡើងថា លោកមានការសោកស្តាយ បើសិនជាគណបក្សភ្លើងទៀនមិនមានវត្តមាន និងថាការណ៍នេះក៏នឹងអាចធ្វើឱ្យបាត់បង់សន្លឹកឆ្នោតដែរ ដោយសារតែមិនមានគណបក្សជម្រើសសម្រាប់អ្នកបោះឆ្នោតដែលគាំទ្រគណបក្សមួយនេះ។ ការពិតទៅគណបក្សដែលមិនទាំងដឹងអំពីនីតិវីធីនៃការចុះឈ្មោះផងនោះ មិនស័ក្តិសមនឹងទទួលបានសន្លឹកឆ្នោតពីប្រជាពលរដ្ឋនោះឡើយ។ ហើយយើងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នាផងដែរ មិនដូច្នោះទេ លោកអ្នកនឹងមានអាចបោះឆ្នោតបានដូចគណបក្សដែលមិនអាចចូលរួមបានអញ្ចឹងដែរ ព្រោះប្រទេសមានច្បាប់ដែលគ្រប់គ្នាត្រូវតែគោរព មិនមែនចេះតែនឹកឃើញហើយនិយាយនោះឡើយ។
អ្នកនិពន្ធ៖ SK