តើអ្នកស្រី Mary Ann Jolley ជាអ្នកផលិតវីដេអូឯកសារស៊ើបអង្កេតអំពីប្រទេសជាច្រើនគឺជានរណា?

កាលពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ សារព័ត៌មាន Aljazeera បានចេញផ្សាយនូវវីដេអូមួយមានចំណងជើងថា Cambodia’s Cyber Slaves ឬទាសករបច្ចេកវិទ្យា​ក្នុងប្រទេសកម្ពុជាស្តី ។ នៅក្នុងវីដេអូនោះ ស្ត្រីឈ្មោះ Mary Ann Jolley បានធ្វើការបង្ហាញវីដេអូនៃការធ្វើទារុណកម្មពីទីកន្លែងផ្សេងៗ ដើម្បីមកបង្ហាញថាបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ ក្រោយពីមានការបង្ហោះនូវវីដេអូ​នេះរួចមក ប្រជាជនកម្ពុជាមួយភាគធំ ជាពិសេសគឺប្រជាជននៅក្នុងខេត្តព្រះសីហនុបានសម្តែងនូវការហួសចិត្តជាខ្លាំង ក្នុងនោះករណីនេះក៍មានការបញ្ចេញប្រតិកម្មជាច្រើនផងដែរ ពីបណ្ដាលព័ត៌មានក្នុងស្រុក និងសង្គមស៊ីវិល ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គមនានា ហើយបានលើកជាសំណួរថា តើអ្នកស្រី Mary Ann Jolley ជាអ្នករាយការណ៍ព័ត៌មាននេះគឺជានរណា?សូមអញ្ជើញទស្សនាវីដេអូនេះដូចតទៅ៖

មិនមានប្រភពឯកសារណាបានបង្ហាញពីប្រវត្តិកាលពីកុមារភាពរបស់លោកស្រីនោះទេ ប្រវត្តិ​ឯកជនភាពរបស់លោកស្រីត្រូវបានលាក់យ៉ាងអាថ៌កំបាំង។ គេដឹងត្រឹមថានាង ម៉ារី មានដើមកំណើតជាជនជាតិអូស្ត្រាលី និង​បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហាវើដ​ (Harvard University) វិទ្យាស្ថានជាតិសិល្បៈរបាំ ល្ខោន (NIDA) ផ្នែកសម្ដែងក្នុងប្រទេសស្ត្រាលី និង បានបញ្ចប់ថ្នាក់​បរិញ្ញាបត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Queensland ក្នុងប្រទេសដើមកំណើតរបស់នាងផងដែរ។ ចាប់ពីឆ្នាំ២០០១ ដល់ ២០១៤ អ្នកស្រីបានបំរើរការងារជាអ្នករាយការណ៍ព៌តមាន ផលិតករ នៅសាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC)។ កាលពីឆ្នាំ២០០៦ អ្នកស្រីបានឈ្នះពានរង្វាន់ ‘Grand Award’ សម្រាប់ភាពយន្តឯកសារល្អបំផុតដែលមានចំណងជើងថា “Jihad Sheilas” នៅក្នុងកម្មវិធីកម្មវិធីទូរទស្សន៍ New York Festivals and Promotions Awards ។ នៅក្នុងខែធ្នូ ឆ្នាំ២០១៥ អ្នកស្រី ម៉ារី បានក្លាយជាអ្នកផលិត និងរាយការណ៍ព៌តមានពិសេស ប្រចាំនៅសារព័ត៌មាន​ Al Jazeera មកទល់ពេលបច្ចុប្បន្ន នេះបើយោងតាមការបង្ហាយដោយបណ្តាញសង្គម linkedin ។

​បច្ចុប្បន្នអ្នកស្រី ម៉ារី អេន ជូលី គឺជាអ្នកយកព័ត៌មានរបស់សារព័ត៌មាន Aljazeera អ្នកស្រី​មានជំនាញក្នុងការសរសេរព័ត៌មានជាច្រើនសន្ឋាន និងផលិតជាវីដេអូព៌តមានចោទប្រកាន់បណ្តាប្រទេសមួយចំនួន ដូចជា ជាការចោទទៅលើភាពអសុន្តិសុខ រំលោភសិទ្ធិមនុស្ស ឃាតកម្ម និង អំពើពុករលួយជាដើម។

ក្នុងនោះអ្នកស្រី ម៉ារី​ ក៏បានផលិតវីដេអូឯកសារស៊ើបអង្កេត​ចោទប្រកាន់មកលើប្រទេសកម្ពុជាមួយចំនួន ដោយក្នុងនោះវីដេអូឯកសារស៊ើបអង្កេតដែលផលិតកាលពីឆ្នាំ២០១៧ ​ដែលទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំង​ពីបណ្តាលប្រជាជនទាំងក្នុងនិងក្រៅប្រទេស អង្ការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ពិសេសអ្នកឃ្លាំមើលនយោបាយរបស់កម្ពុជា វីដេអូនោះ​មានចំណងជើងថា 101 East : Cambodia’s Deadly Politics ឬនយោបាយមរណៈនៅកម្ពុជា ដោយនៅក្នុងវីដេអូបានបង្ហាញពីភាពអសុន្តិសុខ រំលោភសិទ្ធិមនុស្ស និងជាពិសេសគឺការធ្វើឃាតលើលោក កែម ឡី ជាអ្នកអត្ថាធិប្បាយសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍កាន់តែខ្លាំងទៀតនោះគឺនៅពាក់កណ្តាលឆ្នាំ២០២២នេះ អ្នកស្រី ម៉ារី បានផលិតវីដេអូឯកសារស៊ើបអង្កេត​មួយទៀតអំពីកម្ពុជា ដែលអ្នកជំនាញយល់ថា គ្មានការពិតគ្រប់គ្រាន់ ស្តីអំពីទាសករបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ឬ​ Cambodia’s Cyber Slaves ដែលចេញផ្សាយសារព័ត៌មាន Aljazeera។ វីដេអូ​រដែលអ្នកស្រី ម៉ារី​ ផលិតនេះ បានធ្វើអោយបាយកាណ៍របស់ក្រសួងការបរទេសអាម៉េរិក ដែលចេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សនៅឆ្នាំ២០២២ បានធ្លាក់ទៅដល់កម្រិត៣ ឬបញ្ជីខ្មៅ។ អ្នកស្រី ម៉ារី ​ក៍បានធ្វើវីដេអូឯកសារស៊ើបអង្កេត ដោយមិនលើកលែងសូម្បីតែប្រទេសអូស្ត្រាលីដែលជាប្រទេសកំណើតរបស់អ្នកស្រីផងដែរ។


បើតាមក្រុមអ្នកជំនាញបានលើកឡើងថា រាល់ព័ត៌មាន និងវីដេអូដែលស្ត្រីរូបនេះបានផលិតគឺតែងតែធ្វើឡើងដោយផ្តោតទៅលើពាក្យចចាមរាមតៗគ្នា ហើយភាគច្រើនគឺជារឿងតែមួយផ្នែក គ្មានការសន្និដ្ឋានច្បាស់លាស់។ ជាក់ស្តែងដោយសារតែការផ្សព្វផ្សាយព័ត៌មានដោយគ្មានការពិត និងមានចេតនាញុះញង់ បង្កឱ្យមានចលាចលក្នុងសង្គមប៉ះពាល់ដល់សន្តិសុខជាតិ កាលពីឆ្នាំ២០១៥ ស្ត្រីជនជាតិអូស្ត្រាលីរូបនេះ ត្រូវបានប្រទេសម៉ាឡេស៊ីបណ្តេញចេញពីក្នុងប្រទេសរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ ស្ត្រីរូបនេះក៏ត្រូវបានអាជ្ញាធរ New Zealand ចាត់ទុកថាជា ឧក្រិដ្ឋជន (Criminal) និងហាមឃាត់មិនឱ្យនាងចូលទៅក្នុងប្រទេសរបស់ពួកគេជាដាច់ខាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RSF កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០។

ការបណ្តេញចេញ និងការហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសមួយចំនួននេះហើយគឺជាភស្តុតាងមួយ ដែលបានបញ្ជាក់ថា ស្ត្រីរូបនេះគឺជាជនទុច្ចរិតនៅក្នុងប្រទេសរបស់ពួកគេ ដែលតែងតែរៀបចំជាអត្ថបទ និងវីដេអូដើម្បីធ្វើការវាយប្រហារទៅលើប្រទេសណាមួយតាមរយៈការប្រឌិតព័ត៌មាន ហើយករណីប្រទេសកម្ពុជាលើកនេះក៏មិនខុសគ្នាពីករណីមុនៗនោះផងដែរ។

បើតាមការយល់ឃើញរបស់ក្រុមអ្នកនយោបាយកម្ពុជា សម្រាប់វីដេអូឯកសារ Cambodia’s Cyber Slaves​ នាងបានរៀបចំសរសេរនូវសេនារីយ៉ូសាច់រឿងរួចជាស្រេចដោយបានកំណត់យកគោលដៅខេត្តព្រះសីហនុ និងជនជាតិចិន ហើយបន្ទាប់មកក៏ដើរស្វែងរកតួរអង្គផ្សេងៗដើម្បីមកធ្វើការសម្ភាសន៍ ដែលជួនកាលអាចមានទាំងការជួលថែមទៀតផង។ ពាក់ព័ន្ធនឹងករណីបែបនេះ អាជ្ញាធរពាក់ព័ន្ធតែងតែបានចូលរួមដើម្បីផ្តល់ជាបទសម្ភាសន៍ដល់នាង ប៉ុន្តែរាល់ការពន្យល់ និងការបកស្រាយរបស់អាជ្ញាធរពាក់ព័ន្ធគឺមិនត្រូវបាននាងអើពើ ឬដាក់បញ្ចូលទៅក្នុងវីដេអូ ឬព័ត៌មានរបស់នាងនោះឡើយ ដោយសារតែនាងមានចេតនារៀបចំសាច់រឿងដើម្បីវាយប្រហារមកលើប្រទេសកម្ពុជារួចជាស្រេចទៅហើយ ។


អ្នកជំនាញបានបន្ថែមថា រាល់សកម្មភាពនៃការរៀបចំសេនារីយ៉ូ ដើម្បីវាយប្រហារទៅលើប្រទេសនានា ក៏ដូចជាប្រទេសកម្ពុជា ពីសំណាក់ស្ត្រីម្នាក់នេះគឺគ្រាន់តែជាសកម្មភាពដែលនាងធ្វើដើម្បីចង់បានមុខមាត់ និងផលប្រយោជន៍ ដោយប្រើប្រាស់ការសរសេរព័ត៌មាន និងបទយកការណ៍បំផ្លើសដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សនានា ឱ្យចូលមើលឱ្យបានច្រើនពីសំណាក់សារព័ត៌មានអន្តរជាតិតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រសិនបើជនបរទេសមួយចំនួនដែលមិនដែលបានស្គាល់ប្រទេសកម្ពុជា នៅពេលដែលពួកគេបានទស្សនាវីដេអូនេះ ពួកគេនឹងគិតថាកម្ពុជា ជាប្រទេសដែលគ្មានសុវត្ថិភាព អសន្តិសុខ សំបូរតែអំពើឧក្រិដ្ឋកម្ម និងពុករលួយ ដែលផ្ទុយខុសពីការពិត។ ហើយអ្វីដែលជាការកត់សំគាល់ គេឃើញថាមានសូមសំណូមពរពីប្រជាជនខ្មែរជាច្រើនពិសេស គឺប្រជាជនរស់នៅក្នុងខេត្តព្រះសីហនុ សូមឱ្យសារព័ត៌មាន Aljazeera លុបចោលនូវវីដេអូដែលគ្មានការពិតនេះចេញជាបន្ទាន់ ហើយក៏ចង់ផ្តាំផ្ញើផងដែរទៅដល់អ្នកស្រី ម៉ារី អេន ជូលី សូមបញ្ឈប់ និងបោះបង់ចោលគំនិតក្នុងការសរសេរព័ត៌មាននិងផលិតវីដេអូមិនពិតបែបនេះទៀតទៅ បើមិនដូច្នេះទេ នាងច្បាស់ជាជៀសមិនផុតពីការបណ្តេញចេញពីសំណាក់ប្រទេសជាច្រើនផ្សេងៗ ដែលក្នុងនោះក៏អាចរួមមានទាំងប្រទេសកម្ពុជាផងដែរ៕

អ្នកនិពន្ធ៖ Chim Ratha

Leave a Reply

Your email address will not be published. Required fields are marked *

20 − nineteen =

This site uses Akismet to reduce spam. Learn how your comment data is processed.