
កាលពីថ្ងៃអាទិត្យ កាសែត The Straits Times បានស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយដំបូងគេ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលបានទៅមើលផ្ទាល់ដល់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាដាយអ៊ីជិ(Fukushima Daiichi) ចាប់តាំងពីការបណ្តេញទឹកនុយក្លេអ៊ែរបានចាប់ផ្តើមកាលពីបីថ្ងៃមុន ក្នុងដំណើរការមួយ ដែលនឹងបញ្ចប់ការបញ្ចេញទឹកទាំងស្រុងនៅឆ្នាំ ២០៥១។
គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃអាទិត្យ គឺ ៧៦ ម៉ោងបន្ទាប់ពីទ្វារបានបើក ប្រតិបត្តិករក្រុងតូក្យូ គឺក្រុមហ៊ុន Tokyo Electric Power Co (Tepco) បានបញ្ចេញទឹកចំនួន ១.៤២០ តោន ដែលត្រូវបានព្យាបាលដើម្បីយកសារធាតុវិទ្យុសកម្មចេញ លើកលែងតែសារធាតុទ្រីចូម (Tritium)ដោយសារវារលាយក្នុងទឹកពិបាកបំបែកចេញពីគ្នា។

ការរិះគន់បានផ្ទុះឡើងយ៉ាងខ្លាំងចាប់តាំងពីការបង្ហូរទឹកចេញបានចាប់ផ្តើម។ ចិនបានដាក់បម្រាមលើអាហារសមុទ្រជប៉ុនទាំងអស់ ខណៈហុងកុង និងម៉ាកាវបានដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះអ្វីដែលសារព័ត៌មានជប៉ុនបានរិះគន់ថាជា “ការសម្លុតកំហែងខាងសេដ្ឋកិច្ច”។
ហើយសូម្បីតែកន្លែងដែលរដ្ឋាភិបាលរបស់ពួកគេមិនបានដាក់បម្រាម ក៏អ្នកប្រើប្រាស់ដែលព្រួយបារម្ភក្នុងតំបន់ រួមទាំងនៅប្រទេសសិង្ហបុរី ក៏បានប្តេជ្ញាថានឹងទប់ស្កាត់អាហារសមុទ្រពីប្រទេសជប៉ុនដែរ ។ រដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃ (FDA)និងនាយកដ្ឋានជលផលគួរតែចាត់វិធានការខ្លាំងក្លាដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវអាហារសមុទ្រទាំងអស់ ដែលនាំចូលពីប្រទេសជប៉ុន។

របាយការណ៍បានឲ្យដឹងថាប្រទេសថៃគឺជាអ្នកនាំចូលផលិតផលត្រីដ៏ធំពីប្រទេសជប៉ុន។ អាហារសមុទ្រចាំបាច់ត្រូវពិនិត្យរកវិទ្យុសកម្ម ដោយសារការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការចាប់ផ្តើមបញ្ចេញទឹក ដែលបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។
ទីក្រុងតូក្យូ បានឲ្យដឹង កាលពីដើមឆ្នាំនេះថា ខ្លួនត្រូវបញ្ចេញទឹក ដែលបានព្យាបាល ដោយសារវាត្រូវការជាបន្ទាន់ ដើម្បីបង្កើនទំហំទំនេរ នៅរោងចក្រនុយក្លេអ៊ែរ ។ ទង្វើនេះបានប្រឈមមុខនឹងការរិះគន់ពីប្រទេសមួយចំនួន រួមទាំងប្រទេសចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលភ័យខ្លាចការបំពុល ដោយវិទ្យុសកម្ម។
អ្នកនេសាទ សកម្មជននិងអ្នកនយោបាយកូរ៉េខាងត្បូងរាប់ពាន់នាក់កាលពីថ្ងៃសៅរ៍បានជួបជុំគ្នានៅកណ្តាលក្រុងសេអ៊ូលដើម្បីថ្កោលទោសការបញ្ចេញទឹកសំណល់នុយគ្លេអ៊ែរដែលចម្រាញ់រួចពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរហ្វ៊ុយគូស៊ីម៉ារបស់ជប៉ុនចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ពួកអ្នកចូលរួមបានស្រែកថា«បញ្ឈប់ការបង្ហូរសំណល់វិទ្យុសកម្មចូលក្នុងមហាសមុទ្រភ្លាម» និង«ជប៉ុនត្រូវតែស្តុកទុកទឹកសំណល់មានលាយសារធាតុនុយគ្លេអ៊ែរនៅលើដី»។
ពួកគេក៏ទទូចសុំអោយរដ្ឋាភិបាលកូរ៉េខាងត្បូងដាក់បណ្តឹងទៅកាន់តុលាការអន្តរជាតិប្រឆាំងរដ្ឋាភិបាលជប៉ុន។
រំលឹកថា រញ្ជួយដីកាលពីខែមីនា ឆ្នាំ២០១១ និងរលកសមុទ្រធំៗតាមក្រោយហៅថាស៊ូណាមិ បានបំផ្លាញប្រព័ន្ធរក្សារ៉េអាក់ទ័រអោយត្រជាក់របស់រោងចក្រ នាំអោយរ៉េអាក់ទ័រនុយគ្លេអ៊ែរចំនួនបីរលាយ។ទឹកលាយឡំជាមួយសារធាតុវិទ្យុសកម្មខ្ពស់បានបន្តលិចធ្លាយចេញពីរ៉េអាក់ទ័រដែលខូចនិងកើនឡើងនៅជាន់ក្រោមជាប់ដីនិងជ្រាបចូលជាមួយទឹកក្នុងដី។
TEPCOមានផែនការបញ្ចេញទឹកសំណល់៣១.២០០តោននៅយ៉ាងយូរត្រឹមចុងខែមីនាឆ្នាំ២០២៤ ដែលនៅទីបំផុតនឹងយកទឹកចេញអស់ពី១០អាងធំនៅរោងចក្រនេះ៕