កន្លងទៅថ្មីៗនេះមន្ត្រីលោកខាងលិចរបស់អាមេរិក បានចោទកម្ពុជានិងចិនថា កំពុងសាងសង់ទីតាំងកងទ័ពជើងទឹកដោយសម្ងាត់នៅកម្ពុជា ជុំវិញការចោទប្រកាន់ដោយគ្មានហេតុផលនេះថ្នាក់ដឹងនាំ ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាន បដិសេធយ៉ាងខ្លាំងជុំវិញខ្លឹមសារនិងអត្ថន័យនៃសេចក្តីរាយការណ៍នេះ ដោយថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ហើយបានបញ្ចាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស ឬវត្តមានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះឡើយ»។
ប៉ុន្តែយើងដឹងដែរឬទេថាអាមេរិកតែងតែចោទប្រកាន់គេអំពីសាងសង់ទីតាំងកងទ័ព ប៉ុន្តែខ្លួនអាមេរិកឯងហេតុអ្វីមានមូលដ្ឋានទ័ពជាង ៨០០កន្លែង ជុំវិញពិភពលោក ទុកសម្រាប់ការពារឬទុកពង្រឹងអំណាចខ្លួនឯង?
ស្ទើរតែគ្រប់ប្រធានាធិបតីទាំងអស់របស់សហរដ្ឋអាមេរិក នៅក្រោយសម័យសង្រ្គាមត្រជាក់ សុទ្ធតែធ្លាប់បានព្យាយាមបិទមូលដ្ឋានទ័ព និងកាត់បន្ថយកងទ័ពអាមេរិកមួយចំនួន ដែលឈរជើងនៅក្រៅប្រទេស ជាពិសេសក្នុងតំបន់អឺរ៉ុបតែម្ដង ភ្ជាប់ជាមួយពាក្យស្លោកមួយឃ្លាដ៏មានមនោសញ្ចេតនា នោះគឺ «នាំកងទ័ពរបស់យើងត្រឡប់មកផ្ទះវិញ»។ ប៉ុន្តែ ការព្យាយាមនេះមិនបានកែប្រែអ្វីឡើយ ដោយម្ចាស់ ស្នាដៃ សៀវភៅ ក្រោម ចំណងជើង ៖ « Base Nation: How U.S. Military Bases Overseas Harm America and the World» លោក ដាដីដ វាញ (David Vine) បានឱ្យដឹងថា សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ព នៅក្រៅប្រទេសជាង ៨០០ទីតាំង នៅក្នុងប្រទេស និងដែនដីចំនួន ៧០ នៅជុំវិញពិភពលោក។
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១២ បានបញ្ជាឱ្យដកកងទ័ពអាមេរិកចំនួន ២កងពលតូច ចេញពីប្រទេសអាល្លឺម៉ង់ តែក្រោយមកលោកផ្ទាល់បានសម្រេចចិត្តលុបចោលបទបញ្ជានេះវិញ ក្រោយរុស្ស៉ីក្រសោបយកឧបទ្វីបគ្រីមៀ ពីអ៊ុយក្រែន។ ដូចគ្នាដែរ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យដកកងទ័ពអាមេរិក ១២,០០០នាក់ចេញពីអាល្លឺម៉ង់សាជាថ្មី ប៉ុន្តែបទបញ្ជានេះត្រូវបានលោក ចូ បៃដិន លុបចោល បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។
បើតាមលោក David Vine នៅលើ ពិភពលោក មាន ប្រទេស ចំនួន ១១ ប៉ុណ្ណោះដែលមានមូលដ្ឋានទ័ព របស់ខ្លួននៅបរទេស ហើយបើបូកបញ្ចូលគ្នាទៅប្រទេសទាំងអស់នេះ មានមូលដ្ឋានទ័ពនៅក្រៅបរទេស ប្រមាណ ៧០ ទីតាំងប៉ុណ្ណោះ ។ សហរដ្ឋអាមេរិកដែលជាមហាអំណាចយោធាលេខ១ នៅលើពិភពលោក និងដែលមានកញ្ចប់ថវិកាយោធាជាង ៧០០ពាន់លានដុល្លារក្នុងមួយឆ្នាំ បានចំណាយប្រាក់ជាង ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ លើមូលដ្ឋានទ័ពក្រៅប្រទេស។
សារធារណៈមតិអាមេរិក តែងតែរិះគន់ចំពោះគោលនយោបាយបញ្ជូនកងទ័ព និងការបន្តរក្សាមូលដ្ឋានទ័ពច្រើនហួសហេតុ នៅក្រៅប្រទេស ដោយសារតែពួកគេយល់ថាធ្វើឱ្យសហរដ្ឋអាមេរិកត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ ចេញទៅក្រៅប្រទេស ហើយចុងបញ្ចប់ប្រាក់ទាំងនោះ ត្រូវយកចេញពីហោរប៉ាវរបស់ប្រជាជនអាមេរិកដែលជាអ្នកបង់ពន្ធ។
សម្រាប់ក្រុមអ្នកប្រឆាំងសង្រ្គាម មូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីប្រទេសដទៃ គឺជាផ្នែកមួយនៃអសន្តិសុខពិភពលោក, ជាយុទ្ធសាស្ត្រហួសសម័យ និង ដើម្បីរក្សាតំណែងជាមហាអំណាចយោធាលេខ១ផុតលេខតែប៉ុណ្ណោះ ហើយនេះគឺជាពាក្យដែលមនស្សទូទៅតែងតែស្ដាប់ឭ។ យ៉ាងណាក៏ដោយ បើតាម ក្រុមអ្នកជំនាញ ក្នុងការរក្សាឥទ្ធិពលរបស់ខ្លួននៅជុំវិញពិភពលោក សហរដ្ឋអាមេរិកមានហេតុផលសំខាន់២ នោះគឺ «កំញើញសត្រូវ និងធានាចំពោះសម្ព័ន្ធមិត្ត»។
តាមរយៈការលើកឡើងពីប្រវត្តិសាស្ត្រក្នុងសម័យសង្រ្គាមត្រូជាក់។ លោក ថូម៉ាស់ បានលើកឡើងថា ប៉ុស្តិ៍យោធាអាមេរិកចំនួន ៧០០០ទីតាំង នៅក្នុងទីក្រុងបែរឡាំងខាងលិច អាចការពារទីក្រុងមួយនេះកំឡុងសម័យសង្រ្គាមត្រជាក់ តាមរយៈការបញ្ជូនសារកំញើញទៅកាន់សហភាពសូវៀតផង និងសារប្ដេជ្ញាចិត្ត ទៅកាន់សម្ព័ន្ធមិត្ត NATO របស់ខ្លួនផង។ មកទល់នឹងបច្ចុប្បន្ន យុទ្ធសាស្ត្របែបនេះនៅតែមានប្រសិទ្ធភាពខ្លះដែរ ដ្បិតនយោបាយការបរទេសអាមេរិក នៅតែពឹងផ្អែកលើ «ប្រព័ន្ធសម្ព័ន្ធមិត្ត»។
ការសិក្សាស្រាវជ្រាវជាច្រើនក៏បានរកឃើញដែរថាការដាក់មូលដ្ឋានទ័ព នៅក្រៅប្រទេស នៅតែជាជម្រើសល្អក្នុង «ការកំញើញសត្រូវ និងធានាចំពោះសម្ព័ន្ធមិត្ត»។
តែទោះជាបែបនេះ សង្រ្គាមនៅអ៊ុយក្រែនកំពុងជំរុញឱ្យអ្នករៀបចំ គោលនយោបាយអាមេរិកខ្លះចាប់ផ្ដើមលើកឡើងពីការសង្ស័យពីប្រសិទ្ធភាពនៃការកំញើញសត្រូវរបស់សហរដ្ឋអាមេរិក។ ពីព្រោះថាទោះបីជារុស្ស៉ីមិនបាន វាយប្រហារលើសមាជិក NATO ណាមួយក៏ពិតមែន តែលោក ពូទីន នៅតែអាចធ្វើសង្រ្គាមនៅអ៊ុយក្រែនបាន ទោះបីជាអាមេរិកមានមូលដា្ឋនទ័ព នៅពាសពេញអឺរ៉ុបក៏ដោយ។
តួយ៉ាង លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ចំៗថាសម្ពិន្ធមិត្តអាមេរិក រួមទាំង NATO មិនបានបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួន នោះទេ ដោយដេកចាំតែពឹងតែលើអាមេរិក ហើយដល់ថ្នាក់លោក ត្រាំ និយាយថា «សម្ព័ន្ធមិត្តរបស់ពួកយើងបានទាញយកប្រយោជន៍ពីពួកយើង ច្រើនជាង សត្រូវរបស់ពួកយើងទៅទៀត»។ បានន័យថា វត្តមានយោធាអាមេរិកនឹងធ្វើឱ្យសម្ព័ន្ធមិត្តកាន់តែពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីទទួលបានការធានាសន្តិសុខជាចាំបាច់ ជាជាងអភិវឌ្ឍសមត្ថភាពការពារជាតិខ្លួនឯង ហើយកាលណាបើពឹងផ្អែកលើអាមេរិករឹតតែខ្លាំង នោះពួកគេក៏ត្រូវផ្ដល់សម្បទានកាន់តែ ច្រើនតាមដែលអាមេរិកត្រូវការផងដែរ។
ក៏ប៉ុន្តែ ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិន ការរីកចម្រើននៃអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងសង្រ្គាមនៅអ៊ុយក្រែន អ្នកជំនាញជាច្រើនចាប់ផ្ដើមយល់ថាសហរដ្ឋអាមេរិកបានបើកដៃបន្តិចម្ដងៗឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនអាចអភិវឌ្ឍសមត្ថភាពការពារខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះជាឧទាហរណ៍ដូចជា ការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី នៅក្រោមសម្ព័ន្ធភាពសន្តិសុខ AUKUS ជាដើម។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនថា «America is back» បន្ទាប់ពីអាមេរិកដើរតាម នយោបាយការបរទេស «America First» អស់រយៈពេល ៤ឆ្នាំ នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ត្រាំ។ ដោយសារសង្រ្គាមនៅអ៊ុយក្រែន ច្បាស់ណាស់ប្រទេសក្នុងតំបន់អឺរ៉ុប ជាពិសេសគឺ អឺរ៉ុបខាងកើត នឹងកាន់តែគាំទ្រវត្តមានមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីរបស់ពួកគេ ដើម្បីកំញើញរុស្ស៉ី។ ក្នុងចំនុចនេះអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា តើហេតុអ្វី បានជាអាមេរិកភ័យខ្លាចជាមួយនឹងការសាងសង់មូលដ្ឋានទ័ពនៅក្នុងប្រទេសដទៃ ឬក៏អាមេរិកខ្លួនឯង ឬខ្លាចត្រូវជាដណ្ដើមអំណាច តើនេះឬជានយោបាយប្រជាធិបតេយ្យរបស់អាមេរិក៕
អ្នកនិពន្ធ៖ Chim Ratha